ព្រះអង្គ រឿន ប៊ុន​ហាយ​៖ កូ​វីដ​-១៩ ធ្វើ​ឲ្យ​វត្ត​ខ្មែរ​នៅ​ប៉ារីស​ខ្វះ​ចង្ហាន់ តែ​ស្ថានភាព​មិនអាក្រក់​ពេក​ឡើយ​
ជាតិ
បទសម្ភាសន៍
សុខភាព
ព្រះអង្គ រឿន ប៊ុន​ហាយ​៖ កូ​វីដ​-១៩ ធ្វើ​ឲ្យ​វត្ត​ខ្មែរ​នៅ​ប៉ារីស​ខ្វះ​ចង្ហាន់ តែ​ស្ថានភាព​មិនអាក្រក់​ពេក​ឡើយ​
21, May 2020 , 7:39 pm        
រូបភាព
​ការ​រាលដាល​កូ​វីដ​-១៩​នៅ​ប្រទេស​បារាំង  បានធ្វើឱ្យ​ព្រះសង្ឃ​ខ្មែរ​ដែល​គង់នៅ​វត្ត​សុវណ្ណ​ភូមិ ក្នុង​ក្រុងប៉ារីស មិនសូវមាន​បង្ហា​ន់​បរិបូរ​ដូច​មុន​ឡើយ ដោយ​ម្តងម្កាល​ព្រះសង្ឃ​ត្រូវ​ឆាន់​មី​កញ្ចប់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ព្រះអង្គ រឿន ប៊ុន​ហាយ ដែលជា​ព្រះចៅអធិការ​វត្ត បាន​មាន​សង្ឃដីកា​ថា ស្ថានភាព​ក៏​មិនអាក្រក់​ពេក​នោះដែរ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មួយចំនួន​នៅតែ​បន្ត​ផ្គត់ផ្គង់​ព្រះសង្ឃ ខណៈ​រដ្ឋាភិបាល​បារាំង ដាក់​វិធានការ​រឹតត្បិត​ការធ្វើដំណើរ ដើម្បី​ទប់ស្កាត់​ជំងឺ​រាលដាល​សាកល កូ​វីដ​-១៩​។​

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) តាម​ទូរ​សព្ទ ព្រះ​តេជគុណ រឿន ប៊ុន​ហាយ មាន​សង្ឃដីកា​ថា ចាប់ពី​បារាំង​ប្រកាស​បិទ​ប្រទេស​មក ដោយសារ​តែមាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ច្រើន គឺ​មានតែ​ញាតិ​ញោម​ឬ​ពុទ្ធបរិស័ទ​ប្រហែល​៥-៦​នាក់​ប៉ុណ្ណោះ ឆ្លៀត​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​។  ព្រះអង្គ អះអាង ថា ញាតិ​ញោម​ដែល​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ គឺជា​អ្នក​ដែលមាន​ផ្ទះ​ក្បែរ​វត្ត​ប៉ុណ្ណោះ​។ 
 
​សូម​ស្តាប់​បទ​សម្ភាស​រវាង​ព្រះ​តេជគុណ រឿន ប៊ុន​ហាយ ព្រះចៅអធិការ​វត្ត​សុវណ្ណ​ភូមិ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជាមួយ​កញ្ញា អ៊ូ សុខ​មាន អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ ដូចតទៅ​៖ 



 
«​មនុស្ស​ដដែល​ទេ ដែល​គាត់​ស្ម័គ្រចិត្ត​ធ្វើ​ចង្ហាន់​ប្រគេន​លោក​ឆាន់​»​។ បើតាម​ព្រះ​តេជគុណ រឿន ប៊ុន​ហាយ ចង្ហាន់​ដែល​ពុទ្ធបរិស័ទ​៥-៦​នាក់ ចម្អិន​អាហារ​ពី​ផ្ទះ​នោះ  គឺមាន​ញាតិ​ញោម​ខ្លះ​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ដោយផ្ទាល់ ហើយ​ជួនកាល​មាន​ញាតិ​ញោម​ទាំងនោះ​យក​ចង្ហាន់​ដាក់​នៅត្រឹម​ក្លោងទ្វារវត្ត ដោយ​ហៅ​ទូរ​សព្ទ​ឱ្យ​ព្រះសង្ឃ​ទៅយក​ចង្ហាន់​ដែល​ដាក់​នៅ​ក្លោងទ្វារ​នោះ​។ នេះ​បើតាម​សង្ឃដីការ​របស់​ព្រះ​តេជគុណ រឿន ប៊ុន​ហាយ​។ ព្រះអង្គ​បានបញ្ជាក់​ថា ពុទ្ធបរិស័ទ​ដែល​យក​ចង្ហាន់​ដាក់ឱ្យ​ក្លោងទ្វារវត្ត​ហ្នឹង គឺ​ដោយសារ​ពួកគាត់​ខ្លាច​ប៉ូលីស​ផាក ព្រោះតែ​រដ្ឋាភិបាល​បារាំង​អនុញ្ញាតឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​បានត្រឹមតែ​មួយ​ម៉ោង​ប៉ុណ្ណោះ​។  មួយវិញទៀត ពុទ្ធបរិស័ទ​ទាំងនោះ ក៏​ប្រុងប្រយ័ត្ន និង​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩ នោះដែរ​។ 
 
