បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
តើ​បញ្ញវន្ត​គួរ​ធ្វើ​អ្វីខ្លះ​បន្ថែមទៀត​ក្រៅពី​តួនាទី ឬ​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួកគេ?
28, Oct 2013 , 10:14 am        
រូបភាព
លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ANUSSA
លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ANUSSA
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពិភាក្សាជាមួយ​អ្នក​ចូលរួម
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពិភាក្សាជាមួយ​អ្នក​ចូលរួម
លោក កឹម អឿន នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា -ជប៉ុន
លោក កឹម អឿន នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា -ជប៉ុន
លោក សូ ស្រណោះ ប្រគំតន្ត្រីព្យាណូ
លោក សូ ស្រណោះ ប្រគំតន្ត្រីព្យាណូ
មួយឆ្នាំ​កន្លងមក តើ​អ្នក​បានធ្វើ​អ្វីខ្លះ​ដល់​សង្គមជាតិ? តើ​គ្រប់គ្រាន់​ហើយ​ឬ​នៅ? ចុះ​មួយឆ្នាំ​ទៅមុខទៀត អ្នក​នឹងធ្វើ​អ្វីខ្លះ? ទាំងនេះ​ជា​សំណួរ​ដែល​ត្រូវបាន​លើកឡើង​នា​កម្មវិធី​ជួបជុំ​មួយ ដែល​ត្រូវបាន​ដាក់ឈ្មោះថា «ជំនួប​បញ្ញវន្ត» កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងមក នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន (CJCC)។


ជំនួប​ដែល​ត្រូវបាន​រៀបចំ​ជា​លើកដំបូង​ដោយ​ក្រុមហ៊ុន ANUSSA Event Planner នេះ មានការ​ចូលរួម​ពី​មនុស្ស​ប្រមាណ១០០នាក់ រួមមាន​និស្សិត​ដែល​កំពុង​សិក្សា​នៅតាម​មហាវិទ្យាល័យ បញ្ញវន្ត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​នៅក្រៅ​ប្រទេស ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ឯកជន និង​មន្ត្រី​បម្រើការ​នៅតាម​អង្គការ ឬ​ស្ថាប័ន​នានា។

លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ANUSSA និង​ជា​អតីត​និស្សិត​ម្នាក់​ដែល​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក បាន​លើកឡើងថា កម្មវិធី «ជំនួប​បញ្ញវន្ត» គឺមាន​គោលបំណង​ផ្សាភ្ជាប់​ទំនាក់ទំនង​បញ្ញវន្ត​ខ្មែរ​ទាំងអស់ ជាពិសេស​គឺ​ដើម្បី​ក្រើនរំលឹក​ស្មារតី​ដល់​អ្នក​ដែល​ធ្លាប់​សិក្សា​នៅ​បរទេស ថា​តើ​ពួកគេ​អាចធ្វើ​អ្វី​បាន​បន្ថែមទៀត ក្រៅពី​តួនាទី ឬ​មុខរបរ​ដ៏​សំខាន់​ប្រចាំថ្ងៃ​របស់​ពួកគេ។

កម្មវិធី​បានចាប់ផ្តើម​ឡើងជា​មួយ​នឹង​ការ​បញ្ចាំង​វីដេអូ​ខ្លី​មួយ​ដែលមាន​ចំណងជើង​ថា «ក្រឡេកមើល​កម្ពុជា»។ រូបភាព​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ទិដ្ឋភាព​ឆើតឆាយ​នៅក្នុង​រាជធានី ដែលមាន​សំណង់ទំនើបៗ ទីផ្សារ ផ្លូវ ទី​រមណីយដ្ឋាន និង​ស្ថាប័ន​នានា ហើយ​បន្ទាប់មក វីដេអូ​បានបង្ហាញ​រូបភាព​ស​ខ្មៅ​ស្តីពី​ទុរគត​ភាព ការចិញ្ចឹម​ជីវិត​ជាមួយនឹង​របរ​តូចតាច រួមទាំង​ការរស់នៅ​លើ​បឹង និង​ទីកន្លែង​នានា​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់។

