ផ្ទះស្លឹក​ដែល​ផ្តល់​ភាព​ត្រជាក់​ទាំងថ្ងៃទាំងយប់ នៅសល់​តិចតួច​បំផុត​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ផ្ទះស្លឹក​ដែល​ផ្តល់​ភាព​ត្រជាក់​ទាំងថ្ងៃទាំងយប់ នៅសល់​តិចតួច​បំផុត​
24, May 2020 , 5:19 pm        
រូបភាព
ព្រៃវែង​៖ ផ្ទះ​ដែលមាន​ដំបូល និង​ជញ្ជាំង​បិទបាំង​ដោយ​ស្លឹកត្នោត ឬ​ស្លឹក​ជ្រែ​ជាដើម​នោះ កាន់តែ​ខ្សត់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តាមពិតទៅ ផ្ទះ​ដែល​ធ្វើ​ពី​ធនធានធម្មជាតិ​ក្នុងស្រុក​ទាំងនេះ ផ្តល់​ភាពងាយស្រួល​ដល់​ការរស់នៅ និង​ជួយ​ដល់​សុខភាព មិន​ថា​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់​ក៏ដោយ​។ អ្នក​ដែល​នៅ​រក្សា​ផ្ទះ​ប្រភេទ​នេះ មកដល់​ពេលបច្ចុប្បន្ន សរសើរ​ត្រង់​វា​ផ្ដល់​ភាព​ត្រជាក់​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ ប៉ុន្តែ​ពួកគាត់​ទើសទាល់ ត្រង់​ជួសជុល​ញឹកញាប់​។ 

 
​តទៅ​នេះ​សូម​ប្រិយមិត្ត អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​មេត្រីភាព​៖
 
 
​កម្ដៅ​ផែនដី កាន់តែ​ក្ដៅ​ឡើងៗ​មិន​ឈប់ឈរ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ធ្វើឱ្យ​មនុស្ស​កាន់តែ​ពិបាក​រស់នៅ​។ មិន​ថា​នៅ​ទីក្រុង ឬ​ជនបទ ទាំងថ្ងៃទាំងយប់ បើ​មិនមាន​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់​ទេ នោះ​នឹង​ពិបាក​ស្ថិតនៅ​ក្នុងផ្ទះ ព្រោះ​ចំហាយ​កម្ដៅ បាន​ធ្វើទុក្ខបុកម្នេញ​។ 
 
​បើ​និយាយ​ពី​នៅ​រាជធានី​ភ្នំពេញ ដែល​សម្បូរ​ទៅដោយ​អគារ​ទាំង​ធំ ទាំង​តូច យ៉ាង​ចង្អៀត និង​មាន​ដើមឈើ​តិចតួច​នោះ នៅក្នុង​ផ្ទះថ្ម​នីមួយៗ ប្រៀបបាន​នឹង​ឡ​កម្ដៅ​ទៅហើយ បើទោះបី​ថ្ងៃ​ឬក៏​យប់​ក្ដី​។ ងាក​ទៅផ្ទះ​នៅតាម​ជនបទ​វិញ បច្ចុប្បន្ន ផ្ទះ​ភាគច្រើន​ធ្វើ​ជញ្ជាំង​ពី​ស័ង្កសី ឬ​បន្ទះក្ដារ​។ ចំណែក​ដំបូល​ធ្វើ​ពី​ស័ង្កសី ឬ​ក្បឿង​ជាដើម​។ ដោយឡែក ផ្ទះ​ដែលមាន​ជញ្ជាំង និង​ដំបូល​ប្រក់​ស្លឹក​នោះ គឺ​នៅមាន​សេសសល់​តិចតួច​បំផុត ហើយ​ភាគច្រើន​ផ្ទះ​ទាំងនោះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​។ ក្នុងស្ថានភាព​អាកាសធាតុ​កំពុង​ក្ដៅ​ខ្លាំង ដូច​បច្ចុប្បន្ន ផ្ទះស្លឹក​ពិតជា​ស័ក្ដិសម ក្នុងការ​រស់នៅ​បំផុត​។ 
 
