COVID-19
អន្តរជាតិ
មនុស្ស​២​នាក់​នៅមាន​ជីវិត ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស​៩៩​នាក់​នៅ​ប៉ា​គី​ស្ថាន​
23, May 2020 , 11:09 am        
រូបភាព
ដោយ:
​យ៉ាងតិច​មនុស្ស​៤១​នាក់ ត្រូវបាន​បញ្ជាក់ថា​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​មួយ ក្នុង​តំបន់​ប្រជាជន​នៃ​ទីក្រុង Karachi ។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន (PIA) បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​២២ ខែឧសភា​។ យន្តហោះ​ដឹក​មនុស្ស​សរុប​៩៩​នាក់​ធ្លាក់​បុកដី​ក្រោយ​ព្យាយាម​ចុះចត​២​ដង​មិន​សម្រេច​នៅ​ព្រលានយន្តហោះ​។  បើតាម​អាជ្ញាធរ អ្នកដំណើរ​២​នាក់​នៅ​រស់រានមានជីវិត​។

 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខេត្ត Sindh របស់​ប៉ា​គី​ស្ថាន បានបញ្ជាក់​អ្នកសារព័ត៌មាន​ថា អ្នកដំណើរ​២​នាក់​នៅមាន​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ Airbus ប្រភេទ A320 នេះ​។ អ្នកដំណើរ​នៅរស់​ទី​១ គឺ​លោក Zafar Masood ដែលជា​ប្រធាន​ធនាគារ Punjab ។ ខាង​ធនាគារ​លោក អះអាងថា លោក Masood បាក់ឆ្អឹង​ច្រើន​កន្លែង តែ​លោក​មាន​ស្មារតី​ល្អប្រសើរ​។ អ្នក​នៅរស់​ម្នាក់ទៀត គឺជា​វិស្វករ​ដែលមាន​ឈ្មោះថា Muhammad Zubair​។​
 
​ផ្សែងខ្មៅ​ខ្មួលខ្មាញ​ភាយ​ពេញ​មេឃ​ពី​កន្លែងកើតហេតុ​ទី​យន្តហោះ​នេះ​ធ្លាក់​បុក​ផ្ទះ​ប្រជាជន នៅវេលា​ម៉ោង​២៖៤៥​រសៀល​ក្នុងស្រុក​។ សាក្សី​នៅ​កន្លែងកើតហេតុ​ម្នាក់​បាន​អះអាងថា យន្តហោះ​នេះ​ដំបូង​ឡើយ​បាន​បុក​បង្គោល​សេវា​ទូរ​សព្ទ ហើយ​ទៅបុក​ផ្ទះ​ប្រជាជន​បន្ត​។ 
 
​អាជ្ញាធរ​អាកាសចរណ៍ បញ្ជាក់ថា យន្តហោះ Airbus A320 នេះ​បាន​ហោះ​ធ្វើដំណើរ​ចេញពី​ទីក្រុង Lahore ឆ្ពោះទៅកាន់​ទីក្រុង Karachi ដោយ​ដឹក​អ្នកដំណើរ​៩១​នាក់ និង​បុគ្គលិក​បម្រើ​លើ​យន្តហោះ ៨​នាក់​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​ក្រោយ​ប៉ា​គី​ស្ថាន​បានសម្រេច​បើក​ដំណើរការ​ជើងហោះហើរ​ក្នុងស្រុក​ឡើងវិញ ក្នុង​បរិយាកាស COVID-19​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ព័ត៌មាន​នៃ​ក្រសួងសុខាភិបាល​ប៉ា​គី​ស្ថាន បាន​អះអាងថា មនុស្ស​សរុប​៨០​នាក់​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ចំនួន​២​កន្លែង​ក្នុង​ខេត្ត Sindh​។ ខាង​ក្រុមហ៊ុន​អាកាសចរណ៍ ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ទទួលដំណឹង​ថា​មនុស្ស​៤១​នាក់​បាន​បញ្ជា​ក់ថាស្លាប់​។ 
 
​មុនពេល​ធ្លាក់ អ្នកបើកបរ​យន្តហោះ បាន​ប្រាប់​ទៅ​ផ្នែក​គ្រប់គ្រង​ចរាចរណ៍​អាកាស​ថា លោក​បាត់បង់​ការគ្រប់គ្រង​លើ​ម៉ាស៊ីន​យន្តហោះ​ទាំងពីរ​។ បើតាម​ខ្សែអាត់​សំឡេង​ដែល​បង្ហោះ​លើ​វេ​ប​សាយ liveatc.net បុរស​ម្នាក់​បាន​ស្រែកថា​៖«​យើង​ត្រូវ​ត្រលប់​ទៅវិញ​។ យើង​បាត់បង់​ការគ្រប់គ្រង​លើ​ម៉ាស៊ីន​ហើយ​»​។ ខាង​គ្រប់គ្រង​ចរាចរណ៍  បាន​ត្រៀម​ទុក​ផ្លូវ​ឲ្យ​យន្តហោះ​នេះ​ចុះចត តែ​ប៉ុន្មាន​នាទី​ក្រោយមក បុរស​ម្នាក់​ស្រែកថា​៖«Mayday! Mayday!Mayday!»​។ នេះ​មានន័យថា យន្តហោះ​នេះ​កំពុង​ដាំ​ក្បាល​ចុះ​ហើយ​៕


Tag:
 ​ប៉ា​គី​ស្ថាន​
  Airbus
© រក្សាសិទ្ធិដោយ thmeythmey.com