​ស៊ឹម ប៊ុន​ស្រន់ ប្តូរ​អាជីព​កីឡាករ​គុន​ចម្រុះ ទៅជា​អ្នកលក់​កូនឈើ​ប្រណិត​នៅ​ខេត្តកំពង់ចាម​
កីឡាជាតិ
ជាតិ
​ស៊ឹម ប៊ុន​ស្រន់ ប្តូរ​អាជីព​កីឡាករ​គុន​ចម្រុះ ទៅជា​អ្នកលក់​កូនឈើ​ប្រណិត​នៅ​ខេត្តកំពង់ចាម​
17, May 2020 , 8:59 am        
រូបភាព
កីឡាករ ស៊ឹម ប៊ុនស្រន់ និងកសិដ្ឋានបណ្តុះ និងលក់កូនឈើប្រណិតរបស់ខ្លួននៅខេត្តកំពុងចាម, រូបភាពពីកសិដ្ឋានអភិវឌ្ឍន៍កសិកម្ម
កីឡាករ ស៊ឹម ប៊ុនស្រន់ និងកសិដ្ឋានបណ្តុះ និងលក់កូនឈើប្រណិតរបស់ខ្លួននៅខេត្តកំពុងចាម, រូបភាពពីកសិដ្ឋានអភិវឌ្ឍន៍កសិកម្ម
​អ្នកលេង​គុន​ចម្រុះ ស៊ឹម ប៊ុន​ស្រន់ បាន​បោះបង់​អាជីព​ប្រដាល់​គុន​ចម្រុះ ទៅ​ចាប់យក​អាជីព​បណ្តុះ និង​លក់​កូនឈើ​ប្រណិត​។ អតីត​អ្នក​ប្រដាល់ ដែល​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​បៃតង អះអាងថា របរ​លក់​កូនឈើ​អាច​រកចំណូលបាន​ច្រើនជាង​ការឡើង​សង្វៀន​ប្រដាល់ ហើយ​ជា​មុខរបរ​ដែល​ខ្លួន​ស្រលាញ់​។ កសិដ្ឋាន​ដែលមាន​ឈ្មោះថា​«​អភិវឌ្ឍន៍​កសិកម្ម​»​លាតសន្ធឹង​លើ​ផ្ទៃ​ជិត​២​ហិកតា ស្ថិតនៅ​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម ប៊ុន​ស្រន់ កំពុង​កាក់កប​ជាមួយ​មុខរបរ​នេះ​។

 
 
​ក្រោយ​តស៊ូ​ប្រឡូក​ក្នុង​វិស័យ​កីឡា​អស់​រយៈពេល​ជាង​៦​ឆ្នាំ ស៊ឹម ប៊ុន​ស្រន់ បានបញ្ចប់​អាជីព​ជា​កីឡាករ​គុន​ចម្រុះ​ទៅ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​។ ក្រោយ​បើក​ដំណើរការបាន​ជាង​១​ឆ្នាំ ប៊ុន​ស្រន់ អះអាងថា កសិដ្ឋាន​អភិវឌ្ឍន៍​កសិកម្ម​ដែលមាន​បណ្តុះ និង​លក់​កូនឈើ​ប្រណិត​របស់​ខ្លួន បាន​ដំណើរការ​យ៉ាង​រលូន និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​។ 
 
​ក្រៅពី​កូនឈើ​ប្រណិត​រួមមាន​ឈើ​ក្រញូង​ហៃ​ណាន បេង និង​ធ្នង់​ដែល​យក​មកពី​ប្រទេស​ចិន កសិដ្ឋាន​មាន​ទំហំ​ផ្ទៃដី​ជិត​ពីរ​ហិកតា​ស្ថិត​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​មួយ​នេះ ក៏មាន​លក់​កូនឈើ​ហូប​ផ្លែ និង​កូនឈើ​ដាំ​លម្អរ​ផ្ទះ​ជាច្រើន​ទៀតផង​ដែរ​។ ប៊ុន​ស្រន់ មាន​គម្រោង​បណ្តុះ និង​បង្កាត់កូន​ប្រណិត​ដោយ​ខ្លួនឯង ក្នុង​គោលបំណង​បង្កើន​ប្រាក់ចំណូល និង​ចង់​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។ 


