រដ្ឋាភិបាល គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នៅ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្សារ​ត្រាំខ្នា​រ
ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ​នៅ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្សារ​ត្រាំខ្នា​រ
22, May 2020 , 9:29 am        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​មួយ ​នៅលើ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ផ្សារ​ត្រាំខ្នារ ដែល​នៅ​ចន្លោះ​រវាង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដើម្បី​ជាម​ធ្យោ​បាយ​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់ និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​។

 
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ការសាងសង់​ស្ពាន នៅត្រង់ចំណុច​ផ្សារ​ត្រាំខ្នា​រនេះ ដោយសារ​ទីនោះ ជាទី​ប្រជុំជន​ដែលមាន​ពលរដ្ឋ​ធ្វើដំណើរ​ចេញ​-​ចូល​ច្រើន ។ ស្ថិតក្នុង​ការចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ នា​ព្រឹក​ថ្ងៃទី​២១ ខែឧសភា លោក ស៊ុន ចាន់ថុល មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​ធ្វើ​ស្ពាន​អាកាស​ដើម្បី​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​បាន និង​ជៀសវាង​ស្ទះចរាចរណ៍​។ យើង​បាន​ស្នើសុំ​ឲ្យ​ដាក់​ស្តុ​ប​នៅត្រង់ចំណុច​នោះ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​រៀបចំ​បង្គោល​ភ្លើង​នៅត្រង់​ស្ពាន​នោះ​»​។ 
 


លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលស្ថិតនៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ផ្លូវ​ក្នុង​ក្រុង​កំពតដែលគ្រោង​នឹង​ប្តូរពី​បេតុង​កៅស៊ូ ទៅបេតង់ស៊ីម៉ងត៍

​លោក ហ៊ាង សុទ្ធា​យុត្ត ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​ អាច​នឹង​សាងសង់ឡើង បន្ទាប់​ក្រសួង​បញ្ចប់​ការសាងសង់​ផ្លូវ​ពី​ចំណុច​ចោមចៅ​ ទៅ​ខេត្តកំពត រួច​បន្តទៅ​ម្ដុំ​វាលរេញ ខេត្ត​ព្រះសីហនុ ឲ្យ​ចប់​រួចរាល់​ជា​ស្ថាពរ​សិន ។​
 
​បើតាម​លោក ហ៊ាង សុទ្ធា​យុត្ត ក្រសួង​សាធារណការ មាន​ប្លង់ និង​សិក្សា​លម្អិត​ ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​រួចហើយ​។ លោក ហ៊ាង សុទ្ធា​យុត្ត ប្រាប់​ដូច្នេះ​ថា​៖«​ជារួម​យើង​មាន​ប្លង់​ហើយ​។ លោក​រដ្ឋមន្ត្រី លោក​បាន​ពិនិត្យមើល និង​សម្រេច និង​​កែ​ប្លង់​។ ការកែ​ប្លង់​របស់​យើង​គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ប៉ះពាល់​ទៅដល់​ពលរដ្ឋ​»​។ 
 
​លោក ហ៊ាង សុទ្ធា​យុត្ត មិនទាន់​អាច​បញ្ជាក់​ពី​ប្រវែង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ និង​ទំហំ​ទឹកប្រាក់​សម្រាប់​ចំណាយ​លើ​គម្រោង​ស្ពាន​នៅឡើយ​ទេ​។​
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៤​កន្លែង​ហើយ រួមមាន​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្សារ​កំពង់ស្ពឺ ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​នា​ងគ​ង្ហី​ង ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត និង​ត្រង់ចំណុច​វិទ្យាល័យ​ចំណេះ​ទូទៅ ហ៊ុន សែន​ជម្ពូ​វ័ន ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 
 
​បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ ក៏​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​ចំណុច​បន្ថែមទៀត គឺ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ និង​ស្ពាន​អាកាស​ថ្មើរជើង​មុខ​បឋមសិក្សា​សន្ធរម៉ុក​៕ 
 
 

Tag:
 ស្ពាន​អាកាស​ថ្មើរជើង​
© រក្សាសិទ្ធិដោយ thmeythmey.com