ជាតិ
ក្រោយ​ពលរដ្ឋ​ត្អូញត្អែរ ក្រសួង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត ប្រើប្រាស់​លេខ​កូដ​រួម សម្រាប់​ផ្តាច់​ប្រព័ន្ធ​កាត់លុយ​ស្វ័យប្រវត្តិ​
24, May 2020 , 8:59 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍
​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជំរុញ​ឱ្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ទាំងអស់ ព​ន្លឿ​ន​ការអនុវត្ត​លេខ​កូដ​រួមមួយ ដើម្បី​អាច​កាត់ផ្តាច់​ប្រព័ន្ធ​កាត់លុយ​ស្វ័យប្រវត្តិ​។ ការរៀបចំ​ដំណើរការ​ប្រើប្រាស់​លេខ​កូដ​រួម​នេះ ធ្វើឡើង​ក្រោយពី​ពលរដ្ឋ​ជាច្រើន បាន​ត្អូញត្អែរ​អំពី​បញ្ហា​កាត់លុយ​តាម​ទូរ​សព្ទ ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការភ្ជាប់​សេវាកម្ម​ផ្សេងៗ​ដោយ​មិនដឹង​ខ្លួន​។ នេះ​បើតាម​លិខិត​ក្រសួង កាលពី​ថ្ងៃទី​២២ ឧសភា​។​

 
​ក្រសួង​ប្រៃសណីយ៍ បាន​ប្រាប់​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​លេខ​កូដ​រួមមួយ ដែល​បាន​បង្កើត​រួចហើយនោះ ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ និង​ផ្តាច់​រាល់​សេវាកម្ម​បន្ថែម​ដែល​បាន​ភ្ជាប់​ដោយ​ខ្លួនឯង ហើយ​ចៀសវាង​ការ​កាត់លុយ​ជា​ស្វ័យប្រវត្តិ​តទៅទៀត ដែលនាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អតិថិជន​។​
 
​ជាមួយគ្នានេះ​ក្រសួង ក៏​ស្នើឱ្យ​ពលរដ្ឋ​យល់ដឹង​អំពី​ទំហំ​កញ្ចប់​សេវា​ដែល​ខ្លួន​ទទួល និង​សុពលភាព លើ​ការប្រើប្រាស់​សេវាកម្ម និង​សេវា​បន្ថែម​របស់​បណ្ដា​ក្រុមហ៊ុន​នីមួយៗ ឱ្យបាន​ច្បាស់លាស់ នៅពេល​មានការ​ភ្ជាប់​គម្រោង​ផ្សេងៗ ដូចជា​ការផ្លាស់ប្តូ​រគ​ម្រោ​ង ការប្តូរ​លុយ សេវា Calltune សេវា​ឆ្នោត (Lottery) សេវា​ហោរាសាស្ដ្រ សេវា​ស្ដាប់ ចម្រៀង (Music) លទ្ធផល​ព័ត៌មាន​កីឡា (Sport) សេវា​ខ្ចីប្រាក់​មុន​ពី​ក្រុមហ៊ុន (Loan) និង​សេវា​ហៅ​ចេញ​ដោយ មិន​បញ្ចេញ​លេខ (Private Number) ជាដើម​។​
 
​អ្នកប្រើប្រាស់​ទាំងអស់ មុន​នឹងធ្វើ​ការតភ្ជាប់​សេវាកម្ម​ណាមួយ គប្បី​មានការ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​។ នេះ​ជាការ​អំពាវនាវ​របស់​ក្រសួង​ប្រៃសណីយ៍​៕

Tag:
 បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com