COVID-19
អន្តរជាតិ
COVID-19៖ ថៃ នឹង​បើក​ផ្សារ​ទំនើប​ឡើងវិញ ហើយ​បន្ថយ​រយៈពេល​បម្រាម​គោចរ​
16, May 2020 , 10:32 am        
រូបភាព
ទិដ្ឋភាពខាងក្នុងផ្សារ  Iconsiam mall។ រូបភាព៖ Pattarapong Chatpattarasill
ទិដ្ឋភាពខាងក្នុងផ្សារ Iconsiam mall។ រូបភាព៖ Pattarapong Chatpattarasill
​ថៃ នឹង​បើក​ផ្សារ​ទំនើប ភោជនីយដ្ឋាន​ក្នុង​ផ្សារ​ទំនើប និង​សកម្មភាព​មួយចំនួន​ឡើងវិញ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៧ ខែឧសភា​ខាងមុខ​។ ការអនុញ្ញាត​លើ​សកម្មភាព​សេដ្ឋកិច្ច​បន្ថែមទៀត​នេះ ធ្វើឡើង​បន្ទាប់ពី​ករណី​ឆ្លង​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

 
​ករណី​ឆ្លង COVID-19 នៅ​ថៃ ត្រូវ​មើលឃើញថា ធូរស្រាល​ខ្លាំង​។ នា​ថ្ងៃទី​១៣ ខែឧសភា ថៃ​បាន​រាយការណ៍​ថា​មិនបាន​រកឃើញ COVID-19 ជា​លើកដំបូង ចាប់តាំងពី​ដើមខែ​មីនា​មក​។ នៅ​ថ្ងៃ​បន្ទាប់ ថៃ​មាន​ករណី​ឆ្លង COVID-19 ក្នុងស្រុក​តែ ១​ករណី​ប៉ុណ្ណោះ​។ ចំណែក​នៅ​ថ្ងៃទី​១៥ ខែឧសភា ថៃ​បានប្រកាស​រកឃើញ COVID-19 ចំនួន ៧​ករណី ដែលជា​ករណី​នាំចូល​ពី​បរទេស និង​ស្ថិតនៅក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​។ 
 
​ដោយ​មើលឃើញ​ស្ថានភាព​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​ប្រទេស​មាន​ភាព​ធូរស្រាល​ជាមុន ថៃ​សម្រេច​បន្ធូរបន្ថយ​សក​ម្ម​ភាព​សេដ្ឋកិច្ច​មួយចំនួន​បន្ថែ​ម​ទៀត បន្ទាប់ពី​អនុញ្ញាត​ឲ្យ​ដំណើរការ​សកម្មភាព​មួយចំនួន​។ តាម​ការប្រកាស​របស់​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​COVID-19 ថៃ (CCSA) លោក Taweesilp Visanuyothin ហាង​លក់ទំនិញ ផ្សារ​ទំនើប ភោជនីយដ្ឋាន​ក្នុង​ផ្សារ​ទំនើប នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា​ទៅ​។ 
 
​ជាមួយគ្នានេះ រដ្ឋាភិបាល​ថៃ ក៏បាន​អនុញ្ញាត​ឲ្យ មជ្ឈមណ្ឌល​សន្និបាត ផ្សា​របោះ​ដុំ កន្លែង​ហែល​ទឹក កន្លែង​ហាត់ប្រាណ​មួយផ្នែក បើក​ឡើងវិញ នៅក្នុង​ថ្ងៃ​ដដែល​នេះដែរ​។ ចំណែក​បម្រាម​គោចរ​នៅពេល​យប់​វិញ ថៃ​បាន​បន្ថយ​រយៈពេល​១​ម៉ោង ពោលគឺ​ត្រូវ​ចាប់​អនុវត្ត​ពី​ម៉ោង ១១​យប់ មកដល់​ម៉ោង ៤​ព្រឹក​វិញ​។ ប​ម្រោម​គោចរ​ចាស់ គឺធ្វើឡើង​ចាប់ពី​ម៉ោង​១០​យប់ ដល់​ម៉ោង ៤​ព្រឹក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post​។ 
 
​យ៉ាងណាក៏ដោយ សកម្មភាព​មួយចំនួន នៅតែ​បន្ត​បិទ​ដដែល​ដូចជា​រោងភាពយន្ត ឧទ្យាន​សម្រាប់​កម្សាន្ត កីឡាដ្ឋាន​ប្រដាល់ កន្លែង​ហ្វឹកហាត់​កីឡា​ជាដើម​។ ចំណែក​ការហោះហើរ​មកពី​បរទេស និង​ស្រា​បៀ ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ថៃ ធ្លាប់បាន​បន្ធូរបន្ថយ​សកម្មភាព​មួយចំនួន​រួចមកហើយ​ក្នុងនោះ​មានដូចជា ផ្សារ​, កន្លែង​ញាំ​អាហារ​, កន្លែង​លក់រាយ​, សកម្មភាព​កីឡា និង​កម្សាន្ត​ខ្លះ​, ហាង​អ៊ុតសក់ កាត់សក់ កន្លែង​កាត់​រោមសត្វ និង​ជំនួញ​មួយចំនួន​។ គិត​មក​ត្រឹម​ថ្ងៃទី​១៥ ខែឧសភា ថៃ​មាន​ករណី​COVID-19 សរុប​ចំនួន ៣០២៥​ករណី អ្នកស្លាប់​ចំនួន ៥៦​នាក់ និង​ជាសះស្បើយ​មាន​ចំនួន ២៨៥៤​នាក់​៕ 
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com