អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់អំណាចបន្ថែមដល់ WHO លោក ម៉ូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព AFP
× លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែឧសភា អំពាវនាវឲ្យមានការផ្តល់អំណាចបន្ថែមដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដែលគំរាមកំហែងដល់សុខភាពសកល។
កំណែទម្រង់ និងការផ្ដល់អំណាចឲ្យអង្គការសុខភាពពិភពលោក គឺជាប្រធានបទមួយដែលត្រូវបានរំលេចឡើងក្នុងកិច្ចប្រជុំប្រចាំរបស់អង្គការនេះ។ អង្គការនេះ ត្រូវមើលឃើញថា មិនមានអំណាចខ្លាំងក្នុងការចាប់បង្ខំសមាជិកឡើយ ក្រៅតែពីការផ្ដល់យោបល់លើបញ្ហាសុខាភិបាលនោះ។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន អំពាវនាវឲ្យសហគមន៍អន្តរជាតិផ្ដល់អំណាចថែមទៀតសម្រាប់អង្គការអន្តរជាតិមួយនេះ។
តាមរយៈសុន្ទរកថាទៅកាន់សន្និបាតសុខាភិបាលពិភពលោករបស់ WHO ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ លោក មូន បានលើកឡើងថា៖« យើងត្រូវតែធ្វើបច្ចុប្បន្នភាពបញ្ញត្តិសុខាភិបាលអន្តរជាតិរបស់ WHO និងបទដ្ឋានដែលទាក់ទង និងដោយភ្ជាប់ជាមួយនូវចំណងផ្លូវច្បាប់»។ ក្នុងន័យនេះ លោក មូន ចង់ឲ្យបញ្ញត្តិទាំងឡាយរបស់ WHO មានសិទ្ធិចាប់បង្ខំសមាជិកឲ្យអនុវត្ត ជាជាងការធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត។
យោងតាមបញ្ញត្តិឆ្នាំ២០០៥របស់អង្គការ សមាជិក WHO ទាំង១៩៤ប្រទេស ត្រូវផ្តល់ដំណឹងដល់អង្គការនេះឲ្យបានរហ័សក្នុងករណីដែលមានការផ្ទុះជំងឺឆ្លងណាមួយ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ WHO មានអនុភាពតិចតួច និងខ្វះអំណាចក្នុងការចូលទៅធ្វើការស៊ើបអង្កេតនៅក្នុងប្រទេសណាមួយ បើសិនជាគ្មានការអនុញ្ញាតពីប្រទេសសាមីនោះ ដែលការណ៍នេះបង្កឲ្យមានផលលំបាកសម្រាប់ការស្វែងរកប្រភពជំងឺ និងពន្យារពេលស្វែងរកថ្នាំព្យាបាល ឬវ៉ាក់សាំងការពារផងដែរ។
លោក មូន បន្ថែមថា« ទិន្ន័យទាក់ទងទៅការឆ្លង គួរតែត្រូវចែករំលែករវាងប្រទេសនឹងប្រទេសដោយតម្លាភាព ហើយប្រព័ន្ទព្រមានជាមុន និងយន្តការសហប្រតិបត្តិការត្រូវតែរួមគ្នាបង្កើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ៕
© រក្សាសិទ្ធិដោយ thmeythmey.com