COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កូ​វីដ​-១៩ និង​សត្វ​កណ្ដុរ កំពុង​បំផ្លាញ​ចំណូល​អ្នក​ដាំ​ឈូក​នៅ​ខេត្តព្រៃវែង​
17, May 2020 , 2:59 pm        
រូបភាព
​ព្រៃវែង​៖ អ្នក​ដាំ​ឈូក​នៅ​ខេត្តព្រៃវែង​មួយចំនួន បាន​ត្អូញត្អែរថា កូ​វីដ​-១៩ បានធ្វើឱ្យ​ពួកគេ​លក់​ឈូក​មិនសូវ​ដាច់ ហើយ​តម្លៃ​ធ្លាក់ចុះ​។ ស្របពេល​មាន​វិបត្តិ​សុខភាព សត្វ​កណ្តុរ បាន​រុកកួន ដំណាំ​របស់​ពួកគាត់​ថែម​មួយកម្រិត​ទៀត ដែលជា​ហេតុនាំឱ្យ​ជីវភាព​គ្រួសារ របស់​អ្នក​ដាំ​ឈូក​កាន់តែ​ដុនដាប​។​



​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ កញ្ញា ប៉ូ សា​គុន នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖

 
​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ឃុំ​កំពុង​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ចម្ការ​ឈូក​ដ៏​ធំ​ល្លឹ​ង​ល្វើយ​មួយកន្លែង​ក្នុង​បឹង​ធម្មជាតិ ដែលមាន​រោង​ចាំចម្ការ​ប្រក់​ស្លឹក​ខ្លះ ប្រក់​កន្ទេល​កៅស៊ូ​ខ្លះ ធ្វើ​ត្រង់នេះ​មួយ ត្រង់នោះ​មួយ នៅ​ពាសពេញ​ចម្ការ​ឈូក ដែល​មើលទៅ​គួរ​ជាទី​ចង់​សម្រាកលំហែ បាន​ជួយ​បន្ធូរ​ភាព​តានតឹង ដល់​អ្នកដំណើរ​ដែល​ជិះ​ឆ្លងកាត់​។​
​ប៉ុន្តែ​ភាពស្រស់ស្អាត​ទាំងនេះ បែរជា​ធ្វើឱ្យ​ម្ចាស់​ចម្ការ​ឈូក​ជាច្រើន ដែល​រស់នៅ និង​មើលឃើញ​រាល់​ថ្ងៃនោះ មាន​ភាព​តានតឹង​ទៅវិញ​។ តានតឹង ក៏​ព្រោះតែ​ផល​ឈូក​ដែល​ប្រមូលបាន មិនសូវមាន​អ្នកទិញ ហើយ​មានតម្លៃ​ទាប ព្រោះតែ​កូ​វីដ​១៩ ដែល​មិនដឹងថា​ថ្ងៃ​ណា​នឹង​បញ្ចប់​នោះ​។​



​មាន​សម្បុរ​ខ្មៅ​ស្រអែម រាង​ខ្ពស់ស្រឡះ​លោក ពៅ សំណាង ដែល​កំពុង​អង្គុយ​នៅ​ខាងក្រោយ​រោង​ចាំចម្ការ ប្រក់​ដោយ​កន្ទេល​កៅស៊ូ នៅលើ​ដី​ទួល​ខ្ពស់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅវេលា​ម៉ោងជាង​៥​ល្ងាច​ថា កាលពី​មិនទាន់មាន​កូ​វីដ​-១៩ ឈូក​មានតម្លៃ​ថ្លៃ ហើយ​ប្រាក់ចំណូល​ក្នុង​មួយ​រដូវ ក៏​អាច​រកបាន​ច្រើន​គួរសម​ដែរ​។ 
​ភ្នែក​សម្លឹង​ទៅ​មើល​ចម្ការ​ឈូក​របស់​អ្នកភូមិ​ដែល​នៅ​ទី​ឆ្ងាយ លោក សំណាង បញ្ជាក់​ដូច្នេះ​៖«​បើ​កុំ​កើត​ជី​ងឺ​ហ្នឹង មួយ​រដូវ​៣​ខែ បាន​ប្រហែល​៣​ពាន់​ដុល្លារ​ដែរ​។ កាលពីមុន​មាន​ឈ្មួញ​មក​ទិញ​១​ផ្លូន បាន​១​ម៉ឺន​រៀល​ដែរ តែដោយសារ​តែ​អា​ជំងឺ​ហ្នឹង ១​ផ្លូន បានតែ​៦​ពាន់​រៀល​ទេ​។ ឈ្មួញ​ជា​អ្នកកំណត់​តម្លៃ ព្រោះ​គ្នា​យកទៅលក់​មិន​ដាច់​ដែរ​។ គេ​យកទៅលក់​ដល់​ស្វាយរៀង អ្នក​លឿង ភ្នំពេញ ហើយ​គេ​ដើរ​លក់​គ្រប់​តែ​កន្លែង​ហ្នឹង​»​។​