 
​ស្ថិតក្នុង​វ័យ​២៨​ឆ្នាំ ប៊ុន​ស្រន់ អះអាងថា ខ្លួន​ហាក់​ទទួលបាន​ជោគជ័យ​គួរសម​លើ​មុខរបរ​បើក​កសិដ្ឋាន​ល​ក់កូន​ឈើ​នេះ​។ នៅ​ឆ្នាំក្រោយ រូបគេ មាន​គម្រោង​ពង្រីក​សាខា​ទៅកាន់​ខេត្តសៀមរាប ដែលមាន​ផ្ទៃដី​ទំហំ​ជិត​៨​ហិកតា​។ ប៉ុន្តែ​គម្រោង​នេះ កំពុងស្ថិត​ក្នុងការ​ពិចារណា​នៅឡើយ​។ 
 
​កូន​អ្នក​កំពង់ចាម​រូបនេះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​រូបគេ​សម្រេច​បញ្ចប់​អាជីព​ជា​អ្នក​ប្រដាល់ មក​ចាប់​អាជីព​ជា​អ្នកលក់​កូនឈើ ដោយសារ​វិស័យ​កីឡាប្រដាល់​គុន​ចម្រុះ​នៅ​កម្ពុជា​ពុំ​សូវ​មាន​ទីផ្សារ​។ ម្យ៉ាងទៀត អាជីវកម្ម​បើក​កសិដ្ឋាន​លក់​កូនឈើ​អាច​រកចំណូលបាន​ច្រើនជាង​ប្រដាល់ ហើយ​វា​ជា​មុខរបរ ដែល​ខ្លួន​ស្រលាញ់​។ ប៉ុន្តែ រូបគេ មិនបាន​ប្រាប់​លម្អិត​ពី​ប្រាក់ចំណូល ដែល​ទទួលបាន​ប្រចាំខែ​ឡើយ​។  
 
«​ដំបូង​ខ្ញុំ​ស្រលាញ់​វិស័យ​កីឡាប្រដាល់​ខ្លាំងណាស់ ហើយ​ខ្ញុំ​ចង់​ឲ្យ​គេ​ស្គា​ល់ពី​គុន​ខ្មែរ​។ ប៉ុន្តែ​យើង​តស៊ូ​យ៉ាងម៉េច​ក៏​មិន​ទៅមុខ​ដែរ បើ​យើង​ចង់​ទៅមុខ​ទាល់តែ​យើង​រឹងមាំ​ចេញពី​ខ្លួនឯង បើ​យើង​នៅតែ​ឡើង​វ៉ៃ​ប្រដាល់​ទៀត មានន័យថា​យើង​នៅ​ពឹង​លើ​ដង្ហើម​គេ​រស់ ព្រោះ​ទាល់តែ​គេ​ដាក់ឈ្មោះ​ឲ្យ​វ៉ៃ​ទើប​យើង​បាន​លុយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ឹម ប៊ុន​ស្រន់ ដែល​បាន​ពន្យល់ថា ទីផ្សារ​វិស័យ​កីឡាប្រដាល់​គុន​ចម្រុះ​នៅ​កម្ពុជា​ពឹងផ្អែក​ទាំង​ស្រុកលើ​ទីផ្សារ​បរទេស​។ 


 
«​វ៉ៃ​ម្តង​យើង​ទទួលបាន​៣​ទៅ​៤​ពាន់​ដុល្លារ​ដែរ តែ​១​ឆ្នាំ​វ៉ៃ​បានតែ​មួយដង​ទៅ​ពីរដង សួរ​យើង​ថា​ចាយ​គ្រាន់​អត់​? ទាល់តែ​អ៊ីចឹង​យើង​ត្រូវ​រក​ធ្វើ​អ្វីដែល​បាន​ចំណូល​ច្រើនជាង​នេះ ដូច្នេះ​ខ្ញុំ​គិតថា មានតែ​វិស័យ​កសិកម្ម​នឹង​ហើយ ព្រោះ​វា​ជាការ​ងារ​ដែល​យើង​ស្រលាញ់​ផង ចូលចិត្ត​ផង ហើយ​ធ្វើ​វា​យើង​សប្បាយចិត្ត និង​អាច​រកចំណូលបាន​ច្រើនជាង​ប្រដាល់​»​។ នេះ​ជាការ​បន្ថែម​របស់ ប៊ុន​ស្រន់​។ 
 
​ការចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​បៃតង​ក៏​ជា​មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​លោក ប៊ុន​ស្រន់ ចាប់យក​អាជីព​លក់​កូនឈើ​ប្រណិត​នេះដែរ​។ ក្រៅពី​លក់ រូបគេ មាន​គម្រោង​ដាំ​ឈើ​ក្រញូង​ខ្លួនឯង​ឲ្យ​បាន​១​ម៉ឺន​ដើម​ទៅ​ថ្ងៃ​អនាគត​។ បុរស​វ័យ​២៨​ឆ្នាំ​រូបនេះ​ពន្យល់​លក្ខណៈ​អ្នកជំនួញ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា អាយុកាល​វា​(​ដើមឈើ​ក្រញូង​)១០​ឆ្នាំ ឬ​១៥​ឆ្នាំក្រោយ ខ្ញុំ​វាយតម្លៃថា មួយ​ដើម​១០០​ដុល្លារ​ក៏បាន​ដែរ​។ មួយ​ដើម​១០០​ដុល្លារ ចុះបើ​១​ម៉ឹ​ន​ដើម​វា​មិន​មួយ​លាន​ដុល្លារ​រក​ឯណា​បាន​។ ម្យ៉ាង​ការដាំ​កូនឈើ​វា​ជួយ​ដល់​បរិស្ថាន ជួយ​រក្សា​កម្តៅ​ភពផែនដី និង​អភិរក្ស​ព្រៃឈើ​ឡើងវិញ​»​។     
 
​សម្រាប់​តម្លៃ​កូនឈើ​ប្រណិត​មួយ​ដើម​លក់​ចេញ​ចន្លោះ​ពី​១,៦០០​រៀង​ទៅ​២០០០​រៀល ឬ​ចន្លោះ​ពី​២០០០​រៀល​ទៅ​២៥,០០​រៀល​ទៅតាម​កម្ពស់ និង​អាយុ​របស់​ដើមឈើ​។ លោក ប៊ុន​ស្រន់ អះអាងថា តាំងពី​បើក​ដំណើរការ​រហូតដល់​ប​ច្ចុ​ប្បន្ន​កសិដ្ឋាន​ខ្លួន​លក់​កូនឈើ​អស់​ចន្លោះ​ពី​៧​ទៅ​៨​ម៉ឺន​ដើម​។​
 
​មូលហេតុ​ដែល​រូបគេ​ចាប់យក​អាជីវ​ដាំ​កូនឈើ ដោយសារ​កូនឈើ​ងាយស្រួល​មើលថែ​ជាង​ដំណាំ​ផ្សេងៗ​។ មុន​បើក​កសិដ្ឋាន​បណ្តុះ និង​លក់​កូនឈើ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៩ អ​តី​តី​អ្នកលេង​គុន​ចម្រុះ​រូបនេះ ធ្លាប់ធ្វើ​ការងារ​ជា​កម្មករ​មើលថែ​ដើមឈើ​នៅ​កសិដ្ឋាន​មួយកន្លែង​នៅ​ខេត្តកំពង់ចាម​ក្នុងអំឡុង​ឆ្នាំ​២០១៨​។ រូបគេ ក៏​ធ្លាប់​បើកហាង​លក់​បន្លែ​ដែរ តែ​ត្រូវ​បរាជ័យ​។ 


 
​ទោះបី​មុខ​ជំនួយ​លក់​កូនឈើ​ប្រណិត និង​ឈើ​ហូប​ផ្លែ​កំពុង​កាក់កប​ក៏ដោយ តែ​អតីត​អ្នកលេង​គុន​ចម្រុះ​រូបនេះ អះអាងថា រូបគេ​មិន​បោះបង់ចោល​វិស័យ​កីឡាប្រដាល់​នោះទេ​។ អតីត​កីឡាករ​យូ​ដូ​ជម្រើសជាតិ​រូបនេះ អះអាងថា ទោះបី​រូបគេ​មិន​ឡើង​សង្វៀន​ប្រដាល់​ដោយ​ខ្លួន តែ​គេ​នឹង​បើក​ក្លិប​ប្រដាល់​មួយ ដើម្បី​បណ្តុះបណ្តាល​ដល់​យុវជន​ជំនាន់​ក្រោយ​ទៅ​ថ្ងៃ​អនាគត​។ 
 
​កីឡាករ ស៊ឹម ប៊ុន​ស្រន់ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​យូ​ដូ​នៅ​ឆ្នាំ​២០១៣ មុន​ផ្លាស់​ទៅលេង​កីឡា​គុន​ខ្មែរ និង​កីឡា​គុន​ចម្រុះ​នៅ​ឆ្នាំ​២០១៥​។ កីឡាករ​រូបនេះ​ធ្លាប់​ឆ្លងកាត់​ការប្រកួត​គុន​ចម្រុះ​ក្នុង​ព្រឹត្តិការណ៍ ONE Championship ចំនួន​៨​លើក ដោយ​ទទួលបាន​ជ័យជម្នះ​៣ និង​បរាជ័យ​៥​លើក​៕ 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  គុន​ចម្រុះ​
  ស៊ឹម ប៊ុន​ស្រន់
© រក្សាសិទ្ធិដោយ thmeythmey.com