​ស្ថិតក្នុង​ភូមិ​ពោធិ៍​អណ្ដោត ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ផ្ទះ​ដែលមាន​ជញ្ជាំង និង​ដំបូល​ធ្វើ​ពី​ស្លឹកត្នោត ហ៊ុមព័ទ្ធ​ដោយ​គុម្ព​ឫស្សី និង​ដើមឈើ​ហូប​ផ្លែ​ដទៃទៀត​នោះ គឺជា​កម្ម​សិទ្ធ​របស់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ នូ នែ​។ ផ្ទះ​ដែលមាន​ទំហំ​ទទឹង​ជាង​៤​ម៉ែត្រ និង​បណ្ដោយ​ជាង​៦​ម៉ែត្រ​នេះ មាន​អាយុ​ជាង​៥០​ឆ្នាំ​មកហើយ នេះ​បើតាម​ដូនចាស់​វ័យ​៧៣​ឆ្នាំ នូ នែ​។ នៅក្នុង​ផ្ទះ​នេះ មិន​ក្ដៅ​ទេ​ទាំងយប់ និង​ថ្ងៃ​។ វា​ត្រជាក់​ជាង​ផ្ទះ​ដែក​។ បើ​ផ្ទះ​ដែក យើង​នៅលើផ្ទះ​មិន​បានទេ​។ ផ្ទះ​ខ្ញុំ​ធ្វើ​យូរហើយ តាំងពី​ឆ្នាំ​១៩៦៦​។ ធ្លាប់​ជួសជុល​សសរ​ដែរ គឺ​សរសរ​៣​នោះ តែ​ឥឡូវ​វា​ខូច​អស់​ទៀត​ទៅហើយ​»​។​
 
​និយាយប្រាប់​ខ្ញុំ​បណ្ដើរ ហើយ​ដៃ​ទាំងពីរ​ហែក​ផ្លែ​គ​ទុំ​បណ្ដើរ ដើម្បី​យក​សំឡី​ទុក​ញាត់​ខ្នើយ ដូន​ដែល​មានកូន​ស្ត្រី​២​នាក់​រូបនេះ ថា​ជម្រក​ដែល​ជួយ​បាំង​កម្ដៅ បាំង​ភ្លៀងខ្យល់​នេះ គឺ​គាត់​ជា​អ្នក​ក្រង​ស្លឹក​ទាំងអស់​។ ដូនចាស់​បន្ថែម ខណៈពេល​ភ្នែក​ផ្ដោតទៅលើ​តែ​ការងារ​ហែ​កគ​គាត់​បន្ត​ដូច្នេះ​៖«​ដំបូល និង​ជញ្ជាំង​ផ្ទះ​នេះ ជួសជុល​ច្រើនដង​ហើយ​។ ស្លឹក​ខ្ញុំ​មាន​ច្រើន តែ​ខ្ញុំ​ជួល​គេ​ទៅ​កាប់​ឱ្យ ហើយ​ខ្ញុំ​ក្រង​ខ្លួនឯង​»​។​

