COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​វៀតណាម​៖ ទោះ​ក្នុងស្ថានភាព​គ្រោះថ្នាក់ ប្រជាជន​វៀតណាម​នៅ​ជឿថា មានឱកាស​ដើម្បី​កំណើនសេដ្ឋកិច្ច​
24, May 2020 , 5:59 pm        
រូបភាព
រូបភាព៖ Saigon Online
រូបភាព៖ Saigon Online
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ នៅតែមាន​ជំនឿ​ជាក់​ក្នុង​ការស្តា និង​បង្កើន​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ឡើងវិញ ទោះបីជា​ក្នុង​តំបន់ កំពុងតែ​ប្រឈម​នឹង​ការគំរាមកំហែង​មិន​ថមថយ​នៃ​វីរុស​រាតត្បាត Covid-19​។ សម្រាប់​ក្រុង​ហាណូយ ការណ៍​ដែល​អាច​ហ៊ាន​អះអាង​បែបនេះ ដោយសារតែ​មើលឃើញ​ពី​សក្តានុពល និង​ភាពរឹងមាំ នៃ​ការរៀបចំ​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន ការតាំង​ចិត្ត​របស់​ប្រជាជន ក៏ដូចជា​ឱកាស​ដែល​អាច​ទាញ​ចេញពី​បណ្តា​ប្រទេសជិតខាង​ផង ។

 
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន Bloomberg ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​២១ ឧសភា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានលើកឡើង​ទោះបីជា​កំណើនសេដ្ឋកិច្ច​វៀតណាម មិនអាច​សម្រេចបាន​តា​ម​ការរំពឹងទុក​ក្នុង​រង្វង់​៦, ៨% ក៏ដោយ ផ្អែកលើ​លទ្ធភាព​នៃ​ការនាំចេញ និង​គោលនយោបាយ​អនុគ្រោះ​ក្នុងការ​ទាក់ទាញ​វិនិយោគ​បរទេស​ដោយផ្ទាល់ វៀតណាម រំពឹងថា​អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៤-៥%​ភាគរយ​ដែរ​។​
 
​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា ក្នុងស្ថានភាព​ដែល​កំពុងតែ​រង​ការគំរាមកំហែង​ពី​វីរុស Covid-19 កិច្ច​ការដែល​រដ្ឋាភិបាល​របស់លោក​ផ្តោត​ខ្លាំង​នោះ​គឺ រក្សា​ឲ្យ​បាន​ស្ថិរភាព​សេដ្ឋកិច្ច និង​អត្រា​អតិផរណា​ទាប ដើម្បី​ជួយ​ដល់​អាជីវកម្ម អ្នកវិនិយោគ និង​ប្រជាជន​វៀតណាម​។ លោក ថា រដ្ឋាភិបាល នឹង​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ចលនា​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​អាចអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ឲ្យ​សមស្រប​នឹង​កំណើនសេដ្ឋកិច្ច​។​
 
​តាមរយៈ​កិច្ចសម្ភាសន៍​ស្តីពី​អាថ៌កំបាំង​វៀតណាម​ក្នុងការ​គ្រប់គ្រង Covid-19 ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ បាន​ទទួលស្គាល់ថា វីរុស​រាតត្បាត​នេះ ពិតជា​បាន​ប៉ះពាល់​ខ្លាំង​លើ​បរិ​មាណនៃ​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​សកល ក៏ប៉ុន្តែ​វៀតណាម នៅតែមាន​ឱកាស​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​មួយចំនួន ដែល​កំពុងតែ​ចង់​ប្តូរ​មូលដ្ឋាន ក៏ដូចជា​ចង់​ធ្វើ​ពិពិធ​កម្ម​រោងចក្រ​របស់​ពួកគេ​ដែលមាន​មូលដ្ឋាន​នៅ​ចិន​មក​ប្រទេស​ខាងក្រៅ​វិញ​។​
 
​បន្ថែម​ពី​ការ​អាច​គ្រប់គ្រង​ស្ថានភាព​រីក​រាល​នៃ​វីរុស​បានល្អ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋា​ភិ​បាល​កុម្មុយនីស្ត​រូបនេះ ក៏បាន​អះអាង​ផងដែរ​ថា វៀតណាម មាន​មូលដ្ឋាន​សេដ្ឋកិច្ច​មួយ​ដ៏​រឹងមាំ ដូច្នេះ វៀតណាម នឹង​នៅតែ​ជា​កន្លែង​សុវត្ថិភាព និង​សក្តានុពល​សម្រាប់​ទាំង​ភ្ញៀវ​និង​អ្នកវិនិយោគ​អន្តរជាតិ​ចូលទៅ​វិនិយោគ​។​
 
​កន្លងមក​ដើម្បី​ធានាបាន​ទាំង​សុខមាលភាព​សង្គម និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល រដ្ឋាភិបាល​វៀតណាម បានដាក់​ឲ្យ​អនុវត្ត​វិធានការ​តឹងរ៉ឹង​នៃ​ការរក្សា​គម្លាត​សង្គម​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការមិន​ឆ្លង​រីក​រាលដាល​ខ្លាំង​នៅក្នុង​ប្រទេស​។ សម្រាប់​គោលនយោបាយ​ហិរញ្ញវត្ថុ​វិញ រដ្ឋាភិបាល​វៀតណាម បាន​អនុវត្ត​គោលនយោបាយ​បន្ធូរបន្ថយ​លើ​កម្ចី​ធនាគារ​, បង្កក​បំណុល​, កាត់បន្ថយ ឬ​លើកលែង​អត្រា​ការប្រាក់​នៃ​ការសង និង​អនុវត្ត​កញ្ចប់​សង្គ្រោះ ដែលមាន​ទំហំ​រហូតដល់ ២,៧ ពាន់​លាន​ដុល្លារ សម្រាប់​ជា​ជំនួយ​ដល់ក​ម្មករ​ប្រមាណ​២០​លាន​នាក់​របស់​ប្រទេស​។​
 
​អ្វីដែល​គួរ​ឲ្យ​សម្គាល់​នោះ អ្វីដែល​ធ្វើ​ឲ្យ រដ្ឋាភិបាល​វៀតណាម មាន​ជំនឿ​ចិត្ត​ក្នុង​ការស្តារ និង​បន្ត​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ទាំង​ស្ថានភាព​សកល​នៃ​វីរុស Covid-19 នៅតែ​មិនទាន់​អាច​គ្រប់គ្រង​បាន​នោះ​គឺ ការតាំង​ចិត្ត​របស់​ប្រជាជន​ខ្លួន​។ លោក​គូសបញ្ជាក់​៖ ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​វៀតណាម ទោះ​ក្នុងស្ថានភាព​គ្រោះថ្នាក់​ក៏ដោយ ឱកាស​នៅតែមាន​ជានិច្ច​៕ 

Tag:
 វៀតណាម​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com