ជាតិ
១៤​ថ្ងៃ សមត្ថកិច្ច​ផាកពិន័យ​យានយន្ត​ជាង​២​ម៉ឺន​គ្រឿង ខណៈ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៦៨​លើក
15, May 2020 , 10:19 pm        
រូបភាព
សម្ដេច ស ខេង ផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាន នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
សម្ដេច ស ខេង ផ្ដល់បទសម្ភាសន៍ដល់ក្រុមសារព័ត៌មាន នៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
​ភ្នំពេញ​៖ ការ​រឹតបន្តឹង​ចរាចរណ៍​ផ្លូវគោក​រយៈពេល​១៤​ថ្ងៃ​មកនេះ សមត្ថកិច្ច បាន​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ២២,៣៨១​គ្រឿង ក្នុងនោះ​ម៉ូតូ ១៦,៥៧៩​គ្រឿង និង​រថយន្ត ៥,៨០២​គ្រឿង​។​ការ​រឹតបន្តឹង​ចរាចរណ៍​នេះ បានធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៦៨​លើក ខណៈ​អ្នករងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​៩១​នាក់ និង​អ្នកស្លាប់​ថយចុះ​២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។


​សម្ដេច ស ខេង មើលឃើញថា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​មានការ​រឹតបន្តឹង​ចរាចរណ៍​រយៈពេល​២​សប្ដាហ៍​មកនេះ ។ សម្ដេច ស ខេង បាន​វាយតម្លៃថា ប្រជាពលរដ្ឋ​ពិតជា​មានការ​យល់ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែច្រើន​។ រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៥ ឧសភា ដូច្នេះ​៖«​អរគុណ​ដល់​ចំពោះ​អ្នក​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​សមត្ថកិច្ច​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​»​។​
 
​សម្ដេច ស ខេង បាន​អះអាងថា ការអនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ពេលនេះ មិនមែនជា​ការដាក់បន្ទុក​លើ​ពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ ប៉ុន្តែ​វា​ជាការ​ការពារ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ពលរដ្ឋ​ប៉ុណ្ណោះ​។ 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com