សមត្ថកិច្ច អះអាងថា នារី ដែលកាត់តរូបប៉ូលិសចរាចរណ៍ដូចខ្សែភាពយន្ត «ពិតជាមានកំហុសមែន»
ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមជាតិ
សមត្ថកិច្ច អះអាងថា នារី ដែលកាត់តរូបប៉ូលិសចរាចរណ៍ដូចខ្សែភាពយន្ត «ពិតជាមានកំហុសមែន»
22, May 2020 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
នាវីវ័យ៣០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ច ហៅទៅណែនាំនិងអប់រំ ក្រោយនាង យករូបនគរបាលចរាចរណ៍៥-៦នាក់ ទៅកាត់តចូលគ្នា ក្នុងន័យជាការលេងសើច។



ក្នុងផ្ទៃនៃរូបនោះ គឺរូបនគរបាលចរណ៍ កំពុងធ្វើដំណើររួមគ្នា រូបភ្លើងកំពុងឆាបឆេះ និង រូបយន្តហោះសង្គ្រាមជាច្រើន រួមជាមួយនឹងរូបអគារនានា មានផ្សែងហុយ ដែលមើលហាក់ដូចជារងការទម្លាក់គ្រាប់ផ្ទុះ។ ក្នុងរូបនោះ មានសរសេរអក្សរថា «អរុណសួស្តី តោះមើលភាពយន្តខ្នាតធំ កំពុងល្បី បេសកកម្មឆ្នាំ២០២០»។

នាង បានយករូបនោះ ទៅបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយសរសេរបែបកំប្លែងថា «ភាពយន្តខ្នាតធំ រឿងអ្នកប្រមាញ់បទល្មើស បង្ហាញពីឈុតឆាកស៊ីសាច់ហុតឈាម ដេញចាប់ជនល្មើសពេញថ្នល់ តម្លៃសំបុត្រចាប់ពី៦ម៉ឺនរៀលឡើង...សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា»។

តាមរយៈអត្ថបទព័ត៌មានរបស់ខ្លួន ដែលចុះផ្សាយអំពីទង្វើរបស់នារីនោះ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចំណងថា «ពិតជាមានកំហុសមែន»។ នគរបាលជាតិ បានហៅទង្វើរបស់នាង ថាជាការប្រឌិតរូបភាពនិងអត្ថបទ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល ក្នុងប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍។

នគរបាលជាតិ អះអាងថា នាង បានចេញមុខសូមទោសនិងសូមការលើកលែងទោសចំពោះកំហុសអចេតនារបស់នាង ដែលកើតឡើងដោយខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ។ បើតាមការផ្សាយរបស់នគរបាលជាតិ នាង សារភាពថា ទង្វើរបស់នាង អាចធ្វើឲ្យសាធារណជន និងអ្នកប្រើបណ្ដាញសង្គម យល់ច្រឡំ និងយកទៅចំអកឡកឡឺយ ខុសពីការពិត។ នគរបាលជាតិ បញ្ជាក់ថា នាង សន្យាមិនឲ្យកំហុសបែបនេះ កើតឡើងជាលើកទី២ជាដាច់ខាត៕

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com