លោក ពៅ សំណាង កំពុង​ឈរក្នុង​ចម្ការ​របស់​គាត់

​ក្រោកឈរ​ឡើយ ហើយ​លើកដៃ​ចង្អុល​ទៅ​ចម្ការ​ឈូក ដែល​នៅខាងមុខ​រោង​របស់ខ្លួន ដោយ​ភ្នែក​ប៉ះ​ពន្លឺព្រះអាទិត្យ​ពណ៌​ក្រហមឆ្អិនឆ្អៅ នា​វេលា​ជិត​អស្តង្គត បុរស​កូន​៥​នាក់​រូបនេះ បន្ទោស​ទាំងស្រុង​ទៅលើ​កូ​វីដ​-១៩ ដែល​ធ្វើឱ្យ​ឈូក​របស់គាត់ មិនអាច​លក់បាន​ច្រើន​។ «​ព្រោះតែ​កូ​វីដ​ហ្នឹង ធ្វើឱ្យ​ឈូក​ទុំ​ចាស់​ចោល គេ​មិន​យក​។ ទើបតែ​វគ្គ​ហ្នឹង​គេ​ទិញ​វិញ បាន​បន្តិចបន្តួច​។ ១​ផ្លូន ៦​ពាន់​រៀល​គេ​ទិញ​។ បើ​វគ្គ​មុន មិនមាន​អ្នកទិញ​ផង​។ នៅពេល​ទុំ បើ​យើង​ដើរ​គោះ​មិនទាន់ ខ្យល់​មកវា​ជ្រុះ ចូល​ទឹក​អស់​តែម្ដង​»​។​
​ចំណែក អ្នកស្រី ជី រឿន អាយុ​៥៤​ឆ្នាំ មាន​បញ្ហា​ប្រឈម ទៅលើ​សត្វ​កណ្ដុរ​បំផ្លាញ​មួយ​ជាន់​ទៀត លើ​វិបត្តិ​កូ​វីដ​-១៩​។ បម្រុង​បញ្ឆេះ​ម៉ាស៊ីន ដើម្បី​បញ្ចូល​ទឹក​ដាក់​ក្នុង​ថ្លុក ទុកឱ្យ​សត្វ​ទា​លេង ស្ត្រី​សម្បុរ​ស្រអែម ដែលមាន​កម្ពស់​មិនសូវ​ខ្ពស់ ជី រឿន ឆ្លៀត​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​កណ្ដុរ​ស៊ីណា​ស់​ក្មួយ​អើយ មិនបាន​ផ្លែ​ឯណា កណ្ដុរ​ស៊ី​ពេក​។ ស៊ី​ផ្លែ​តែម្ដង​មិនបាន​លក់​ទេ​។ ហើយ​តាំងពី​កើត​ជំងឺ​ហ្នឹង​(​កូ​វីដ​-១៩) ក្មួយ​អើយ អ្នកលក់ ក៏​លក់​មិន​ដាច់​ដែរ​។ ឈូក​តែ​៤ ទៅ​៥​ផ្លូន លក់​មួយថ្ងៃ​វាល់ល្ងាច ទៅទល់​យប់​ឯណោះ​។ វេទនា​ទាំង​អ្នកលក់​ទៀត​។ ឥឡូវ​បានតែ​៦​ពាន់​រៀល ឬ​៧​ពាន់​រៀល​។ កាល​មិនទាន់មាន​រោគ​ហ្នឹង បាន​៨​ពាន់​រៀល​។ គេ​អ្នកលក់​ថា ពិបាក​ណាស់ ដើរ​អង្វរ​គេ មនុស្ស និង​មនុស្ស​គេ​ខ្លាច​គ្នា​តែម្ដង​»​។​


