អន្តរជាតិ
លោក ត្រាំ បញ្ចប់​តំណែង​មន្ត្រី​អធិការកិច្ច​ដែល​ស៊ើបអង្កេត​កំហុស​លោក ប៉ុ​ម​ប៉េ​អូ
16, May 2020 , 9:39 pm        
រូបភាព
លោក Steve Linick អគ្គាធិការនៃអគ្គាការកិច្ចក្រសួងការបរទេសអាមេរិកដែលត្រូវលោក ដូណាល់ ត្រាំ បញ្ចប់តំណែង។ រូបភាព AFP
លោក Steve Linick អគ្គាធិការនៃអគ្គាការកិច្ចក្រសួងការបរទេសអាមេរិកដែលត្រូវលោក ដូណាល់ ត្រាំ បញ្ចប់តំណែង។ រូបភាព AFP
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៥ ខែឧសភា បានបញ្ចប់​តំណែង​មន្ត្រី​អធិការកិច្ច​ក្រសួងការបរទេស​អាមេរិក បន្ទាប់​បាន​បើក​ការស៊ើបអង្កេត​លើ​ប្រមុខ​ការទូត ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​ជាប់​សង្ស័យ​ង​ថា បាន​ប្រើប្រាស់​មន្ត្រី​រដ្ឋ​ក្នុង​កិច្ចការផ្ទាល់ខ្លួន​។ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ បាន​រិះគន់​ការសម្រេចចិត្ត​នេះ ដោយ​ហៅថា ជាការ​សងសឹក​ខុសច្បាប់​។

 
​លោក Steve Linick ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បណ្ដេញ​ចេញពី​តំណែង​អធិការ​នៃ​អគ្គអធិការ​កិច្ច​ក្រសួងការបរទេស​នៅ​យប់​ថ្ងៃទី​១៥ ខែឧសភា​។ លោក Linick ជា​មន្ត្រី​ត្រួតពិនិត្យ​កិច្ចការ​ស្ថាប័នរដ្ឋ​ចុងក្រោយ​គេ​មួយ​ដែល​លោក ត្រាំ បញ្ចប់​តំណែង​ដោយសារ​ការបំពេញភារកិច្ច​របស់ខ្លួន​។​
 
​លោក Eliot Engel ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​សភា​តំណាង​អាមេរិក និយាយថា លោក Linick កំពុង​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Engel និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ថា ការបញ្ចប់​តំណែង​លោក Linick ស្របពេល​ការស៊ើបអង្កេត​បែបនេះ ស្ដែង​ពី​ការសង​សឹក​មិន​ស្របច្បាប់​។ 
 
​ប្រភពព័ត៌មាន​ដដែល​បន្តថា លោក Linick បាន​បើក​ការស៊ើបអង្កេត​លើ​ពាក្យបណ្ដឹង​មួយ​ប្រឆាំង​លោក ប៉ុ​ម​ប៉េ​អូ ជុំវិញ​ការប្រើប្រាស់​មន្ត្រី​ម្នាក់​ដែល​ត្រូវបានតែងតាំង​ឲ្យ​បម្រើការ​ជាមួយ​លោក​ឲ្យ​ធ្វើ​ការងារ​ផ្ទាល់ខ្លួន​សម្រាប់​លោក ប៉ុ​ម​ប៉េ​អូ និង​ភរិយា​អ្នកស្រី ស៊ូ​សាន ប៉ុ​ម​ប៉េ​អូ ។ កន្លងទៅ លោក ប៉ុ​ម​ប៉េ​អូ ក៏​ធ្លាប់ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ដែរ នៅពេល​លោក​យក​ភរិយា​ធ្វើដំណើរ​ជុំវិញ​ពិភពលោក​ដោយ​ប្រើប្រាស់​យន្តហោះ​រដ្ឋ​។ 
 
​កាលពី​ឆ្នាំមុន ទូរទស្សន៍ CNN បាន​ស្រង់​សម្ដី​មន្ត្រី​ម្នាក់​ដែល​បាន​ទម្លាយ​ព័ត៌មាន​ថា បុគ្គលិក​ម្នាក់​នៃ​អង្គភាព​សន្តិសុខ​ការទូត​ដែលជា​ធម្មតា​ការពារ​ស្ថានទូត និង​ក្រសួងការបរទេស ត្រូវបានចាត់តាំង​ឲ្យ​បំពេញភារកិច្ច​មិនធម្មតា​សម្រាប់​លោក ប៉ុ​ម​ប៉េ​អូ ដូចជា​ការ​កើប​លាក​ឆ្កែ និង​ដឹក​អាហារ​ជាដើម​។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក បានបញ្ជាក់​ពី​ការបណ្ដេញ​លោក Linick ចេញពី​តំណែង ប៉ុន្តែ​មិនបាន​ផ្ដល់​មូលហេតុ​ឡើយ​។ អ្នក​ដែល​ត្រូវ​ជំនួស​វិញ គឺ​លោក Stephen Akard អតីត​ជំនួយការ​អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន មកពី​រដ្ឋ Indiana និង​ជា​ប្រធានការិយាល័យ​បេសកកម្ម​បរទេស ដែល​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​បរទេស​ប្រចាំ​វ៉ាស៊ីនតោន​។​
 
​សូមបញ្ជាក់ថា លោក ប៉ុ​ម​ប៉េ​អូ ជា​មនុស្ស​ជំនិត​លោក ត្រាំ ក្នុង​រដ្ឋាភិបាល​ដែល​សម្បូរ​ដោយ​មន្ត្រី​ដែល​ទទួលបាន​ការតែងតាំង​តាម​នយោបាយ​ជាជាង​បទពិសោធ​ការងារ​។ ជា​អតីត​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​កណ្ដាល លោក ប៉ុ​ម​ប៉េ​អូ អនុវត្ត​ដោយ​ឥត​ងាករេ​គោលនយោបាយ​ការបរទេស​ដ៏​ចម្រូងចម្រាស់​របស់លោក ត្រាំ មិន​ថា​វិបត្តិ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន ឬ​សំណុំរឿង​អ៊ីរ៉ង់​ឡើយ​៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com