ត្រង់ចំណុច​នេះ លោក សេង ពិសិដ្ឋ បាន​គូសបញ្ជាក់ថា ខណៈ​ដែលមាន​មនុស្ស​មួយចំនួន​សប្បាយរីករាយ​ជាមួយនឹង​ភាព​ស្កឹមស្កៃ ប៉ុន្តែ​ក៏មាន​មនុស្ស​មួយចំនួន​កំពុង​ជួប​នូវ​ការលំបាក​ផងដែរ ហើយ​ជន​ដ៏​កម្សត់​ទាំងនោះ ពិតជា​ត្រូវការ​វិភាគទាន​ពី​សំណាក់​ក្រុម​បញ្ញវន្ត។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ANNUSA បាន​អះអាងថា ដើម្បី​រួមវិភាគទាន​ដល់​សង្គម ក្រុមការងារ​របស់លោក​បានធ្វើការ​កិច្ចការ​ជាច្រើន ដូចជា​ការរៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌ ការណែនាំ​សិស្ស​ថ្នាក់​ទី១១ និង១២ ស្តីពី​ការត្រៀមខ្លួន​ចូល​មហាវិទ្យាល័យ រួមទាំង​ការបង្រៀន​ណែនាំ​ស្តីពី​អាហារូបករណ៍ និង​ការ​ចែកចាយ​សៀវភៅ​ជាដើម។

ក្នុង​កម្មវិធី​ជួបជុំ​នេះ មានការ​រៀបចំ​ល្បែង​កម្សាន្ត​មួយចំនួន​ដែល​អនុញ្ញាត​ឲ្យ​អ្នកចូលរួម​ទាំងអស់​ស្គាល់គ្នា និង​អាច​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ពោលគឺ​និស្សិត​មានឱកាស​ធ្វើ​ទំនាក់ទំនង​ជាមួយ​រៀមច្បង​ដែល​សិក្សា​នៅក្រៅ​ប្រទេស រួមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា។ ក្រៅពី​ការសួរនាំ​គ្នា​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន អ្នកចូលរួម​ទាំងនោះ ជជែក​វែកញែក​ស្វែងរក​ដំណោះស្រាយ​សង្គម​ផងដែរ។

លោក សូ ស្រណោះ ដែល​បានទទួល​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​តន្ត្រី​ក្លាស៊ិច​ពី​ប្រទេស​ជប៉ុន បាន​ប្រគំ​ព្យា​ណូ​ដ៏​លន្លង់លន្លោច​ចំនួន​ពីរ​បទ​ដែលមាន​អត្ថន័យ​ទាក់ទង​នឹង​អ្វីដែល​ខ្លួន​អាច​ធ្វើបាន​សម្រាប់​សង្គម​ជាតិ។

បន្ថែម​ពីលើ​នេះ វាគ្មិន​ពីររូប គឺ​លោក កឹម អឿន នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា -ជប៉ុន និង​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន និង​ប្រធាន​ចាងហ្វាង នៃ​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង បាន​រៀបរាប់​ពីបទ​ពិសោធន៍​ទាក់ទង​នឹង​ការចូលរួម​វិភាគទាន​សង្គម។

លោក កឹម អឿន បាន​បញ្ជាក់ថា មជ្ឈមណ្ឌល CJCC របស់លោក​បាន​ចូលរួម​ជួយ​សង្គម​តាមរយៈ​ការបណ្តុះបណ្តាល​ភាសា​ជប៉ុន កម្មវិធី​វប្បធម៌ និង​ការបើក​វគ្គខ្លីៗលើ​ជំនាញ Marketing ឬ​ធនធានមនុស្ស​ជាដើម។ លោក​បាន​លើកឡើងថា បញ្ញវន្ត​គួរ​នាំគ្នា​ខំ​ធ្វើខ្លួន​ឲ្យ​ក្លាយជា​ដី ឬ​ជី​ដែលមាន​ជីជាតិ​ល្អ ដោយ​ដើរ​តាម​លំ​អាន​ពុទ្ធឱវាទ​ទាំង​កាយ វាចារ ចិត្ត។

