COVID-19
អន្តរជាតិ
បារាំង​និង​អាល្លឺម៉ង់ លើកសំណើ​ថវិកា​៥៤៥​ពាន់​លាន​ដុល្លារ​ស្រោចស្រង់​អឺរ៉ុប​ពី COVID-19
19, May 2020 , 3:23 pm        
រូបភាព
លោកស្រីអេនជឺឡា មឺគែល អធិការបតីអាល្លឺម៉ង់ និង លោកអេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង។រូបភាពAFP
លោកស្រីអេនជឺឡា មឺគែល អធិការបតីអាល្លឺម៉ង់ និង លោកអេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង។រូបភាពAFP
ដោយ:
​បារាំង និង​អាល្លឺម៉ង់ នៅ​ថ្ងៃទី​១៨ ខែឧសភា បាន​លើកសំណើ​កញ្ចប់​ថវិកា​៥៤៥​ពាន់​លាន​ដុល្លារ ជា​មូលនិធិ​ហិរញ្ញវត្ថុ​ក្នុងការ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​ដែល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ COVID-19​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន AFP ។​

 
​ការប្រកាស​សំណើ​ក​ញ្វ​ប់​ថវិកា​ស្រោចស្រង់​សេដ្ឋកិច្ច​អឺរ៉ុប​ធ្វើឡើង ក្រោយ​ជំនួប​តាម​ប្រព័ន្ធ​អន​ឡាញ​រវាង​លោក អេ​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង និង​លោកស្រី​អែន​ជឺ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់​។ លោកស្រី Christine Lagarde ប្រធាន​ធនាគារកណ្តាល​អឺរ៉ុប បាន​ប្រាប់​សារព័ត៌មាន​អឺរ៉ុប​ធំៗ​ថា សំណើ​បារាំង​និង​អាល្លឺម៉ង់​មាន​ម​ហិ​ច្ឆិ​តា ចំ​គោលដៅ និង​គួរ​ឲ្យ​ស្វាគមន៍​។​
 
​ដោយសារតែ​ជំងឺ COVID-19 សេដ្ឋកិច្ច​របស់​អឺរ៉ុប​កំពុង​ជួប​បញ្ហា​ប្រឈម​ធំ​បំផុត​ចាប់​តាំងតែ​ពី​ចប់​សង្គ្រាមលោកលើកទី​២​មក​។ ប្រធានាធិបតី​បារាំង លោក ម៉ា​ក្រុង ទទួលស្គាល់ថា សហភាព​អឺរ៉ុប​ខ្វះ​ការឆ្លើយតប​ក្នុងដំណាក់កាល​ដំបូង​ទៅនឹង​ជំងឺ COVID-19 និង​ត្រូវមាន​ការសម្របសម្រួល​បន្ថែមទៀត​លើ​វិស័យ​សុខភាព​។​
 
​សេចក្តីថ្លែងការណ៍​រួម​រវាង​លោក ម៉ា​ក្រុង និង​លោកស្រី មឺ​ហ្គែ​ល បាន​បញ្ជាក់ថា ទឹកប្រាក់​៥៤៥​ពាន់​លាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច​អឺ​ឬ៉ុ​ប នឹង​បានមកពី​កម្ចី​ពី​ទីផ្សារ​ក្នុងនាម​សហភាព​អឺរ៉ុប ហើយនឹង​ត្រូវ​ចែកចាយ​ទៅកាន់ វិស័យ និង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ក្នុងចំណោម​ប្រទេស​ចំនួន​២៧​។​
 
​បើតាម​លោកស្រី​អធិការបតី មឺ​ហ្គែ​ល គោលបំណង​នៃ​សំណើ​នេះ គឺ​ដើម្បី​ធានាថា អឺរ៉ុប​ចេញពី​វិបត្តិ ដោយមាន​ភាពស្អិតល្មួត និង​សាមគ្គីភាព​បន្ថែមទៀត​។ លោកស្រី​បន្ថែមថា​៖ «​យើង​ជឿជាក់ថា វា​មិន​ត្រឹមតែ​យុ​ត្តិ​ធ​ម៍​ទេ ប៉ុន្តែ​វា​ជាការ​ចាំបាច់​ក្នុងការ​ទទួលបាន​មូលនិធិ​នេះ បន្ទាប់មក​យើង​នឹង​សង​ទៅ​ទីផ្សា​វិញ​តាមរយៈ​កញ្ចប់​ថវិការ​របស់​សហភាព​អឺរ៉ុប​ក្នុង​នាពេល​អនាគត​។​»
 
​ចំណែកឯ​លោក ម៉ា​ក្រុង វិញ អះអាងថា ប្រទេស​ដែល​ទទួលបាន​មូលនិធិ​ហិរញ្ញវត្ថុ នឹងមិន​ត្រូវ​សង​ប្រាក់​វិញ​ឡើង ដោយ​សង្កត់ធ្ងន់ថា នេះ​ជា​មូលនិធិ មិនមែនជា​កម្ចី​។ យ៉ាងណាមិញ លោក Sebastian Kurz អធិការបតី​អូទ្រីស​ប្រឆាំង​សំណើ​មួយ​នេះ​ភ្លាមៗ ដោយ​ទទូចថា ជំនួយ​ក្នុង​ទម្រង់​ណាក៏ដោយ​ត្រូវតែ​ជា​កម្ចី មិនមែន​ជំនួយឥតសំណង​ឡើយ​។​
 
​បើសិនជា​សំណើ​ខាងលើ ត្រូវបាន​យល់ព្រម​ដោយ​ប្រទេស​សមា​ជិ​អឺរ៉ុប​ទាំង​២៧ មូលនិធិ​ខាងលើនេះ​នឹង​បញ្ចប់​ការជាប់គាំង​គម្រោង​សារពើពន្ធ​ក្នុង​សហភាព​អឺរ៉ុប ព្រោះ​តាំងតែ​ពី​ដើមឡើយ ប្រទេស​នៅ​ភាគ​ខាងជើង​អឺរ៉ុប រួមមាន​អាល្លឺម៉ង់​ជាដើម ជំទាស់​ការខ្ចី​បំណុល​រួមគ្នា​។ សេដ្ឋកិច្ច​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ ត្រូវបាន​ព្យាករ​ថា នឹង​ខាតបង់​៧,៧​ភាគរយ​ក្នុងឆ្នាំនេះ ដោយ​ប្រទេស​នៅ​ភាគខាងត្បូង​ដូចជា​អ៊ីតាលី និង​ក្រិ​ក​នឹងរង​គ្រោះ​ខ្លាំងជាងគេ​ពី​ជំងឺ COVID-19 នេះ​៕
 

Tag:
 បារាំង​
  អាល្លឺម៉ង់​
  COVID-19
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com