​ថ្វី​ដ្បិត​វត្ត​សុវណ្ណ​ភូមិ​នៅមាន​ពុទ្ធបរិស័ទ​មួយចំនួន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក៏ពិតមែន ប៉ុន្តែ​ព្រះសង្ឃ​ក្នុង​វត្ត​នោះ ក៏​នៅតែមាន​ខ្វះ និង​ដាច់​ចង្ហាន់​ផងដែរ​។ បើ​ធៀប​នឹង​ពីមុន​ដែល​បារាំង​មិនទាន់មាន​ជំងឺ​កូ​វីដ​-១៩ គឺ​ក្នុង​វត្តមាន​ចង្ហាន់​បរិបូរណ៍​ណាស់​។ ព្រះចៅអធិការ​សុវណ្ណ​ភូមិ មាន​សង្ឃដីកា​ដូច្នេះ​៖«​ដាច់​ចង្ហាន់​ហ្នឹង​មិនមែន​ថា​អត់បាយ​ឆាន់​នោះទេ គ្រាន់តែ​ពេលខ្លះ​មិនមាន​ម្ហូប​ច្រើន​។ យើង​ឆាន់​អី​តិចតួច ឱ្យតែរ​ស់បាន​ចឹ​ង​ទៅ​។ ជួនកាល​ឆុង​មី​ឆាន់​ខ្លះ អីចឹង​ទៅ ដោយសារ​ញាតិ​ញោម​ក៏​មិ​អាច​យក​ចង្ហាន់​មក​ប្រគេន​លោក​បាន​គ្រប់ពេល​ដែរ ព្រោះតែ​រវល់ និង​បង្ការ​ខ្លួន​ពី​ការឆ្លង​កូ​វីដ​-១៩»​។ 
 
​ព្រះអង្គ​បាន​បន្តថា​៖«​បើ​យើង​ប្រៀបធៀប​ពីមុន​កូ​វីដ មកដល់​ពេល​ជួប​កូ​វីដ​នេះ  ចង្ហាន់​គឺ​មិន​សម្បូរ មិន​សប្បាយ​ដូច​ពីមុន​ទេ ហើយ​យើង​ពេលនេះ ទោះបីជា​សម្បូរ​ចង្ហាន់ ក៏​យើង​សន្សំសំចៃ​ខ្លះ​ដែរ ព្រោះ​ទីផ្សារ​គេ​មិន​បើក​ទូទៅ​។ អ៊ីចឹង យើង​ក៏​សន្សំសំចៃ​! ទោះ​ថា​មាន​ម្ហូប​៥-៦​មុខ យើង​ឆាន់​តែ​៣​មុខ​អីចឹង​ទៅ ហើយ​ខ្លះទៀត​យើង​ដាក់​ទូក​ទឹកកក​៣​មុខ​អីចឹង​ទៅ​។ ព្រោះ​យើង​គិត​ទៅ​ថ្ងៃមុខ​ទៀត​ខ្លាច​ខ្វះខាត​ចង្ហាន់​តែ​ច្រើន​»​។ 
 
​ព្រះសង្ឃ​នៅរស់​នៅ​អចិន្ត្រៃយ៍​ក្នុង​វត្ត​សុវណ្ណ​ភូមិ គឺមាន​ចំនួន​៥​អង្គ​។ ក្រៅពី​ព្រះសង្ឃ​ខ្មែរ គឺ​គ្មាន​សង្ឃ​ជនជាតិ​ណា​ផ្សេង​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ព្រះ​តេជគុណ រឿន ប៊ុន​ហាយ ដោយបាន​បន្ត ព្រះសង្ឃ​ខ្មែរ​គង់នៅ​ទូទាំងប្រទេស​បារាំង មាន​ជិត​៥០​អង្គ ក្នុង​វត្ត​ចំនួន​១៩​។ ក្នុងនោះ​នៅ​ទីក្រុង​ប៉ារីស​មាន​វត្ត​ខ្មែរ​ចំនួន​៧​។ 


 
​សូមជម្រាបថា រដ្ឋាភិបាល​បារាំង​បាន​បិទ​ប្រទេស​នៅ​ថ្ងៃទី​១៥​មីនា រហូតដល់​ថ្ងៃទី​១១​ឧសភា ឆ្នាំ​២០២០​នេះ ទើប​បើក​ប្រទេស​វិញ ដោយសារតែ​ភាព​ធូរស្រាល​ពី​ជំងឺ​កូ​វីដ​-១៩(COVID-19)​។   គិត​ត្រឹម​ថ្ងៃទី​២១ ឧសភា ប្រទេស​បារាំង មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​១៨​ម៉ឺន​នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​ជាង​២,៨​ម៉ឺ​នាក់ និង​អ្នកជា​សះស្បើយ​មាន​ជាង​៦,៣​ម៉ឺន​នាក់​៕ 
 
 

Tag:
 Covid-19
  ព្រះសង្ឃ​
  វត្ត​សុវណ្ណ​ភូមិ​
© រក្សាសិទ្ធិដោយ thmeythmey.com