សមត្ថកិច្ច​បង្ក្រាប​អាហា​រដ្ឋា​ន​៣​កន្លែង ដែល​យក​សត្វព្រៃ​ធ្វើ​ម្ហូប​ខុសច្បាប់​
ជាតិ
សមត្ថកិច្ច​បង្ក្រាប​អាហា​រដ្ឋា​ន​៣​កន្លែង ដែល​យក​សត្វព្រៃ​ធ្វើ​ម្ហូប​ខុសច្បាប់​
25, May 2020 , 8:19 pm        
រូបភាព
សត្វដែលសមត្ថកិច្ចរឹបអូសបាន (រូបពីរដ្ឋបាលព្រៃឈើ)
សត្វដែលសមត្ថកិច្ចរឹបអូសបាន (រូបពីរដ្ឋបាលព្រៃឈើ)
ភ្នំពេញ​៖ ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ប្រាសាទបាគង ខេត្តសៀមរាប បាន​ចុះបង្ក្រាប​អាហា​រដ្ឋា​ន​៣​កន្លែង ដោយសារ​យក​សាច់សត្វ​ព្រៃ​ធ្វើ​ម្ហូបអាហារ​ខុសច្បាប់​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋបាល​ព្រៃឈើ កាលពី​ថ្ងៃទី​២៤ ឧសភា​។​


​រដ្ឋបាល​ព្រៃឈើ ដោយ​បញ្ជាក់ថា ក្រុមការងារ​បាន​រក​ឃើញ​សត្វ​ស្លាប​ងាប់​សម្រាប់​ទុក​ធ្វើ​ម្ហូប​ជាង​៤០០​ក្បាល និង​សាច់សត្វ​ស្រស់​ជាង​១០​គីឡូក្រាម​។ ក្រុមមន្ត្រី​ជំនាញ បាន​ចុះបង្ក្រាប​ទីតាំង​អាហារ​ដ្ឋា​ន​ម្លប់​មហា​ហេង ដោយ​រកឃើញ​សត្វ​ទោម​ងាប់​១១​ក្បាល លលក​ងាប់​៥០​ក្បាល និង​ចាប​ស្រូវ​ងាប់​២៣០​ក្បាល​។ ចំពោះ​អាហារ​ដ្ឋា​ន ថា​រី​ម៉ាក់​ប្រាង្គ សមត្ថកិច្ច​បាន​រឹបអូស​យក​សាច់​ជ្រូកព្រៃ​ស្រស់​៣​គីឡូក្រាម លលកទ្រាំង​ងាប់​៣៧​ក្បាល ចាប​ស្រូវ​ងាប់​១៥០​ក្បាល និង​ក្រួច​អ៊ឺត​ងាប់​១០​ក្បាល​។ រីឯ អាហា​រដ្ឋា​ន​មួយទៀត​ឈ្មោះ សម្រស់​ម្លប់​ម៉ាក់​ប្រាង្គ​ថ្មី អាជ្ញាធរ​រឹបអូស​បាន​សាច់​អ​ន្ស​ង​ស្រស់​ជាង​៣​គីឡូក្រាម សាច់ជ្រូក​ព្រៃ​ស្រស់​ជាង​៥​គីឡូក្រាម ចាប​ស្រូវ​ងាប់​៨០​ក្បាល លលក​បាយ​ងាប់​១០​ក្បាល និង​អណ្តើក​ស្រែ​ងាប់​១​ក្បាល​។  
 
​ទីតាំង​ទាំង​៣ ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​នេះ ស្ថិតនៅ​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​សាច់សត្វ​ដែល​បាន​រកឃើញ​នេះ ត្រូវ​ក្រុម​ការងាររដ្ឋបាល​ព្រៃឈើ​រឹបអូស​យកទៅ​កប់​ចោល​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ សង្កាត់​នគរធំ ក្រុង​សៀមរាប​៕ 

Tag:
 សត្វព្រៃ​
  អាហា​រដ្ឋា​ន​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម