ជាតិ
​រដ្ឋមន្ត្រី​យុត្តិធម៌​គាំទ្រ​នីតិវិធី​ព​ន្លឿ​ន​ដោះស្រាយ​សំណុំរឿង ជំនួស​ការឃុំខ្លួន​បណ្តោះ​អាសន្ន​
18, May 2020 , 4:17 pm        
រូបភាព
លោក កើត រិទ្ធ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០ (thmeythmey)
លោក កើត រិទ្ធ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០ (thmeythmey)
 ភ្នំពេញ​៖ ដើម្បី​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង និង​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​គាំទ្រ​ចំពោះ​នីតិវិធី​ចោទប្រកាន់​របស់​ព្រះរាជា​អាជ្ញា​តាមរយៈ​ការបញ្ជូន​សំណុំរឿង​ដោយផ្ទាល់​ទៅ​ចៅក្រម​ដើម្បី​ជំនុំជម្រះ ក៏ដូចជា​ការបើកផ្លូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ប្រើ​វិធាន​ការដាក់​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ជំនួស​ឲ្យ​ការឃុំខ្លួន​បណ្តោះអាសន្ន​។​

 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​១៨ ឧសភា​នេះ លោក កើត រិ​ទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា ការគាំទ្រ​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ធ្វើបែបនេះ គឺ​ដើម្បី​ឲ្យ​មាន​សិទ្ធិ​គ្រប់គ្រាន់ លើ​ការដោះស្រាយ​សំណុំរឿង​បាន​លឿន ដោយ​មិន​ប្រើពេល​យូរ និង​ធនធានមនុស្ស​ច្រើន​។ 
 
​លោក កើត រិ​ទ្ធ ដែល​ទើប​ទទួលបាន​ការតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បន្ត​ពី​លោក អង្គ វង្សវឌ្ឍានា បាន​លើកឡើងថា​៖ «​សំណុំរឿង​ដែល​ច្រើនជាងគេ​ក្នុងការ​កកស្ទះ​ធ្វើការ​ពិនិត្យ​គឺ កកស្ទះ​នៅ​ដំណាក់​ការ​ស៊ើបសួរ​នេះ​ក៏​ច្រើន​ដែរ អ៊ីចឹង​យើង​លើកទឹកចិត្ត​ជាការ​គាំទ្រ​ផ្នែក​ច្បាប់ លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​វិធី​ចោទប្រកាន់ ពីរ​ផ្សេងទៀត ក្រៅពី​ការបើក​ការ​ស៊ើបសួរ​ទៅ​ចៅក្រម​ស៊ើបសួរ ដែល​ធ្វើ​ឲ្យ​រឿង​កកស្ទះ​នៅ​ទីនោះ​»​។ 
 
​លោក​បន្ថែមថា ក្រសួងយុត្តិធម៌ មិន​ជ្រៀតជ្រែក​ក្នុងការ​សម្រេចចិត្ត​រប​ស់​តុលាការ​ឡើយ ហើយ​ក្រសួង​ជា​អ្នក គាំទ្រ​ផ្នែក​ច្បាប់ និង​បច្ចេកទេស គាំទ្រ​ផ្នែក​មធ្យោបាយ​និង​សម្ភារៈ និង​កិច្ចសហការ​ពី​តួអង្គ​ពាក់ព័ន្ធ​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​។​
 