ដូន​ចាស់​ នូ នែ កំពុង​អង្គុយ​ហែក​ផ្លែ​គ​ទំ​នៅ​ក្រោម​ផ្ទះ​ស្លឹក​របស់​គាត់
 
​ជា​អ្នក​នៅ​រក្សា​ផ្ទះ ដែលមាន​ជញ្ជាំង​ស្លឹកត្នោត តែ​ដំបូល​ប្រក់​ស័ង្កសី អ្នកស្រី ស៊ុន សាន វ័យ​៦៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ជាមួយ​ដូនចាស់ នូ នែ ដែរ តែ​នៅ​ឆ្ងាយ​ពីគ្នា​បន្តិច​។ អ្នកស្រី អះអាងថា​ដំបូល​ប្រក់​ស័ង្កសី​នេះ ធ្វើឱ្យ​ផ្ទះ​អ្នកស្រី មាន​កម្ដៅ​ក្ដៅ​ពិបាក​រស់នៅ​។ ទោះជា​យ៉ាងណា ការ​ប្រក់​ដំបូល​ស័ង្កសី ស្ដ្រី​មេ​មា​យ​រូបនេះ ក៏​ធ្វើ​ដោយ​បង្ខំចិត្ត​ដែរ ហើយ​អ្នកស្រី​ប្រាប់​ពី​មូលហេតុ​ដូច្នេះ​៖«​ខ្ញុំ​មិន​ប្រក់​ស្លឹក ព្រោះ​ខ្ញុំ​មិនមាន​ប្រាក់​ជួល​គេ​ឡើង​កាប់​ស្លឹក​។ វា​ថ្លៃ​ពេក ប៉ះ​ដើម​ខ្ពស់​គេ​យក​១​ម៉ឺន បើ​ដើម​ទាបៗ​១​ដើម​៥​ពាន់​រៀល ហើយ​គេ​មិន​កាប់​ឱ្យ​ទៀត​។ នៅផ្ទះ​ស្លឹក​ស្រួល​ជាង ព្រោះ​វា​មិន​ក្ដៅ ហើយ​សុខភាព​ក៏​ល្អ​ដែរ មិន​ដូច​ផ្ទះ​ដែក​ក្ដៅ​ណាស់​»​។ 


អ្នក​ស្រី ស៊ុន សាន កំពុង​អង្គុយ​ក្រង​ស្លឹក​ត្នោត​​
 
​ស្ថិតនៅ​ក្នុងភូមិ​ដដែល ផ្ទះ​ដែលមាន​ដំបូល និង​ជញ្ជាំង​ធ្វើ​ពី​ស្លឹកត្នោត​មួយទៀត នៅ​ចន្លោះផ្ទះ​របស់​ដូន នូ នែ និង អ្នកស្រី ស៊ុន សាន ជា​កម្មសិទ្ធិ​របស់​ដូនចាស់ ឡុង ហោ ដែលមាន​អាយុ​៧៤​ឆ្នាំ​។ ផ្ទះ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ជាងគេ​នេះ គ្រោងឆ្អឹង​ធ្វើ​ពី​ដើម​ដូង និង​ដើមត្នោត ត្រូវ​សត្វល្អិត​ស៊ី​ស្ទើរ​សុស​ទៅហើយ​។ អង្គុយ​លើ​កៅអី​ជ័រ​ពណ៌​ខៀវ នៅ​ចំហៀង​ទីធ្លា​ខាងលិច​ផ្ទះ ដែល​ហ៊ុមព័ទ្ធ​ដោយ​របង​ធ្វើ​ពី​ធាងដូង  ដូនចាស់​ដែលជា​ស្ត្រី​មេ​មា​យ​រូបនេះ​ពន្យល់​៖«​បើ​មាន​ភ្ញៀវពន្លឺ​គេ​មក​សួរនាំ​អី គេ​ឡើងលើ​ផ្ទះ​មិនកើត​ទេ​។ អាច​ឡើង​តែ​ខ្ញុំ​ម្នាក់​ទេ ព្រោះ​វា​ពុក​។ ផ្ទះ​នេះ​ធ្វើ​តាំងពី​ឆ្នាំ​១៩៩០​មក ឥឡូវ​ឆ្នាំ​២០២០​ហើយ​។ គ្រោងឆ្អឹង​ផ្ទះ មិនដែល​ជួស​សោះ តែ​ឥឡូវ​ពុក​អស់ហើយ វា​ត្រូវ​រុះ​ចេញ តែ​ខ្ញុំ​មិនមាន​លទ្ធភាព​។ សល់​ឈើ​ត្នោត​នៅ​ខ្លឹម​១ សល់​ប៉ុន្មាន​ពុក​អស់ហើយ ព្រោះ​ធ្វើ​ពី​ដើម​ដូង​»​។​
 