អ្នក​ស្រី ជី រឿន កំពុង​ឈរ​មើល​ទៅ​ចម្ការ​ឈូក​របស់​គាត់

​ទោះជា​យ៉ាងណា សម្រាប់​លោក ពៅ សំណាង នៅតែ​អាច​កាច់​ឈូក​លក់បាន​ប្រាក់​ខ្លះ ដើម្បី​ចិញ្ចឹម​ជីវភាព ក្នុងពេល​មាន​ជំងឺ​នេះ នៅ​ខណៈពេល​ស្រូវ​របស់លោក ប្រមាណ​ជា​១០​តោន មិនមាន​ឈ្មួញ​ទិញ​នោះ​។ «​ក្នុង​មួយថ្ងៃ​ខ្ញុំ​កាច់​ឈូក​បាន​ប្រហែលជា​៧​ម៉ឺន​រៀល ឬក៏​៥​ម៉ឺន​រៀល កាច់​រាល់ថ្ងៃ​។ ផ្កា​នៅពេល​បុណ្យទាន ត្រូវការ​ច្រើន ជាពិសេស​ពេល​ចូលឆ្នាំ​។ តម្លៃ​ផ្កា និង​ផ្លែ​លក់​ដូចគ្នា​។ បើ​គេ​មក​ទិញ​ផ្កា​យកទៅ​ធ្វើបុណ្យ​តិចតួច ខ្ញុំ​ឱ្យគេ​តែម្ដង​ហ្នឹង​»​។  
​មាន​ដី​ដាំ​ឈូក​ប្រមាណ​១​ហិកតា សម្រាប់​អ្នកស្រី ជី សារឿន អះអាងថា​របរ​ដាំ​ឈូក​នេះ អាច​សល់​ប្រា​ក់បាន​គួរសម​ក្នុង​មួយ​រដូវ ប៉ុន្តែ​ទាល់តែ​អ្នកនោះ​មាន​ភាព​សន្សំសំចៃ​ខ្លះ​ផង​។ ស្ត្រី​ដែល​យក​សត្វ​មាន់ ទា និង​គោ ទៅ​ចិញ្ចឹម​នៅ​កន្លែង​ដាំ​ឈូក​រូបនេះ ពន្យល់​បន្ថែម​៖«​ក្នុង​មួយឆ្នាំ​នៅសល់​បាន​ប្រហែល ២​ទៅ​៣​លាន​រៀល​។ ហ្នឹង​សម្រាប់​អ្នក​រិះ​ផង ហើយ​បើ​ថា​អ្នក​ចាយ​ច្រើន​វិញ អស់​តែ​ឈូក​អស់ប្រាក់​ដែរ​។ ដំណាំ​នេះ​គ្រាន់តែ​បាន​ដោះ​ទាល់​»​។​


