COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលលាលែងពីតំណែង ព្រោះមិនត្រូវគ្នាជាមួយប្រធានាធិបតីរឿង COVID-19 លោក Nelson Teich លាលែងពីតំណែងរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល។ រូបភាព Xinhua
× រដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីល Nelson Teich បានលាលែងពីតំណែងរបស់ខ្លួន បន្ទាប់ពីកាន់តំណែងនេះមិនទាន់បានមួយខែស្រួលបួលផងនោះ។ ដូចរដ្ឋមន្ត្រីមុនដែរ លោក Teich មានជំហរមិនត្រូវគ្នាជាមួយប្រធានាធិបតី ជែ បុលសូណារ៉ូ (Jair Bolsnaro) ឡើយពាក់ព័ន្ធការឆ្លើយតបជំងឺ COVID-19 ដែលកំពុងអុកឡុកប្រេស៊ីល។
ក្រសួងសុខាភិបាលប្រេស៊ីលប្រកាសនៅថ្ងៃទី១៥ ខែឧសភាថា លោក Nelson Teich បានប្រគល់លិខិតលាលែងពីតំណែងរដ្ឋមន្ត្រីសុខាភិបាលទៅឲ្យប្រធានាធិបតី ជែ បុលសូណារ៉ូ នៅជំនួបនៅវិមានPlanalto Palace ។ លោក Teich ចូលកាន់តំណែងរដ្ឋមន្ត្រីនេះនៅថ្ងៃទី១៧ ខែមេសាកន្លងទៅ ដោយជំនួសលោក Luiz Henrique Mandetta ដែលត្រូវលោក បុលសូណារ៉ូ ដកតំណែង។
ក្រសួងសុខាភិបាលមិនបញ្ជាក់មូលហេតុនៃការលាលែងនេះឡើយ។ ប៉ុន្តែគេដឹងថា ដូចលោក Mandetta ដែរ លោក Teich ដែលជាអ្នកជំនាញវះកាត់សាច់ដុំមហារីក ប្រកាន់ជំហរខុសគ្នានឹងលោក បុលសូណារ៉ូ លើការដោះស្រាយជំងឺ COVID-19 ។ មន្ត្រីក្រសួងសុខាភិបាលប្រេស៊ីលម្នាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោក បុលសូណារ៉ូ និងលោក Teich មានជំហរមិនស្របគ្នាលើវិធានការដែលត្រូវអនុវត្ត។
កាលពីសប្ដាហ៍មុន លោក Teich បង្ហាញការភ្ញាក់ផ្អើលពេលដែលលោក បុលសូណារ៉ូ ចេញក្រឹត្យមួយដោយប្រកាសបញ្ចូលហាងសាឡន និងកន្លែងហាត់ប្រាណទៅក្នុងសេវាកម្មសំខាន់ ដែលមិនអាចបិទទ្វារបាន។ លោក បុលសូណារ៉ូ មិនបានជជែកជាមួយលោក Teich ជាមុនឡើយ។ បញ្ហាមួយទៀតរវាងលោក Teich និងមេកើយរបស់ខ្លួន គឺការប្រើប្រាស់ថ្នាំ chloroquine ។ ថ្នាំនេះ មិនមែនជាថ្នាំផ្លូវការឡើយ ហើយអ្នកជំនាញក៏ព្រមានពីប្រសិទ្ធភាពថ្នាំផងដែរ។
ទោះជាយ៉ាងណា លោក Teich មិនបាននិយាយអ្វីច្រើនឡើយពីការលាលែងនេះ។ ក្នុងសន្និសីទសារព័ត៌មានចុងក្រោយនៅថ្ងៃទី១៥ ខែឧសភា លោកបានអរគុណប្រធានាធិបតីប្រេស៊ីល និងនិយាយថា វាមិនមែនជារឿងងាយស្រួលឡើយក្នុងការគ្រប់គ្រងក្រសួងសុខាភិបាលក្នុងស្ថានភាពបែបនេះ។
អស់រដ្ឋមន្ត្រីសុខាភិបាលដល់ទៅពីរនាក់ លោក បុលសូណារ៉ូ ហាក់មិនទាន់អើពើនឹងការផ្ដល់យោបល់របស់មន្ត្រីជំនាញនៅឡើយទេ។ កន្លងទៅ លោកចាត់ទុក COVID-19 ជាផ្ដាសាយធម្មតាប៉ុណ្ណោះ ហើយវិធានការបិទប្រទេសដើម្បីទប់ស្កាត់ការរាលដាល នឹងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយប្រជាជនអស់ការងារធ្វើទៀតផង។
គិតត្រឹមពេលនេះ ប្រេស៊ីលមានករណីឆ្លង COVID-19 ច្រើនជាងពីរសែនករណី ហើយស្លាប់ច្រើនជាង១៤០០០នាក់៕
Tag:
ប្រេស៊ីល
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com