កីឡាការិនីជម្រើសជាតិ ស្រួង ភាវី ហាក់ទទួលបានជោគជ័យខ្លាំងលើវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម្ចាស់ពានរង្វាន់នារីឆ្នើមប្រចាំតំបន់អាស៊ីរូបនេះ កំពុងសាងសង់ក្លិបស្នូកឃ័រផ្ទាល់ខ្លួនមួយនៅប្រទេសកូរ៉េខាងត្បូង ដែលគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។ ការចង់ផ្តល់ឱកាសឲ្យនារីៗ ពិសេសស្ត្រីខ្មែរ ដែលរស់នៅប្រទេសកូរ៉េ បានហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពឲ្យក្លាយជាកីឡាការិនីឆ្នើម គឺជាកត្តាដែលជំរុញឲ្យ ភាវី បង្កើតក្លិបនៅពេលនេះ។
ក្រោយទទួលបានជោគជ័យលើវិថីវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រ កីឡាការិនី ស្រួង ភាវី ដែលបានចូលប្រឡូកក្នុងវិស័យនេះនៅឆ្នាំ២០១៣ នឹងមានក្លិបស្នូកឃ័រផ្ទាល់ខ្លួនមួយនៅប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗខាងមុខនេះ។ កីឡាការិនីមកពីខេត្តត្បូងរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នក្លិបរបស់ នាង សាងសង់បានប្រមាណ៥០ភាគរយហើយ ដែលគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ។
មូលហេតុ ដែលកីឡាការិនី ស្រួង ភាវី សម្រេចបើកក្លិបប៊ីយ៉ា និងស្នូកឃ័រផ្ទាល់ខ្លួន គឺដើម្បីបង្កភាពងាយស្រួលដល់ការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួន និងចង់ឲ្យផ្តល់ឱកាសនារីៗគ្រប់ជាតិសាសន៍ ពិសេសជនជាតិខ្មែរ ដែលរស់នៅប្រទេសកូរ៉េបានហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍ឲ្យក្លាយជាកីឡាការិនីឆ្នើមនាថ្ងៃអនាគត។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក កីឡាការិនីវ័យ៣០ឆ្នាំរូបនេះបានលើកឡើងដូច្នេះថា៖«ខ្ញុំបើកក្លិបស្នូកឃ័រ គឺចង់ឲ្យបងប្អូនខ្មែរយើងទាំងអស់ ដែលគាត់មានពេលទំនេរអាចមកហ្វឹកហាត់កីឡានេះ ព្រោះនៅប្រទេសកូរ៉េកីឡានេះមានការរីកចម្រើនខ្លាំង។ ខ្ញុំចង់ឲ្យកម្ពុជាយើងមានកីឡាករកីឡាការិនីកាន់តែច្រើន ដូចខ្ញុំអ៊ីចឹងមានតែម្នាក់ឯង តែបើកម្ពុជាយើងមានកីឡាការិនីពូកែៗកាន់តែច្រើន កាន់តែល្អ ព្រោះវាអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ»។
កីឡាការិនី ស្រួង ភាវី ពេលចូលរួមប្រកួត និងទទួលបានជ័យលាភីកាលពីពេលកន្លងទៅ
កីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ អះអាងថា ទីតាំងដែលកំពុងសាងសង់ក្លិបប៊ីយ៉ានិងស្នូកឃ័រខាងលើ គឺនាងជួលគេនោះទេ។ ប៉ុន្តែ នាង មិនបានបញ្ជាក់លម្អិតពីរយៈពេល និងតម្លៃឈ្នួលក្នុងការជួលទីតាំងនេះឡើយ។ ក្លិបនេះសាងសង់លើផ្ទៃដីជាង៣០០ម៉ែត្រការ៉េ ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។
បើតាមម្ចាស់ពានរង្វាន់នារីឆ្នើមប្រចាំតំបន់អាស៊ីលើប្រភេទកីឡាស្នូកឃ័ររូបនេះ ការសាងសង់ក្លិបនេះ គ្រោងចំណាយថវិកាជាង២០ម៉ឺនដុល្លារ ដែលភាគច្រើនជាថវិការបស់នាង ដែលបានមកពីការប្រកួតផ្សេងៗ និងថវិកាស្វាមីរបស់នាង និងមួយចំនួនទៀតបានមកពីអ្នកឧបត្ថម្ភ។
ម្ចាស់មេដាយសំរឹទ្ធពិភពលោករូបនេះ បានអះអាងថា មុនសម្រេចចិត្តបើកក្លិបនៅប្រទេសកូរ៉េ នាង ធ្លាប់មកសិក្សាទីតាំងនៅកម្ពុជាជាច្រើនលើករួចមកហើយ ប៉ុន្តែពុំមានទីតាំង។ សម្រាប់ការបើកក្លិបនៅប្រទេសកូរ៉េ ភាវី ទទួលបានការជួយគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ីយ៉ានិងស្នូកឃ័កូរ៉េ។ តែយ៉ាងណា នាង នៅតែមានបំណងចង់បើកក្លិបនៅកម្ពុជា ប្រសិនបើក្លិបនៅប្រទេសកូរ៉េទទួលបានការគាំទ្រខ្លាំង។
កីឡាការិនី ស្រួង ភាវី ពេលជួបជាមួយសម្តេច ហ៊ុន សែន កាលពីពេលកន្លអទៅ
កីឡាការិនី ស្រួង ភាវី បានចូលប្រឡូកក្នុងវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រនៅឆ្នាំ២០១៣ ដោយផ្តើមចេញពីការនាំរបស់ស្វាមី ជាជនជាតិកូរ៉េខាងត្បូង។ ក្រោយប្រឡូកបានប្រមាណ ៥ឆ្នាំកីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ បានឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ី Asian Championship 3-Cushion Ladies។ បន្ទាប់មមនៅឆ្នាំ២០១៨ កីឡាការិនីរូបនេះ ទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសតួកគី។ នៅឆ្នាំ២០១៩ រូបគេ បន្តឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ី ដែលរៀបចំនៅប្រទេសកូរ៉េខាងត្បូង។
ទោះបីកីឡាការិនី ស្រួង ភាវី មានស្វាមីជាជនជាតិកូរ៉ និងបានផ្លាស់ពីកម្ពុជាទៅរស់នៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង១០ឆ្នាំក៏ដោយ តែរាល់ភាពជោគជ័យនៅឆាកអន្តរជាតិ នាង តែងតែងលើកទង់ជាតិ និងតំណាងឲ្យកម្ពុជាជានិច្ច៕