ជាតិ
បទសម្ភាសន៍
លោក ឈ​ត ប៊ុន​ថង​៖ ការ​ប្រឹង​ចេញពី​គន្លង​ជីវភាព​លំបាក​របស់​ឪពុកម្តាយ មិនមែនជា​ការរើសអើង​ឡើយ​
19, May 2020 , 7:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ មួយរយៈ​ពេល​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជជែក​គ្នា​យ៉ាង​ផុសផុល​ជុំវិញ​ប្រធាន​រឿង​អ្នកស្រែ និង​អ្នកក្រុង​។ លោក​បណ្ឌិត ឈ​ត ប៊ុន​ថង មើលឃើញថា ប្រសិនបើ​មានការ​រើសអើង​គ្នា រវាង​អ្នកស្រែ និង​អ្នកក្រុង នោះ​នឹងធ្វើ​ឲ្យ​សង្គម​ងាយ​បែកបាក់​។ ទោះបីជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា​រូបនេះ បាន​ឡើង​ឡើង​ថា វា​មិនមែនជា​ការរើសអើង​នោះឡើយ នៅពេលដែល​ឪពុកម្តាយ​ដាស់តឿន​កូន​ឲ្យ​ខំរៀន​ដើម្បី​រួចផុត​ពី​ជីវភាព​បែប​អ្នកស្រុក​ស្រែចម្ការ​។​

 
​បច្ចុប្បន្ន កម្ពុជា​មិនមាន​ទម្រង់​នៃ​ការ​រើសអើង​គ្នា​រវាង​អ្នកទីក្រុង និង​ស្រុក​ស្រែចម្ការ​ធំដុំ​នោះទេ​។ នេះ​ជាការ​អះអាង​របស់លោក ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា​។ លោក ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​បច្ចុប្បន្ន ខ្ញុំ​មើលឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​យើង​ដូចជា​មិនមាន​ការ​រើស​រវាង​អ្នកទីក្រុង និង​អ្នក​ជនបទ​ទេ​។ អ្វីដែល​យើង​បានឃើញ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក វា​គ្រាន់​ជា​ករណី​ដោយឡែក​មួយ​ពីរ និង​មាន​លើក​ឡើងជា​យោបល់​ខុសៗ​គ្នា​ប៉ុណ្ណឹង​ទេ​»​។​

ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស រវាង​លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​ឈ​ត ប៊ុន​ថង សាស្ត្រាចារ្យ​ជំនាញ​ទស្សនវិជ្ជា​ដូចតទៅ​៖ 

 
 
​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង បន្តថា កន្លងមក ឪពុកម្តាយ​ខ្មែរ​ជាទូទៅ ច្រើនតែ​ដាស់តឿន​ឲ្យ​កូន​ខំរៀន ដើម្បី​រួចផុត​ពី​ជីវភាព​បែប​អ្នកស្រុក​ស្រែចម្ការ ដ្បិត​ជីវភាព​អ្នកស្រែ ដែល​កាល​មុន​ធ្វើស្រែ​តាមបែប​បុរាណ​នោះ មានការ​លំបាក នឿយហត់ និង​ស្ថិតនៅ​ហាលខ្យល់​ហាលភ្លៀង​។ ហេតុនេះ ទើប​យុវជន​សម័យ​បច្ចុប្បន្ន នៅពេល​ពួកគេ​ជោគជ័យ​លើ​ការសិក្សា ឬ​ការងារ ហើយ​ត្រូវ​សារព័ត៌មាន​សម្ភាស​នោះ ពួកគេ​តែងតែ​លើកឡើង​នូវ​បណ្តាំ​ឪពុកម្តាយ​របស់ខ្លួន ដែល​ឲ្យ​ខ្លួន​ខំរៀន ដើម្បី​ចៀស​ផុស​ពី​ជីវិត​ដូច​គាត់​។ យ៉ាងណា ការលើកឡើង​នេះ មិនមែនជា​ការរើសអើង​នោះទេ​។ 
 
​ដ្បិតតែ​បច្ចុប្បន្ន​ពុំមាន​ការរើសអើង​ធំដុំ​រវាង​អ្នកក្រុង និង​អ្នកស្រែ​មែន តែ​សាស្ត្រាចារ្យ ឈ​ត ប៊ុន​ថង ស្នើ​ឲ្យ​មហាជន ឬ​អ្នកលេង​បណ្តាញ​សង្គម មុន​សរសេរ និយាយ ឬ​សម្តែង​មតិ​អ្វីមួយ សូម​ប្រយ័ត្ន​ប្រយែង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ ឬ​បង្ក​ការ​រើស​គ្នា​ក្នុងសង្គម ព្រោះ​បើសិន​មានការ​រើសអើង​រវាង​អ្នកក្រុង និង​អ្នកស្រែ នោះ​សង្គម​នឹង​បាត់បង់​សាមគ្គីភាព និង​ងាយ​បែកបាក់​គ្នា​។   
 
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​វា​មាន​ប្រវត្តិ​ក្នុង​អតីតកាល​។ ក្នុងសង្គម​ខ្មែរ យើង​ឃើញ​ក្នុង​អក្សរសិល្ប៍​ខ្មែរ​ក៏មាន​សរសេរ ក្នុង​ជីវភាព​សង្គម​សម័យ​អតីតកាល​ក៏​លើកឡើង​ដែរ ជាពិសេស​ស្នាដៃ​ក្រម​ង៉ុ​យ​បាន​លើកឡើងថា កុំ​ឲ្យ​ដៀល​អ្នកស្រែ​។ កាលណា​គាត់​លើកឡើង​បែប​ហ្នឹង មានន័យថា សម័យ​នោះ​មាន​អ្នកក្រុង​ខ្លះ​អាច​ដៀល​អ្នកស្រែ​មែន​។ នៅ​ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ តិច​ឬ​ច្រើន គឺមាន​ការប្រៀបធៀប​គ្នារ​វា​អ្នកក្រុង និង​អ្នកស្រែ​។ ការ​ឃ្លាតឆ្ងាយ​រវាង​អ្នកក្រុង និង​អ្នកស្រែ បានធ្វើ​ឲ្យ​មាន​ការមិនយល់​គ្នា មិនសូវ​ឲ្យ​តម្លៃ​គ្នា មិនសូវ​ស្និទ្ធស្នាល​គ្នា រហូតដល់​មាន​លើកឡើងថា អ្នកស្រែ ត្រូវបាន​កៀបសង្កត់​ពី​អ្នកទីក្រុង ហើយ​វា​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន ដែល​របប​ខ្មែរក្រហម គាត់​អូសទាញ​ឲ្យ​អ្នក​ជនបទ​ធ្វើការ​តស៊ូ ហើយ​ពេល​ទទួលបាន​ជ័យជំនះ របប​ប៉ុលពត ក៏​ធ្វើ​ការសង​សឹង​អ្នកក្រុង អ្នកធ្វើការ ឬ​អ្នកចេះដឹង​ជាដើម​»៕     
 

Tag:
 ឈ​ត ប៊ុន​ថង​
 ​អ្នកស្រែ​
 ​អ្នកក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com