ដូន​ចាស់ ឡុង ហោ
 
​ទ្រាំ​រស់​នៅលើ​លំនៅ ដែល​មិនដឹង​បាក់ស្រុត​នៅ​ថ្ងៃ​ណា​ទាំង​ភិតភ័យ​រាល់ថ្ងៃ ក៏​ព្រោះតែ​ដូនចាស់ ដែលមាន​កូនប្រុស​តែ​ម្នាក់ ហើយ​បែក​គ្រួសារ​ទៅ​រស់នៅ​ឆ្ងាយ​នោះ ត្អូញត្អែរថា ព្រោះតែ​មិនមាន​ប្រាក់​ធ្វើ​ផ្ទះ​ថ្មី​។ ចិត្ត​ស្រឡាញ់​ផ្ទះស្លឹក ប៉ុន្តែ​ដោយសារ​ភាព​ឯកោ គ្មាន​ទីពឹង​ពំនាក់ ដូនចាស់​ថា បើ​ពិតជា​មានឱកាស​បាន​ផ្ទះ​ថ្មី​មែន ដូន​ចង់​ប្រក់​ស័ង្កសី​៖«​បើ​មាន​ប្រាក់ ខ្ញុំ​រុះ​ចេញ​បាត់ទៅហើយ​។ ខ្ញុំ​រក​គេ​ឱ្យជួយ​ឡើងទៅ​ប្រក់​ដំបូល​ឱ្យ តែ​មិនដឹងថា​មាន​អ្នក​ឡើង ឬក៏​អត់​ទេ​។ ខ្ញុំ​រក​យាយ​ខាង​ណេះ​ជួយ​ដេរ​ស្លឹក​ឱ្យ ព្រោះ​ខ្ញុំ​អង្គុយ​មិនកើត​។ ខ្ញុំ​មិន​ចង់បាន​ផ្ទះ​អ្វី​ធំដុំ​ទេ បើសិន​ជាមាន​ប្រាក់ ខ្ញុំ​ធ្វើ​តែ​៥​ម៉ែត្រ​ទៅបាន​ហើយ ហើយ​ខ្ញុំ​ចង់បាន​ផ្ទះ​បែបនេះ​។ តែ​ខ្ញុំ​ចាស់​ហើយ ខ្ញុំ​ចង់​ប្រក់​ដែក កុំឱ្យ​ពិបាក​ជួសជុល​»​។ 
 
​កុំថាឡើយ​មាន​ប្រាក់​ធ្វើ​ផ្ទះ​ថ្មី សូម្បី​ប្រាក់​ដើម្បី​ផ្គត់​ផ្ដ​ង់​អាហារ​ប្រចាំថ្ងៃ ក៏​ពេលខ្លះ​ដូនចាស់ ដែល​ទីពឹង​ដំណាំ​បន្តិចបន្តួច ដាំ​នៅ​ជិត​ផ្ទះ​រូបនេះ ខ្វះខាត​ដែរ​៖«​ខ្ញុំ​មានមុខ​របរ​តែ​ចេក ឥឡូវ​វា​ងាប់​អស់រលីង ដូង​ក៏​ងាប់​។ លក់​ដំណាំ​ទាំងនេះ ម្ដង​បាន​១​ម៉ឺន​រៀល ឬ​២​ម៉ឺន​រៀល ហើយ​ស្លឹកចេក បាន​៥​ពាន់​រៀល ក៏​ទុក​ចាយ​ទៅ​។ បើ​មិនមាន​អ្វី​លក់​កូនក្មួយ​ឱ្យ​សម្ល ឱ្យ​ត្រី​។ កូន​ផ្ដល់ប្រាក់​បាន​៤ ឬ​៥​ម៉ឺន​រៀល តាម​គេ​មាន​។ ជួនកាល​២ ទៅ​៣​ខែ​អ៊ីចឹងទៅ គ្នា​ក៏​មិនមាន​ដែរ​»​។​
 
