COVID-19
អន្តរជាតិ
សិង្ហបុរី មានករណីឆ្លង COVID-19 សរុបកើនលើសពី ៣ម៉ឺនករណី ពលករបរទេស ដែលស្នាក់នៅនិវេសនដ្ឋាន។ រូបភាព Reuters
× សិង្ហបុរី នៅថ្ងៃទី២២ ខែឧសភា បានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីចំនួន ៦១៤ករណី។ តួលេខនេះ បានធ្វើឲ្យសិង្ហបុរីមានករណីឆ្លងសរុបលើសពី ៣ម៉ឺនករណី ដែលនៅតែរក្សាតំណែងជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេនៅក្នុងតំបន់អាស៊ាន។
តាមរយៈសេចក្តីប្រកាសតួលេខCOVID-19 ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល សិង្ហបុរី បានរកឃើញករណីឆ្លងថ្មីចំនួន ៦១៤ករណី។ ភាគច្រើននៃករណីថ្មីនេះ គឺជាកម្មករបរទេស ដែលរស់នៅក្នុងនិវេសនដ្ឋាន និង៤ករណីផ្សេងទៀត គឺជាជនជាតិសិង្ហបុរី។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាតួលេខបឋមតែប៉ុណ្ណោះ ក្រសួង នឹងប្រកាសព័ត៌មានលំអិតនៅពេលក្រោយ។
តួលេខឆ្លងCOVID-19 សរុបរបស់សិង្ហបុរីមានចំនួន ៣០៤២៦ករណី និងអ្នកស្លាប់ចំនួន ២៣នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ១២១១៧ករណី។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
កន្លងមក ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺរលាកសួតប្រភេទថ្មី រដ្ឋាភិបាលសិង្ហបុរី បានចេញវិធានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស បិទសាលារៀនបណ្តោះអាសន្ន បញ្ចេញថវិកាជួយសង្គ្រោះសេដ្ឋកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់ និងវិធានការការពារផ្សេងទៀត។
សូមបញ្ជាក់ថា ក្នុងចំណោមបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន សិង្ហបុរី គឺជាប្រទេសមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេ ខណៈពេលឡាវ មានករណី COVID-19 សរុបតិចជាងគេ ត្រឹមតែ ១៩ករណីប៉ុណ្ណោះ បើធៀបជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់៕
Tag:
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com