COVID-19
អន្តរជាតិ
លោក ត្រាំ ខឹង​មិន​ចង់​និយាយរ​កលោក ស៊ី ហើយ​គំរាម​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ចិន​
15, May 2020 , 7:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនភីង (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនភីង (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៤ ខែឧសភា បានបង្ហាញ​សញ្ញា​នៃ​ការធ្លាក់ចុះ​កាន់តែខ្លាំង​នៃ​ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​ជុំវិញ​បញ្ហា​ជំងឺ​រាតត្បាត​សកល COVID-19 ។ មេដឹកនាំ​អាមេរិក​រូបនេះ អះអាងថា លែង​ចង់​និយាយ​រក​ប្រធានាធិបតី ស៊ី ជិន​ភីង ហើយ​អាច​ផ្ដាច់ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន​ថែមទៀត​។

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox Business នៅ​ថ្ងៃទី​១៤ ខែឧសភា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ជាក់ថា លោក​ពិតជា​សោកស្ដាយ​ចំពោះ​បរាជ័យ​របស់​ចិន​ក្នុងការ​ទប់ស្កាត់​ជំងឺ COVID-19 និង​បណ្ដែតបណ្ដោយ​ឲ្យ​ជំងឺ​នេះ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខែមករា​របស់លោក​ជាមួយ​ក្រុង​ប៉េកាំង​។ កន្លងទៅ លោក​បាន​សាទរ​កិច្ចព្រមព្រៀង​នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​។ 
 
«​ពួកគេ​ពុំគួរ​បណ្ដែតបណ្ដោយ​ឲ្យ​រឿងនេះ​កើតឡើង​បាន​សោះ​»​។ លោក ត្រាំ លើកឡើង​បែបនេះ​ក្នុង​បំណង​ស្តីបន្ទោស​ឲ្យ​ចិន​រឿង​បរាជ័យ​ទប់ស្កាត់​COVID-19 ។ ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ បន្ត​បង្វែរ​មុខព្រួញ​ទៅ​លោក ស៊ី ជិន​ភីង ដែល​កន្លងទៅ​លោក​ធ្លាប់​ប្រកាស​ក្តែ​ងៗ​ថា​មាន​ទំនង​ទំនង​ល្អជា​មួយ ដោយនិយាយ​ដូច្នេះ​ថា​៖«​ឥឡូវនេះ ខ្ញុំ​មិន​ចង់​និយាយ​រក​គាត់ (​លោក ស៊ី ជិន​ភីង​)»​។​
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Scott Kennedy ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​ប្រចាំ​ក្រុង វ៉ាស៊ីនតោន បានចាត់ទុក​សម្តី​រប​ស់លោក​ត្រាំ​ថា «​ក្លាហាន​តែ​ប្រកបដោយ​គ្រោះថ្នាក់​»​។ លោក​លើកឡើង​បន្ថែម​ដូច្នេះ​ថា​៖«​ការផ្អាក​ការប្រាស្រ័យ​ទាក់ទង​គ្នា ពុំមែន​ជា​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​វិបត្តិ ដែល​ទាមទារ​កិច្ចសហប្រតិបត្តិការ​ស​កល​ឡើយ​។ ហើយ​ការ​កាត់ផ្ដាច់​ទំនាក់ទំនង​សេដ្ឋកិច្ច នឹង​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាមេរិក​»​។​
 
​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ក្រុង​ប៉េកាំង សន្យា​ទិញ​ទំនិញ​និង​សេវាកម្ម​អាមេរិក​យ៉ាងតិច​២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ក្នុងពេល​២​ឆ្នាំ​ខាងមុខ ខណៈ​ក្រុង​វ៉ាស៊ីនតោន​យល់ព្រម​ដកហូត​ពន្ធ​លើ​ទំនិញ​ចិន​ក្នុងដំណាក់កាល​។ 
 
​នៅ​ថ្ងៃទី​១៤ ខែឧសភា ចិន បានប្រកាស​ទិញ​ប្រេង​សណ្ដែកសៀង​ជា​លើកដំបូង​ក្នុងពេល​ជិត​២​ឆ្នាំ​ចុងក្រោយ និង​ជូនដំណឹង​ផ្នែក​ពន្ធដារ​ដោយ​អនុញ្ញាត​ការនាំ​ចូល​ទំនិញ​ខ្លះ​ពី​សហរដ្ឋអាមេរិក​។ បើតាម Reuters សមាជិក​ក្រុម​ប្រតិបត្តិ​ម្នាក់​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម​រដ្ឋ​ចិន COFCO បញ្ជាក់ថា ចិន គ្រោង​ព​ន្លឿ​ន​ការបញ្ជាទិញ​ទំនិញ​កសិកម្ម​សហរដ្ឋ​អាមេរិក ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ដំណាល់​កាល​ទី​១​។​
 
​ជារឿយៗ លោក ត្រាំ បាន​ចោទ​ក្រុង​ប៉េកាំង​ថា បរាជ័យ​ក្នុងការ​ប្រកាសអាសន្ន​ប្រាប់​ពិភពលោក​ពី​ភាព​ធ្ងន់ធ្ងរ​និង​វិសាលភាព​នៃ​ការរីក​រាលដាល COVID-19 ដែល​បង្ក​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ដាំ​ក្បាល​ចុះ និង​គំរាមកំហែង​ដល់​ឱកាស​ជាប់ឆ្នោត​ជាថ្មី​របស់លោក​នា​ខែវិច្ឆិកា​ខាងមុខ​។ សហរដ្ឋអាមេរិក​រង​គ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ ដែល​សម្លាប់​ពលរដ្ឋ​អាមេរិក​ជិត​៨,៧​ម៉ឺន​នាក់ និង​ឆ្លង​ជាង​១,៤៥​លាន​នាក់​ហើយ​។ 
 
​បន្ថែម​ពីនេះ ការបិទ​ប្រទេស​ព្រោះ COVID-19 បំផ្លាញ​ការងារ ២០,៥ លាន​កន្លែង​ក្នុង​សហរដ្ឋអាមេរិក​ក្នុង​ខែមេសា​។ ការដាំ​ក្បាល​ចុះ​យ៉ាងគំហុក​នេះ បណ្ដាល​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ឡើងដល់ ១៤,៧​ភាគរយ ពោលគឺ​លើស​ចំណុច​ខ្ពស់បំផុត​ក្នុង​ចុងឆ្នាំ​២០០៩ អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​សកល​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  COVID-19
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com