​ត្រឡប់មក​ដូន នូ នែ វិញ​។ មានដំណើរ​ជីវិត និង​ជីវភាព មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្ត្រី​ចំណាស់​ទាំងពីរ​ខាងលើ​ដែរ ដូន​ដែលជា​ស្ត្រី​មេ​មា​យ​រស់នៅ​ជាមួយ​កូនស្រី​ម្នាក់ និង​ចៅ​២​នាក់​រូបនេះ មាន​គម្រោង​ធ្វើ​ផ្ទះ​ថ្មី​ជាច្រើនលើក​មកហើយ ប៉ុន្តែ​ចេះតែ​អាក់ខាន់​។ «​ខ្ញុំ​ថា​ធ្វើ​ផ្ទះ តែ​ចេះតែ​មិនបាន​ធ្វើ ព្រោះ​អត់​ប្រាក់​។ ណាមួយ​ចៅ​ឈឺ ខ្លួន​ខ្ញុំ​ក៏​ឈឺ​ដែរ ទៅ​មើល​ពេទ្យ​ស្វាយរៀង ហើយ​ចៅ​ទៅ​មើល​ពេទ្យ​ជប៉ុន​។ បើ​ផ្ទះ​នេះ​រុះ ខ្ញុំ​មិន​អាល័យ​វា​ទេ គេ​ធ្វើ​ថ្មី​ទៀត​ក៏​ធ្វើទៅ​។ រុះ​ពី​ផ្ទះ​ធំ មក​ធ្វើ​ផ្ទះ​តូច​នេះ ខ្ញុំ​មិន​នឹក​អា​ធំ​ផង តុទូ​ពេញ​ផ្ទះ ព្រោះ​ដេក​តែមួយ​កន្លែង​ដូច​តែ​គ្នា​ហ្នឹង​»​។​


ដំបូល​ផ្ទះ​ និង​ដំបូល​រោង​គោ ដែល​ប្រក់​ដោយ​ស្លឹក​ត្នោត​
 
​មុខ​បែរ​ទៅក្រោយ ឆ្ពោះទៅ​ទីតាំង​ដែល​ចៅប្រុស​ស្រី កំពុង​អង្គុយលេង​លើ​គ្រែ​ក្រោមផ្ទះ ស្ត្រី​ពាក់អាវ​ពណ៌​ត្រួយ​ចេក​ខ្ចី សក់ស មុខ​ជ្រួញ​ដោយ​អន្លើ​រូបនេះ ប្រាប់​ពី​គម្រោង​ធ្វើ​ផ្ទះ​ថ្មី​៖«​ធ្វើ​ផ្ទះថ្ម​ក៏​នៅបាន ផ្ទះស្លឹក​ក៏​នៅបាន​។ បើ​ធ្វើ​ផ្ទះស្លឹក​នៅជាប់​នឹង​ដី​បែបនេះ ខ្ញុំ​ចង់បាន តែ​កូន​មិន​ចង់​បានទេ​។ ចិត្ត​របស់ខ្ញុំ​ក៏​នៅតែ​ចង់​ធ្វើ​ផ្ទះស្លឹក​»​។​
 
