COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ លីគចំនួន៣នៅអង់គ្លេស នឹងត្រូវមានក្រុមកាត់ចោល និងដំឡើង បើលីគត្រូវរំសាយ
× ក្រុមដែលលេងក្នុងក្របខណ្ឌលីគកីឡាបាល់ទាត់ចំនួន៣កម្រិតនៅអង់គ្លេសនឹងត្រូវមានការកាត់ចោល នឹងដំឡើង ប្រសិនបើការប្រកួតលីគរដូវកាលនេះត្រូវរំសាយចោល ដោយសារវិបត្តិជំងឺ COVID-19។ យ៉ាងណា ការប្រកួតជម្រុះ play-off ត្រូវបន្តលេងដដែល ប៉ុន្តែមិនឲ្យលើសពី ៤ ក្រុមឡើយ។
ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់អង់គ្លេស (EFL) បានអះអាងថា ៥១ភាគរយ ក្រុមនៃលីគទី២អង់គ្លេស (Championship) លីគទី៣ (League One) និងលីគកម្រិតទី៤ (League Two) ត្រូវការឯកភាពគ្នាសម្រាប់យុទ្ធនាការការប្រកួតលីគនិមួយៗដែលនៅសេសសល់។
ក្នុងកិច្ចពិភាក្សាមួយកាលពីសប្តាហ៍មុនត្រូវបានជាប់គាំង ដោយសារមានក្លិបចំនួន៦ នៃក្របខណ្ឌ League One ដោយរួមមានទាំង Sunderland, Portsmouth និង Ipswich Town បាននិយាយថាពួកគេចង់បន្តរដូវកាលនេះទៀត។ ជុំវិញករណីនេះ BBC ផ្សាយថាក្រុម Portsmouth នឹងគាំទ្រឲ្យមានការបន្តរដូវកាលនៅពេលដែលក្លិបនេះត្រូវបានស្នើសុំឲ្យបោះឆ្នោតលើបញ្ហានេះ។
ប្រសិនបើរដូវកាលនេះត្រូវរំសាយ ហើយត្រូវប្រើប្រព័ន្ធពិន្ទុក្នុងមួយប្រកួតដែលផ្តល់ឲ្យដោយ EFL នោះក្រុម Wycombe Wanderers ដែលឈរលេខរៀងទី៨ក្នុងតារាង League 1 នឹងឡើងទៅប្រកួត play-off ជំនួសក្រុម Peterborough United ដែលឈរលេខ៦។ ក្រុមទាំងពីរមាន៥៩ពិន្ទុដូចគ្នាតែ Peterborough United ប្រកួតលើស Wycombe Wanderers មួយប្រកួត។ សូមបញ្ជាក់ថាក្រុមពីលេខ៣ដល់លេខ៦នៃលីគនិមួយទទួលបានកៅអី play-off រៀងខ្លួន។
យ៉ាងណាក៏ដោយ ការសម្រេចប្រើច្បាប់ថ្មីខាងលើឬអត់នឹងត្រូវឆ្លងកាត់ការបោះឆ្មោតដែលមានការចូលរួមពីក្រុមទាំង៧១ របស់ EFL ជាមុនសិន។
ខណៈដែល League One អាចដើរតាមគន្លង League Two ក្នុងការកាត់បន្ថយការប្រកួតនោះ ក្របខណ្ឌ Championship កំពុងសង្ឃឹមថានឹងចាប់ផ្តើមលីគឡើងវិញនៅខែមិថុនាខាងមុខ ជាមួយក្របខណ្ឌលីគកំពូលអង់គ្លេស Premier League៕
© រក្សាសិទ្ធិដោយ thmeythmey.com