សត្វទា​ដែល​អ្នក​ស្រី ជី រឿន ចិញ្ចឹមក្នុង​ដី​ចម្ការ​ឈូក​របស់​គាត់

​ត្រូវ​ជួល​ដី​គេ​ទំហំ​១​ហិកតា តម្លៃ​៥០​ម៉ឺន​រៀល ក្នុង​មួយឆ្នាំ លោក មិ សា​លួត វ័យ​៤៧​ឆ្នាំ ដែលមាន​កូន​៣​នាក់ ហើយ​កូន​២​នាក់​កំពុង​សិក្សា​នោះ ហាក់​ទទួលបាន​ចំណូល​តិចជាងគេ ក្នុង​មួយ​រដូវ​។ តែ​ទោះជា​យ៉ាងណា លោក​នៅតែ​បន្តធ្វើ​វា ដើម្បី​បានរស់នៅ​ជុំ​គ្រួសារ​។ «​ផល​១​ឆ្នាំ​ខ្ញុំ​ដូច​មិនឃើញ​សល់ ប៉ុន្តែ​ខ្ញុំ​គិត​ត្រួសៗ​ចុះ វា​បាន​ត្រឹម​១​លាន​រៀល​ជាង​អីហ្នឹង តែ​មិនទាន់​កាត់​ការចំណាយ​ប្រចាំថ្ងៃ​ទេ​។ ខ្ញុំ​នៅតែ​ធ្វើ ព្រោះ​មិនដឹង​ទៅណា បើ​ទៅ​ភ្នំពេញ ត្រូវ​ចោល​កូន​រៀន​នៅទីនេះ​។ ៤​ថ្ងៃ​ទើបបាន​កាត់​ម្ដង បាន​តែមួយ​ស្លឹក​កន្លះ (​មួយ​ស្លឹក​ស្មើនឹង​៥០០​ផ្លែ​ឈូក​) ព្រោះ​ឥឡូវ​កណ្ដុរ​វា​ស៊ី​។ ព្រឹក​មិញ​ខ្ញុំ​កាច់​បានតែ​៣​ផ្លូន​»​។​


លោក មិ សាលួត កំពុងឈរ​នៅ​ខាង​មុខរោង​​ចាំ​ចម្ការ​របស់​គាត់​ នា​ម៉ោង​ប្រមាណជិត​៦​ល្ងាច

​ដ្បិត​ជា​ដំណាំ​ងាយ​ដាំ​ក៏ពិតមែន ប៉ុន្តែ​ឈូក​ក៏មាន​ការយាយី​ពី​សត្វល្អិត​ចង្រៃ​ដែរ សម្រាប់​អ្នកស្រី រឿន បាន​ឆ្លើយ​ដោយ​មិន​លាក់បាំង​ថា ដំណាំ​ឈូក​របស់គាត់​ក៏មាន​បាញ់ថ្នាំ​ដែរ​។ តែ​ទោះជា​យ៉ាង ស្ត្រី​កូន​៧​នាក់ តែ​នៅរស់​តែ​៣​នាក់​រូបនេះ អះអាងថា​អ្នកស្រី​មិនសូវ​ប្រើ​ថ្នាំ​នោះទេ​។ 
 
​ភ្នែក​មើលទៅ​ចម្ការ​ឈូក​របស់ខ្លួន អ្នកស្រី រឿន បញ្ជាក់​៖«​ខ្ញុំ​បាច​ជី​សជី​ស្រូវ​យើង​ហ្នឹង បើ​មិនបាច​មិន​បានទេ អត់​ល្អ​ទេ បាន​ផ្លែ​ដែរ​តែ​វា​តូចៗ​។ ដំណាំ​ហ្នឹង​ដូច​ស្រូវ​អ៊ីចឹង​។ តាំងពី​ចុះ​ដាំ​ដល់​ឥឡូវ ខ្ញុំ​បាច​អស់​២​បាវ​កន្លះ​ហើយ​។ នេះ​ខ្ញុំ​សន្សំសំចៃ​ផង ព្រោះ​ខ្ញុំ​អត់​ប្រាក់​។ ម្យ៉ាង​វា​មិនសូវ​កើត​ផង ទុកចោល​ឱ្យ​ស្កក​ខ្លះទៅ​។ បាញ់ថ្នាំ​ស្រូវ​យើង​ហ្នឹង ស្រូវ​បាញ់​យ៉ាងណា យើង​បាញ់​យ៉ាងហ្នឹង​ទៅ តែបើ​មិនមាន​ដង្កូវ​មិន​បាញ់​តែម្ដង​»​។ 
 