លោក​បាន​បន្ថែមថា៖ «បណ្ឌិត​គឺជា​អ្នក​ដែល​បង្កើត​ឱកាស​ឲ្យ​គេ ដូច្នេះ​យើង​អាចបង្កើត​ឋានសួគ៌​មួយចំណែក​តូច​សម្រាប់​អ្នក​ដែល​នៅ​ជិត​ខ្លួន​យើង។ យើង​តាំងចិត្ត​ធ្វើជា​ដើមឈើ​ដែល​ប្រឹង​លូតលាស់​ដើម្បី​បង្កើត​អុកស៊ីហ្សែន។ អ្វីៗទាំងអស់​អាច​សម្រេច​ទៅបាន គឺ​អាស្រ័យ​តែ​លើ​ការសម្រេចចិត្ត​ប៉ុណ្ណោះ ឧទាហរណ៍ យើង​ធាត់​គឺ​មកពី​យើង​អត់​ទាន់​សម្រេចចិត្ត​ឲ្យ​ស្គម»។

វាគ្មិន​ម្នាក់ទៀត គឺ​លោក គួច ម៉េង​លី ដែល​បាន​ចំណាយពេល​អស់៣០ឆ្នាំ​នៅលើ​ទឹក​សហរដ្ឋអាមេរិក​នោះ បានចាប់ផ្តើម​ការងារ​ជួយ​សង្គមជាតិ​ក្នុងនាម​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត មុននឹង​សម្រេច​បង្កើត​គ្រឹះស្ថាន​អប់រំ​ផ្នែក​ឯកជន​ដ៏​ជោគជ័យ​មួយ។

ឧកញ៉ា វេជ្ជបណ្ឌិត​រូបនេះ បាន​លើកឡើងថា៖ «យើង​ត្រូវ​ព្យាយាម​ផ្តល់ឱកាស​ដល់​មនុស្ស​ឲ្យ​បាន​ច្រើនដង ពីព្រោះ​ជោគជ័យ​របស់​មនុស្សម្នាក់ៗ មាន​កត្តា​បី​រួមផ្សំ​គ្នា​គឺ​វាសនា ឱកាស និង​ការព្យាយាម»។

សម្រាប់​ការរួមចំណែក​ក្នុងសង្គម លោក គួច ម៉េង​លី បាន​អះអាងថា ក្រុមហ៊ុន​របស់លោក បានផ្តល់​អាហារូបករណ៍​ជា​រៀងរាល់ឆ្នាំ​ដល់​សិស្ស ការបង្កើត​គ្លីនិក​ចល័ត និង​ដំណើរការ​មីក្រូហិរញ្ញវត្ថុ​ដែល​ផ្តល់​កម្ចី​ដោយ​គ្មាន​ការប្រាក់​ដល់​បុគ្គលិក។ បន្ថែម​ពីលើ​នេះ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​រូបលោក​ផ្ទាល់​តែងតែ​ចុះទៅ​តំបន់​រងគ្រោះ​ដើម្បី​ពិនិត្យ​ជំងឺ ការជួយ​សាងសង់​ផ្ទះ ជាដើម។

ស្ថាបនិក​វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង បាន​ណែនាំ​ដល់​បញ្ញវន្ត​ទាំងអស់​ឲ្យ​ផ្តល់​ភាព​សំខាន់​ដល់​មនុស្ស​គ្រប់រូប។ លោក​បាន​លើកឡើងថា៖ «ខ្ពស់​ណាស់ សំខាន់​ណាស់ ទាប​ណាស់ សំខាន់​ណាស់ អ្នកណា​ក៏​សំខាន់​ដែរ។ បញ្ញវន្ត​ដឹកនាំ​ខ្លួនឯង​ឲ្យ​បាន​ថ្លៃថ្លា ដឹកនាំ​គ្រួសារ​ឲ្យ​បាន​ត្រជាក់ត្រជុំ»៕


© រក្សាសិទ្ធិដោយ thmeythmey.com