​សម្រាប់​ការគាំទ្រ​ផ្នែក​ច្បាប់ និង​បច្ចេកទេស ព្រះរាជអាជ្ញា​មាន​៣​ជម្រើស​ក្នុងការ​ចោទប្រកាន់ គឺ​ការបញ្ជូន​សំណុំរឿង​ទៅ​ជម្រះ​ផ្ទាល់ ការបង្ហាញ​ខ្លួន​ភ្លាម និង​ការបញ្ជូន​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​។ ប៉ុន្តែ​ជាក់ស្ដែង​កន្លងមក ព្រះរាជអាជ្ញា​ច្រើន​ចេញ​ការចោទប្រកាន់ តាមបែប​ការបញ្ជូន​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​។ ចំពោះ​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ដែល​ស្មុគស្មាញ ទើប​តម្រូវ​ឲ្យ​មាន​បើក​ការ​ស៊ើបសួរ​។ ចំណែក​បទលហុ​គឺ​មិន​តម្រូវ​ឲ្យ​មាន​បើក​ការ​ស៊ើបសួរ​ឡើយ​។ នេះ​បើតាម​ការ​បញ្ជក់​របស់ លោក កើត រិ​ទ្ធ ដោយ​បន្ថែមថា បទមជ្ឈិម​មួយចំនួន និង​បទលហុ គឺមាន​នីតិវិធី​២​ផ្សេងទៀត គឺ​ព្រះរាជអាជ្ញា​ប្រើ​វិធី​ចោទ​ដោយ​បញ្ជូន​រឿង​ទៅ​ចៅក្រម​ជំនុំជម្រះ​ផ្ទាល់ និង​ការ​បង្ហាញខ្លួន​ភ្លាម​។ 
 
​ចំពោះ​ការគាំទ្រ​ផ្នែក​មធ្យោបាយ និង​សម្ភារៈ ក្រសួង​យុ​តិ្ត​ធម៌ នឹង​ជួយ​ទាំង​ថវិកា ដើម្បី​សាងសង់​សាលាដំបូង​ដែល​ប្រឈម​បញ្ហា​ខ្លាំងជាងគេ ពិសេស​សាលាដំបូង​ដែល​ខ្វះ​សវនាការ​។ លើសពីនេះ ក្រសួង​នឹង​ផ្ដល់​ចៅក្រម និង​ក្រឡាបញ្ជី​បន្ថែម ដោយ​ខ្ចី​ពី​ចៅក្រម​ពី​សាលាដំបូង​ផ្សេង ទៅ​ជួយ​ដល់​សាលាដំបូង​ខ្វះខាត​ចៅក្រម​។ 
 
​រីឯ ការជួយ​គាំទ្រ​លើ​កិច្ចសហការ​ពី​អង្គ​ពាក់ព័ន្ធ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ក្រសួងយុត្តិធម៌​នឹងធ្វើ​ការប្រជុំ​ជា​បន្តបន្ទាប់ ជាមួយនឹង​តួអង្គ​ពាក់ព័ន្ធ រួមមាន​សម្ដេច ស ខេង រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ លោក ឱម យ៉ិនទៀង ទេស​រដ្ឋ​ម​ន្រី្ត​នៃ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ និង​ប្រធាន​តុលាការ​កំពូល រួមទាំង​តំណាង​អង្គ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាដំបូង​ទូទាំងប្រទេស​...​។ 
 
​សូមបញ្ជាក់ថា ត្រឹម​ថ្ងៃទី​១៤ មេសា ឆ្នាំ​២០២០ នៅ​សាលាដំបូង​រាជធានី​-​ខេត្ត មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ជាង​៣៩០០០ និង​មាន​អ្នក​ជាប់ឃុំ​សរុប​ជាង​១២០០០​នាក់​។ ក្នុងចំណោម​សំណុំរឿង​ន​ជាង​៣៩០០០​នេះ មាន​សំណុំរឿង​គ្រឿងញៀន​ជាង​៦២០០ ដែល​ក្នុងនោះ​មាន​អ្នក​ជាប់ឃុំ​ជាង​៩៦០០​នាក់​។ បញ្ហា​កកស្ទះ​សំណុំ​រឿងនេះ គឺ​ដោយសារ​ខ្វះ​ធនធានមនុស្ស ចៅក្រម ក្រឡាបញ្ជី និង​ខ្វះ​សាល​សវនាការ​៕ 
 
 

Tag:
 កើត រិ​ទ្ធ​
  យុត្តិធម៌​
  តុលាការ​
  កកស្ទះ​សំណុំរឿង​
© រក្សាសិទ្ធិដោយ thmeythmey.com