ជាតិ
សង្គមជាតិ
លោក ស៊ុត ឌីណា អតីតទូតខ្មែរនៅកូរ៉េខាងត្បូង ទទួលបានការលើកលែងទោស ក្រោយជាប់ពន្ធនាគារជាង៤ឆ្នាំ
15, May 2020 , 8:53 pm        
រូបភាព
លោក ស៊ុត ឌីណា នៅពេល​បញ្ជូន​ទៅ​សាលា​ដំបូងរាជ​ធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ (រូបពីក្រុម SBN)
លោក ស៊ុត ឌីណា នៅពេល​បញ្ជូន​ទៅ​សាលា​ដំបូងរាជ​ធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ (រូបពីក្រុម SBN)
លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ប្រោសព្រះរាជទានលើកលែងទោស តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី។ លោក រងការចោទប្រកាន់ពីបទរំលោភអំណាច និងបទប្រើតួនាទីកេងយកផលប្រយោជន៍ខុសច្បាប់។



កាលនោះ លោក ស៊ុត ឌីណា ដែលកំពុងស្ថិតក្នុងតំណែងជាឯកអគ្គរាជទូត ត្រូវបានកោះហៅពីកូរ៉េខាងត្បូង ឲ្យមកកម្ពុជា ហើយចូលទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងត្រូវបានបញ្ជូនទៅតុលាការ។ បន្ទាប់មក តុលាការ ក៏ផ្តន្ទាទោសលោក ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ និងត្រូវបង់ប្រាក់១០លានរៀល ចូលទៅរដ្ឋ។ លោក ជាប់ឃុំតាំងពីអំឡុងខែមេសា ឆ្នាំ២០១៦មក។

គិតមកដល់ពនេះ លោក ជាប់ឃុំអស់រយៈពេលជាង៤ឆ្នាំហើយ។ បើគ្មានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រទេ លោក ត្រូវជាប់ឃុំយ៉ាងតិចប្រមាណ១០ខែទៀត ទើបគ្រប់រយៈពេល៥ឆ្នាំ។

កាលពីពេលរងការចោទប្រកាន់ភ្លាមៗ ក្នុងអំឡុងខែមេសា ឆ្នាំ២០១៦ អតីតទូតខ្មែររូបនេះ ក៏បានបដិសេធដែរ ហើយលោក អះអាងថា ទទួលភាពអយុត្តិធម៌ ដោយសារការមួលបង្កាច់ និងបង្ខូចកេរ្ត៍ឈ្មោះ ពីមនុស្សមួយចំនួន ក្នុងគណបក្សប្រជាជន។ លោក ក៏បានសុំកិច្ចអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តីផងដែរនាពេលនោះ។

យ៉ាងណា ស្ថាប័នមានសមត្ថកិច្ច បានប្រកាសពីការរកឃើញថា លោក ស៊ុត ឌីណា មានប្រាក់ជាង៧លានដុល្លារ និងមានមាសជាង៣រយតម្លឹង ក្រោយធ្វើជាទូតខ្មែរបានប្រមាណ៣ឆ្នាំ៕

Tag:
 ស៊ុត ឌីណា
© រក្សាសិទ្ធិដោយ thmeythmey.com