​បើទោះបី​ដាំ​នៅក្នុង​បឹង​តែមួយ ហើយ​នៅ​ចម្ងាយ​មិនសូវ​ជា​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ក្ដី ប៉ុន្តែ​សម្រាប់​លោក ពៅ សំណាង អះអាងថា ឈូក​របស់ខ្លួន​មិនមាន​ចាញ់​ថ្នាំ​ឡើយ ព្រោះ​មិនមាន​សត្វ​បំផ្លាញ​។ «​ខ្ញុំ​មិន​ប្រើ​ថ្នាំ​អ្វី​ទាំងអស់ នេះ​ជា​ធម្មជាតិ​របស់​វា​ពិតៗ​។ តែបើ​មាន​ដង្កូវ គេ​បាញ់ថ្នាំ​ដង្កូវ​ផ្សេង តែបើ​មិនមាន​ទេ គេ​មិន​បាញ់​ទេ​។ ពេល​ទឹក​ជិត​លិច ទើប​គេ​បាញ់ ព្រោះ​វា​មាន​ដង្កូវ គឺ​នៅពេល​មាន​ភ្លៀង​ធ្លាក់​តិចតួច​»​។ 



សម្រាប់​ខែ​ដែល​ងាយស្រួល​លក់​ទាំង​ផ្កា និង​ផ្លែ​ឈូក គឺ​នៅ​រដូវចូលឆ្នាំ​ប្រពៃណីជាតិ ហើយ​ស្ត្រី​ដែល​រាយ​ខ្សែលួស​ព័ទ្ធជុំវិញ​ចម្ការ​ឈូក​របស់ខ្លួន ដើម្បី​ឆក់​កណ្ដុរ អ្នកស្រី រឿន ពន្យល់​៖«​ជួនកាល​នៅ​ខែ​ពិសាខ ទើប​ខ្ញុំ​បាន​កាច់​ក៏មានដែរ វា​មិន​ទៀត​ទេ ជួនកាល​វា​កើត ហើយ​ជួនកាល​វា​មិនកើត​។ ជួនកាល​ខ្ញុំ​បាន​ពី​ខែចេត្រ​អ៊ីចឹងទៅ​។ បើ​បាន​កំពុង​ពេល​ចូលឆ្នាំ​ស្រួល​លក់ តែបើ​ផុតពី​ហ្នឹង វេទនា​ហើយ​ក្មួយ​អើយ​។ លក់​បន្តិចបន្តួច គ្នា​ដើរ​លក់​ដល់​យប់​ឯណោះ​។ លក់​នៅ​អ្នក​លឿង​យើង​ហ្នឹង ហើយ​ទៅខាង​ត្បូងៗ​។ មានតែ​អ្នក​នៅ​ស្រុកភូមិ ទិញ​យកទៅលក់ បាន​ចំណេញ​បន្តិចបន្តួច​គ្រាន់​ចាយ​។ កាលពី​មិនទាន់​កើតរោគ​ហ្នឹង ២​ទៅ​៣​ស្លឹក​គេ​យក​អស់ ដល់​តែ​ពេល​កើតរោគ​ហ្នឹង តែ​១​ស្លឹក​គេ​មើលមុខ​»​។​
 
​ចំណែកឯ​លោក សំណាង ដែលមាន​អាយុ​៥៤​ឆ្នាំ ដាំ​ឈូក​លើ​ផ្ទៃដី​ប្រមាណ​២​ហិកតា ក៏បាន​អះអាង​ដូច​អ្នកស្រី រឿន ដែរ ពី​ពេលវេលា​ពេញ​ប្រមូល​ផល​ឈូក​នោះ​។ «​ផល​ហ្នឹង​វា​ត្រូវបាន​មុន​ចូលឆ្នាំ ចាប់ពី​ខែផល្គុន​។ ដាំ​រយៈពេល​៣​ខែ ទើប​វា​ឱ្យ​ផល​បាន​ផ្លែ​លក់​ហើយ​។ ពូជ​ខ្ញុំ​ផ្សាំ​នៅក្នុង​ស្រះ​ក្បែរ​ភូមិ ដល់ពេល​ដាំ​ខ្ញុំ​មក​មុជ​ដាំ នៅពេល​ទឹក​មាន​ជម្រៅ​២​ម៉ែត្រ ទៅ​៣​ម៉ែត្រ​។ ដាំ​ពេលនេះ ទើប​អាច​ប្រមូល​ផល​ទាន់​ចូលឆ្នាំ​»​។ 
 