​មានកូន​៧​នាក់ ស្រី​៣​ប្រុស​៣ ដោយ​បែក​គ្រួសារ​ទៅ​នៅ​ឆ្ងាយៗ​អស់ ហើយ​កូន​ម្នាក់​បាន​ស្លាប់ អ្នកស្រី ស៊ុន សាន ដែល​រស់នៅ​តែម្នាក់ឯង​នោះ ប្រាប់​ពី​ស្ថានភាព​ផ្ទះ​របស់គាត់​នៅពេល​មាន​ភ្លៀងខ្យល់​ម្ដងៗ  ដោយ​ហាក់​សប្បាយ​ក្នុង​ភាពភ័យខ្លាច​ដែល​បាន​កន្លងផុត​ទៅហើយនោះ​៖«​ខ្យល់​ម្ដងៗ​វេទនាណាស់ ផ្ទះ​ដូច​យោលទោង​។ ដូច​យោលទោង​មែន បើ​ខ្យល់​មកពី​ត្បូង ខ្ញុំ​មក​អង្គុយ​នៅ​កាំជណ្ដើរ​។ ពេលយប់​ខ្លាច​វារ​លំ សង្កត់​មនុស្ស វា​ពិបាក​។ ថ្ងៃមុន​ខ្ញុំ​ថា វា​ដួល​បាត់ទៅហើយ បើ​វៃ​ដែកគោល​មួយៗ​ហ្នឹង​»​។ 
 
​អង្គុយ​ក្រង​ស្លឹកត្នោត ឱ្យ​ដូនចាស់ ឡុង ហោ ដើម្បី​ជួសជុល​ដំបូលផ្ទះ អ្នកស្រី ស៊ុន សាន ថាបើ​ទោះបីជា​ដំបូល​ស័ង្កសី​ក្ដៅ ក៏ពិតមែន តែ​អ្នកស្រី​នៅតែ​ជ្រើស​រើសយក​វា​។ ស្ត្រី​ពាក់អាវ​ផ្កា​ពណ៌​ចម្រុះ​ស្រស់​ឆើត ដែលមាន​សក់ខ្មៅ​ខ្លី រួញ​អង្គាដី​រូបនេះ ពន្យល់​បន្ថែម​៖«​បើ​ខ្ញុំ​ធ្វើ​ផ្ទះ​ថ្មី ខ្ញុំ​ឱ្យគេ​ប្រក់​ស័ង្កសី ព្រោះ​វា​ជាប់​។ វា​ក្ដៅ យើង​ចង​អង្រឹង​ដេក​ក្រោមផ្ទះ​បាន ដល់​យប់​ត្រជាក់​យើង​ដេក​លើផ្ទះ​ទៅ​»​។ 


ផ្ទះ​ដែល​មាន​ជញ្ជាំង​ធ្វើ​ពី​ស្លឹក​ត្នោត និង​ដំបូល​ប្រក់​ស័ង្កសី
 
​បើទោះបី​មិនមាន​ការស្រាវជ្រាវ​ជាក់លាក់​ណាមួយ ស្ដីពី​ចំនួន​ផ្ទះស្លឹក​ក៏ដោយ ក៏​គេ​អាច​សម្គាល់​បាន​ថា វា​នៅ​សេសសល់​ចំនួន​តិចតួច​ប៉ុណ្ណោះ តាមរយៈ​ការសង្កេតមើល​ជាក់ស្ដែង​នៅតាម​ភូមិ​ស្រុក​នានា ឬ​នៅក្នុង​ភូមិកំណើត​របស់​ខ្លួន​។ ចំនួន​ដែល​នៅសល់​តិចតួច​នេះ ទំនង​មកពី​ចរន្ត​សង្គម ហើយក៏​អាចមាន​ចំណែក នៃ​គុណវិបត្តិ​របស់​ផ្ទះ​បែប​សាមញ្ញ របៀប​ស្រុកស្រែ​នេះ​ខ្លះៗ​ដូចជា ជញ្ជាំង និង​ដំបូល​ងាយ​ពុកផុយ​ដោយសារ​ទឹកភ្លៀង ដូច្នេះ​ត្រូវ​ជួសជុល​ញឹកញាប់ និង​អាច​ប្រឈម​នឹង​អសន្តិសុខ​ខ្ពស់ ជាដើម​៕

Tag:
 ផ្ទះ​
  ស្លឹក​
  លំនៅស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com