COVID-19
អន្តរជាតិ
កាតា រកឃើញ COVID-19 ចំនួន​១២​ករណី​នៅក្នុង​ពន្ធនាគារ​
19, May 2020 , 11:30 am        
រូបភាព
(រូបភាព៖ AFP)
(រូបភាព៖ AFP)
​កាតា នៅ​ថ្ងៃទី​១៩ ខែឧសភា បានប្រកាស​រកឃើញ​អ្នកទោស​ផ្ទុក​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ចំនួន ១២​នាក់ នៅក្នុង​ពន្ធនាគារ​មួយកន្លែង​។ បញ្ហា​នេះ ធ្វើ​ឲ្យ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (HRW) ព្រមាន​ថា អ្នកទោស​ផ្សេងទៀត​កំពុង​ប្រឈម​នឹង​ការឆ្លង​COVID-19 ខណៈពេល​កាតា​គ្មាន​វិធាន​ការរក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​សម្រាប់​អ្នកទោស​ឡើយ​។



​តាម​សេចក្តីរាយការណ៍​របស់​ការិយាល័យ​ទំនាក់ទំនង​របស់​កាតា អ្នកទោស​ចំនួន ១២​នាក់ ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ហើយ​ត្រូវបាន​គេ​បញ្ជូន​ភ្លាមៗ​ទៅ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ពិសេស​។ អ្នកទោស​ទាំង​១២​នាក់​នេះ ត្រូវបាន​គេ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ក្នុងចំណោម​នេះ អ្នកជំងឺ​ចំនួន​២​នាក់ បានចេញ​រោគសញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាល់ និង​ត្រូវបាន​គេ​ដា​ក់នៅ​បន្ទប់​ដាច់ដោយឡែក ក្រោម​ការព្យាបាល​យ៉ាង​ពិសេស​។ 
 
​ទន្ទឹមនឹង​ករណី​រក​ឃើញ​COVID-19 នៅក្នុង​គុក​បែបនេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស បាន​ព្រមាន​កាតា​ថា អ្នកទោស​ផ្សេងទៀត អាច​ប្រឈម​នឹង​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស បាន​លើកឡើងថា គុក​ធំ​នៅក្នុង​ទីក្រុង​ដូ​ហា គឺ​មិនមាន​វិធាន​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ហើយ​អាជ្ញាធរ​ថែមទាំង​រឹតត្បិត មិន​ឲ្យ​អ្នកទោស​ទទួលបាន​ការ​ថែទាំ​សុខ​ភាពជា​មូលដ្ឋាន​ទៀត​។ សេចក្តី​ថ្លែង​ការ​នេះ គឺធ្វើឡើង​ដោយ​ផ្នែក​ទៅតាម​ការអះអាង​របស់​អ្នកទោស​ចំនួន ៦​នាក់ ដែល​កំពុង​ជាប់ឃុំ​នៅ​គុក​ធំ​ក្នុង​ទីក្រុង​ដូ​ហា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ជាការ​ឆ្លើយតប រដ្ឋាភិបាល​កាតា បាន​ច្រានចោល​ការលើកឡើង​រប​ស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ដោយ​អះអាងថា ជា​របាយការណ៍ ដែល​ផ្អែកលើ​កិច្ច​សម្ភាស​ពី​មនុស្ស​មួយក្រុម​តូច ដែល​មិនបាន​បញ្ជាក់​ពី​ប្រភព​ឲ្យ​បាន​ត្រឹមត្រូវ​។  
 
​គិត​ត្រឹម​ពេលនេះ កាតា​មាន​ករណី​COVID-19 សរុប​ចំនួន ៣៣៩៦៩​ករណី អ្នកស្លាប់​ចំនួន ១៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៨៩៩​នាក់​។ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ​កូ​រ៉ូ​ណាវី​រុស នៅក្នុង​ប្រទេស កាតា​បានចេញ​បទបញ្ជា​មួយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ពាក់​ម៉ាស់​។ បើ​មិន​ព្រម​អនុវត្តតាម​ការណែនាំរ​ដ្ឋា​ភិ​បាល​កាតា អ្នក​ល្មើសបទបញ្ជា​នេះ អាច​នឹង​ជាប់គុក​រហូតដល់​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​៥៥០០០​ដុល្លារ​៕

Tag:
 កាតា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com