​បើទោះបី​អាច​រកចំណូលបាន​ច្រើនជាងគេ​បន្តិច​ក្ដី ប៉ុន្តែ​លោក សំណាង បាន​មើលឃើញ និង​ជួយ​បារម្ភ ដល់​អ្នក​ដាំ​ឈូក​ដូចគ្នា ដែល​ជួល​ដី​អ្នកដទៃ​មក​ធ្វើ ដោយ​ត្រូវ​ខាត​ច្រើន​នោះ​។ «​នៅ​រដូវចូលឆ្នាំ ជួន​កាច់​បាន​១​ពាន់​ផ្កា ក្នុង​មួយថ្ងៃ ទៅតាម​គេ​ឱ្យ​កាច់​។ គេ​មក​យក​ដល់​ហ្នឹង ទាំង​ផ្កា​និង​ផ្លែ​។ គ្រាន់តែ​ថា​ឆ្នាំនេះ វា​ចុះថោក ដែល​អ្នក​ជួល​ដី​គេ​ដាំ ក្នុង​មួយ​រដូវ​១​លាន​រៀល ដល់ពេល​មាន​ជំងឺ​ហ្នឹង​ទៅ បាន​លក់​ស្លឹក ផ្សំ​ខ្លះទៅ មួយថ្ងៃ​បានតែ​៤​ម៉ឺន ទប់​វា​មិន​ឈ្នះ​។ ដូច្នេះ​វា​ត្រូវ​ខាត​ទាំងអស់​»​។ 



ទើបតែ​កាប់ឆ្ការ​ដើម​ឈូក​ធ្វើជា​ផ្លូវ ដើម្បី​រាយ​ខ្សែ​ឆក់ ព័ទ្ធជុំវិញ​ចម្ការ​រប​ស់​ខ្លួន សម្រាប់​ការពារ​សត្វ​កណ្ដុរ​បំផ្លាញ លោក សា​លួត ដែល​យក​មាន់​ទៅ​ចិញ្ចឹម​ដល់​រោង​ចាំចម្ការ​នោះ ហាក់​ព្រួយបារម្ភ​សត្វ​កណ្ដុរ​បំផ្លាញ ជាង​ខ្លាច មិនមាន​ឈ្មួញ​ទិញ​ឈូក​។  មាន​ដី​ធ្វើ​ស្រូវ​បន្តិចបន្តួច ដោយ​អាច​ផ្គត់ផ្គង់​ត្រឹមតែ​ស្បៀង ហើយ​ប្រាក់​ផ្គត់ផ្គង់​កូន​សិក្សា ត្រូវ​ពឹង​ទាំងស្រុង លើ​ឈូក​នេះ លោក សា​លួត ប្រាប់​ពី​កង្វល់​របស់ខ្លួន​។ «​ខ្ញុំ​ទើបតែ​បានធ្វើ​ផ្លូវ​ខ្សែ​ឆក់​។ បើ​មិន​ឆក់​ទេ វា​(​កណ្ដុរ​) នឹង​ស៊ី​អស់ហើយ​។ ឆ្នាំមុន​មិន​អី តែ​ឆ្នាំនេះ​កណ្ដុរ​ច្រើនណាស់​។ ស៊ី​តែមួយ​យប់ ចង់​ហ្មត់តែម្ដង​។ ខ្ញុំ​មាន​កង្វល់​រឿង​កណ្ដុរ​ស៊ី​ឈូក បើ​ស៊ី​អស់​ទៅ តើ​បាន​ប្រាក់​ពី​ណា​ឱ្យ​កូន​ចាយ​»៕ 
 
 
 

Tag:
 ព្រៃវែង​
 ​ដំណាំ​ឈូក​
 ​ចំណូល​
 ​កណ្ដុរ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com