អភិបាលខេត្តកណ្តាល៖ យោធាវៀតណាម រើតង់ទាំង៣១កន្លែង ចេញវិញអស់ហើយ
ជាតិ
ព្រំដែន
អភិបាលខេត្តកណ្តាល៖ យោធាវៀតណាម រើតង់ទាំង៣១កន្លែង ចេញវិញអស់ហើយ
25, May 2020 , 12:35 pm        
រូបភាព
កម្លាំងនគរបាលខេត្តកណ្តាល​ ចុះពិនិត្យតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ហើយឃើញតង់យោធាវៀតណាម (រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
កម្លាំងនគរបាលខេត្តកណ្តាល​ ចុះពិនិត្យតាមបណ្តោយព្រំដែន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ហើយឃើញតង់យោធាវៀតណាម (រូបពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល)
ដោយ: ថ្មីៗ
តង់យោធាទាំង៣១កន្លែង ដែលបានបោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល រយៈពេលជាងពីរខែកន្លះមកនេះ ត្រូវបានភាគីវៀតណាម រុះរើចេញវិញអស់ហើយ តាំងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្រោយមានសំណើពីភាគីកម្ពុជា។ នេះបើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៥ ខែឧសភា។



លោក គង់ សោភ័ណ្ឌ អះអាងថា យោធាវៀតណាម ចូលមកបោះតង់និងឈរជើងនេះ គឺដើម្បីទប់ស្កាត់ប្រជាជន កុំឲ្យឆ្លងដែនចេញចូលប្រទេសទាំងពីរ ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ១៩។ លោក លើកឡើងថា ភាគីវៀតណាម គ្មានបំណងអ្វីផ្សេងឡើយ ហើយក៏គ្មានចេតនាចង់បង្កទំនាស់តាមព្រំដែនដែរ។ លោក មានប្រសាសន៍ថា៖«គាត់ បានធ្វើតាមសំណើយើងភ្លាមៗ [ក្នុងការរុះរើតង់ទាំងនេះ]។ នេះជាការបង្ហាញទឹកចិត្តគោរពគ្នាទៅវិញទៅមក»។

យោធាវៀតណាម បានបោះតង់ទាំងនោះ តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ក្នុងស្រុកលើកដែកនិងស្រុកកោះធំខេត្តកណ្តាល។ រហូតដល់ថ្ងៃទី២៩ ខែមេសា លោក គង់ សោភ័ណ្ឌ បានសរសេរលិខិតជូនទៅភាគីវៀតណាម ដើម្បីសុំឲ្យខេត្តអានយ៉ាង រុះរើតង់ទាំងនោះ ដែលបានបោះតាមបណ្តោយខ្សែព្រំដែនប្រទេសទាំងពីរ​ ដែលស្ថិតក្នុងតំបន់មិនទាន់មានការឯកភាពគ្នាលើខណ្ឌសីមានិងការបោះបង្គោល។

នៅថ្ងៃទី១៣ ខែឧសភា លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើលិខិតជូនមកលោក គង់ សោភ័ណ្ឌ វិញ ដោយលើកហេតុផលថា ការដែលវៀតណាមបោះតង់តាមបណ្តោយខ្សែព្រំដែន គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចូលទៅវៀតណាម ដែលអាចបង្កការឆ្លងជំងឺកូវីដ១៩។

ម្យ៉ាងទៀត មុនពេលអនុវត្តការងារនេះ បណ្តាប៉ុស្តិ៍ការពារព្រំដែនខេត្តអានយ៉ាង បានផ្លាស់ប្តូរព័ត៌មានជាមួយកងកម្លាំងការពារព្រំដែនខេត្តកណ្តាលរួចហើយ ថា ការបោះតង់ទាំងនោះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន ហើយធ្វើឡើងក្នុងគោលបំណងបង្ការការរាតត្បាតជំងឺកូវីដ១៩ ដែលអាចឆ្លងចូលប្រទេសទាំងពីរ។ នេះជាការបកស្រាយរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដដែល។

ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បន្ថែមថា មកដល់ពេលនេះ ខេត្តអានយ៉ាង បានបញ្ជាកងកម្លាំងសមត្ថកិច្ច ឲ្យចុះរុះរើគ្រប់តង់ដែលបានបោះជាប់នឹងខ្សែព្រំដែនខេត្តកណ្តាលហើយ ហើយការរុះរើនេះ មិនប៉ះពាល់ដល់កិច្ចការគ្រប់គ្រង់ព្រំដែនឡើយ។ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា លោក គង់ សោភ័ណ្ឌ នឹងមានការយោគយល់ចំពោះការបោះតង់ទាំងនោះ។

ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ទូត ជូនទៅស្ថានទូតវៀតណាមដែរ កាលពីថ្ងៃទី១៣ ខែឧសភា ដើម្បីស្នើឲ្យរុះរើតង់ទាំងនោះ។

សូមរម្លឹកថា នៅឆ្នាំ២០១៩ កម្ពុជា-វៀតណាម បានប្រកាសរួមគ្នា ពីការសម្រេចបានជោគជ័យ៨៥ភាគរយ លើការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ។ នាពេលនោះ ភាគីទាំងពីរ ប្តេជ្ញារួមគ្នាថា នឹងខិតខំពន្លឿនដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់១៦ភាគរយ ឲ្យឆាប់បានរួចរាល់។

បច្ចុប្បន្ន កម្ពុជានិងវៀតណាម បានផ្អាកមិនឲ្យប្រជាជន ធ្វើដំណើរចេញចូលតាមច្រកទាំងបី គឺផ្លូវគោក ផ្លូវទឹក និង អាកាស ដើម្បីបង្ការការរាលដាលជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា វៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ ៣២៥នាក់ និង ជាសះស្បើយ២៦៧នាក់ ចំណែកកម្ពុជា មានអ្នកឆ្លង១២៤នាក់ និងបានជាសះស្បើយវិញ១២២នាក់។ ទាំងកម្ពុជា ទាំងវៀតណាម មិនមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕ 

Tag:
 វៀតណាម
  បោះតង់យោធា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម