COVID-19
អន្តរជាតិ
ពលរដ្ឋ​កូ​វ៉ែត និង​កាតា​ដែល​អត់​ពាក់​ម៉ាស់ ប្រឈមមុខ​ជាប់គុក​និង​បង់លុយ​រាប់ម៉ឺន​ដុល្លារ​
18, May 2020 , 10:39 pm        
រូបភាព
ដោយ:
​ប្រទេស​កូ​វ៉ែត និង​កាតា បានប្រកាស​នៅ​ថ្ងៃទី​១៧ ខែឧសភា​ថា អាជ្ញាធរ​នឹង​ចាប់ផ្ដើម​ដាក់ទោស​ពលរ​ដ្ឋ​ទាំងឡាយណា​ដែល​មិន​ព្រម​អនុវត្តតាម​ការណែនាំរ​ដ្ឋា​ភិ​បាល​ឲ្យ​ពាក់​ម៉ាស់​ការពារ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ទប់ស្កាត់​COVID-19​។  ទោសទណ្ឌ គឺមាន​ទាំង​ជាប់គុក​ពី​រាប់​ខែ​ដល់​ឆ្នាំ និង​បង់ប្រាក់​ពិន័យ​រាប់ម៉ឺន​ដុល្លារ​។

 
​ក្រសួងសុខាភិបាល​កូ​វ៉ែត លើកឡើងថា ពលរដ្ឋ​ណា​ដែល​រកឃើញ​ល្មើសបទបញ្ជា​ពាក់​ម៉ាស់​នេះ អាច​ប្រឈម​ជាប់គុក​រហូតដល់ ៣​ខែ ខណៈ​ទូរទស្សន៍​រដ្ឋ​កាតា បាន​រាយការណ៍​ថា ទោសកំហុស​ធ្ងន់​បំផុត​ក្នុងប្រទេស​ខ្លួន ជនល្មើស​អាច​ជាប់គុក​រហូតដល់​៣​ឆ្នាំ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងប្រទេស​កូ​វ៉ែត ប្រាក់​ពិន័យ​ធ្ងន់ធ្ងរ​បំផុត ស្មើនឹង ១៦ ២០០​ដុល្លារ ហើយ​ក្នុងប្រទេស​កាតា​វិញ ប្រាក់​ពិ​និ​យ​ធ្ងន់ធ្ងរ​បំផុត ស្មើនឹង ៥៥ ០០០​ដុល្លារ​។ 
 
​រដ្ឋ​ទាំង​៦​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស  បាន​រាយការណ៍​ករណី​ឆ្លង​COVID-19​សរុប​ជាង ១៣៧ ៤០០​ករណី ហើយ​អ្នកស្លាប់​មាន​រហូតដល់ ៦៩៣​នាក់​។ ករណី​ឆ្លង​ក្នុង​តំបន់​នេះ ដំបូង​ឡើង ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ ក៏ប៉ុន្តែ​ក្រោយមក គឺ​បណ្ដាល​ឡើង​ដោយ​ករណី​ឆ្លង​ក្នុងចំណោម​ពលករ​អន្តោប្រវេសន៍​ដែលមាន​ប្រាក់ចំណូល​ទាប​។ 
 
​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​ប្រជាជន​សរុប​ប្រមាណ​៣០​លាន​នាក់ មាន​ករណី​ឆ្លង​ច្រើន​បំផុត​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​នេះ ដែល​ស្មើនឹង ៥៤ ៧០០​ករណី និង​ស្លាប់ ៣១២​នាក់​។ ចំណែក កាតា​ដែល​ប្រជាជន​២,៨​លាន​នាក់ មាន​ករណី​ឆ្លង​ខ្ពស់​លំដាប់​ទី​២ ដែល​លើស ៣២៦០០​ករណី និង​ស្លាប់​១៥​នាក់​។ 
 
​ដោយឡែក​អេ​មី​រ៉ា​ត​អារ៉ាប់​រួម មាន​ករណី​ស្លាប់​ខ្ពស់​លំដាប់​ទី​២ ក្នុងចំណោម​រដ្ឋ​ទាំង​៦ ដែល​ស្មើនឹង ២២០​នាក់ ហើយ​ករណី​ឆ្លង​មាន​២៣ ៣៥០​នាក់​។ នេះ​បើ​យោង​លើ​ការតាមដាន​របស់ Reuters ៕
 
 

Tag:
 កូ​វ៉ែត​
  កាតា​
  COVID-19
  ពាក់​ម៉ាស់
© រក្សាសិទ្ធិដោយ thmeythmey.com