អន្តរជាតិ
អាមេរិក ពិចារណា​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៩២
23, May 2020 , 9:59 pm        
រូបភាព
លោកប្រធានាធិបតី ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតី ដូណាល់ ត្រាំ (AFP)
ដោយ:
​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ពិភាក្សា​ផែនការ​រៀបចំ​ការធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៩២ ដែល​អាចជា​ការព្រមាន​ដល់​រុស្ស៊ី​និង​ចិន​។ កាសែត​អាមេរិក Washington Post បាន​ចុះផ្សាយ​បែបនេះ​នៅ​ថ្ងៃទី​២២ ខែឧសភា​។​

 
​ការធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​បែបនេះ នឹង​ក្លាយជា​ការអនុវត្ត​ផ្ទុយ​ពី​គោលនយោបាយ​ការពារជាតិ​អាមេរិក  និង​បង្ក​ហានិភ័យ​សម្រាប់​ប្រជាជាតិ​ដែលមាន​អាវុធ​មហា​ប្រល័យ​លោក​នេះ​ដទៃទៀត​។ ត្រង់ចំណុច​នេះ អ្នកវិភាគ​ម្នាក់​បាន​ប្រាប់​កាសែត​អាមេរិក​ខាងលើនេះ​ថា ប្រសិនបើ​ផែនការ​នេះ​ត្រូវ​ផ្ដល់​ភ្លើង​បៃតង​មែន​នោ​ហ វា​នឹងត្រូវ​មើលឃើញ​ជាការ​ចាប់ផ្ដើម​ការប្រណាំង​ប្រជែង​អាយុ​នុយក្លេអ៊ែរ ដែល​ពុំ​ធ្លាប់​កើតមាន​ពីមុនមក​។  
 
​របាយការណ៍​ដែល​កាសែត Washington Post ដែល​បាន​ដកស្រង់​សម្តី​មន្ត្រីរដ្ឋបាល​អាមេរិក​ជាន់ខ្ពស់​ម្នាក់ និង​អតីតមន្ត្រី​២​នាក់ ហើយ​ពួកគេ​សុទ្ធតែ​និយាយ​ដោយ​អនាមិក បញ្ជាក់ថា ការពិភាក្សា​នេះ បានធ្វើ​ឡើង​នៅ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​១៥ ខែឧសភា​។​
 
​របាយការណ៍​ស្តីពី​ផែនការ​របស់​រដ្ឋបាល​លោក​ត្រាំ​នេះ កើតឡើង​ក្រោយ​មន្ត្រី​អាមេរិក​ខ្លះ ត្រូវបាន​រាយការណ៍ ពួកគេ​អះអាងថា រុស្ស៊ី​និង​ចិន​បានធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ធុន​តូច (low-yield)​។ ក្រោយមក រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង​ប៉េកាំង បាន​ច្រានចោល​ការអះអាង ដោយ​និយាយថា សហរដ្ឋអាមេរិក​គ្មាន​ភ័ស្តុតាង​ណាមួយ​បញ្ជាក់​ឡើយ​។​
 
​សូមបញ្ជាក់ថា របាយការណ៍​របស់​កា​សែត Washington Post នេះដែរ បាន​ចុះផ្សាយ​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក ដូ​ណា​ល់ ត្រា​ម បានប្រកាសថា លោក​មាន​ផែនការ​ដកហូត​ចេញពី​សន្ធិសញ្ញា​ចំហ​មេឃ​ជាមួយ​រុស្ស៊ី ដែល​បង្កើតឡើង​ក្នុង​គោលដៅ​ពង្រឹង​តម្លាភាព​យោធា និង​ទំនុកចិត្ត​រវាង​មហាអំណាច​ទាំងពីរ​។ លោក​ត្រាំ ចោទ​រុស្ស៊ី​ថា មិន​គោរព​សន្ធិសញ្ញា​នេះ​។ 
 
​កាលពីដើម​ខែឧសភា​នេះ លោក​ប្រធានាធិបតី ត្រាំ បាន​ទទូច​ឲ្យ​មានការ​ចូលរួម​របស់​ចិន​ក្នុង​កិច្ចពិភាក្សា​គ្រប់គ្រង​អាវុធ​ថ្មី​ជាមួយ​រុស្ស៊ី ដោយ​ប្រាប់​សម​ភាគី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ពួកគេ​ត្រូវ​បញ្ចៀស​ការប្រណាំង​ប្រជែង​អាវុធ ដែល​ខាត​បង់លុយ​ច្រើន​។  នេះ​ពុំមែន​ជា​លើក​ទី​១​ដែល​គោលនយោបាយ​ការពារជាតិ​របស់លោក បាន​បង្កើន​កង្វល់​ពាក់​ព័ន្ធ​ថា រដ្ឋបាល​លោក​កំពុង​ដំឡើង​ហានិភ័យ​នៃ​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​៕

Tag:
 សហរដ្ឋអាមេរិក​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com