COVID-19
អន្តរជាតិ
ថៃ គ្រោង​បើក​រោងកុន កន្លែង​ម៉ាស្សា និង​កីឡដ្ឋាន​ប្រដាល់​ឡើងវិញ​នា​ខែមិថុនា
25, May 2020 , 5:01 pm        
រូបភាព
ដោយ:
​កីឡដ្ឋាន​ប្រដាល់ រោងកុន កន្លែង​ម៉ាស្សា​និង​ស្ប៉ា និង​មជ្ឈមណ្ឌល​សម្រាប់​ធ្វើជា​សាលប្រជុំ ស្ថិតក្នុង​ចំណោម​អាជីវកម្ម​ដែលមាន​ហានិភ័យ​មធ្យម ដែល​រំពឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ក្នុងការ​បន្ធូរបន្ថយ​បញ្ជា​បិទ​ប្រទេស​ដំណាក់កាល​ទី​៣ នា​ខែមិថុនា​។ យ៉ាងណាមិញ តៀមស្រា បារ និង​កន្លែង​កម្សាន្ត​ពេល​រាត្រី នឹង​បន្ត​បិទទ្វារ​ដដែល​។

 
​អគ្គនាយករង​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ លោក Tanarak Plipat នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​បញ្ជាក់ថា សកម្មភាព​និង​អាជីវកម្ម​ដែលមាន​ហានិភ័យ​នៃ​ចម្លង​COVID-19​មធ្យម ឬ​ស្ថិតក្នុង​កម្រិត «​លឿង​» រំពឹង​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ឡើងវិញ​ក្នុងដំណាក់កាល​ក្រោយ​ទៀត​នៃ​បន្ធូរបន្ថយ​បញ្ជា​បិទ​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​កាសែត​ថៃ បាងកក​ប៉ុស្តិ៍​។ 
 
«​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19 (CCSA) រំពឹង​នឹង​ប្រកា​សប​ញ្ចី​រាយ​ឈ្មោះ  (​អាជីវកម្ម​និង​សកម្មភាព​) ដែល​អាច​ចេញ​នា​ព្រឹក​ថ្ងៃ​ពុធ ឬ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​»​។ លោក Tanarak លើកឡើង​បែបនេះ​។ យ៉ាងណាមិញ យោងតាម​ប្រភព​ដែល​បញ្ជាក់ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍ អាជីវកម្ម​និង​សកម្មភាព​ទាំងនោះ គឺមាន​ដូចជា រោងកុន កន្លែង​ច្រៀង​កា​រ៉ា​អូ​ខេ កន្លែង​ហែល​ទឹក សួនសត្វ ហាង​ម៉ាស្សា ស្ប៉ា​រ សាលប្រជុំ កន្លែង​ហាត់ប្រាណ និង​កីឡដ្ឋាន​ប្រដាល់ ជាដើម​។ 
 
​ម្យ៉ាងទៀត អគ្គលេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ថៃ លោក Somsak Roongsita ដែល​ដឹកនាំ​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​បន្ធូរបន្ថយ​បញ្ជា​បិទ​ប្រទេស គូសបញ្ជាក់ថា គណៈកម្មាធិការ​លោក នឹង​យក​ព័ត៌មាន​ពី​ក្រសួង​សុខភាព​សាធារណៈ ម្ចាស់​អាជីវកម្ម និង​ពលរដ្ឋ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​ដោយ​ជំងឺ COVID-19 មក​ពិចារណា​ល្អិតល្អន់​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា គណៈកម្មាធិការ​លោក នឹង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​សុវត្ថិភាព​និង​សុខភាព​សម្រាប់​សាធារណៈ និង​រក្សា​អាជីវកម្ម​ដំណើរការ​។ 
 
​លោក Somsak លើកឡើង​ទៀតថា លទ្ធផល​នៃ​កិច្ចប្រជុំ នឹង​ត្រូវដាក់​បញ្ជូនទៅ​កិច្ចប្រជុំ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព COVID-19 (CCSA) នៅ​ថ្ងៃទី​២៩ ខែឧសភា​ខាងមុខ ដើម្បី​ពិចារណា​លើ​ការបន្ធូរបន្ថយ​បញ្ជា​បិទ​ប្រទេស​ដំណាក់កាល​ទី​៣ ដែល​នឹង​ចូល​ជា​ធរមាន​នា​ថ្ងៃទី​១ ខែមិថុនា​។​
 
​សូមបញ្ជាក់ថា អាជ្ញាធរ​សុខាភិបាល​ថៃ នៅ​ថ្ងៃទី​២៤ ខែឧសភា គ្មាន​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មី ហើយក៏​គ្មាន​ករណី​ស្លាប់​ផងដែរ ដែល​រក្សា​តួលេខ​ឆ្លង​សរុប ៣០៤០​ករណី និង​អ្នកស្លាប់ ៥៦​នាក់ ចាប់តាំងពី​ការ​រាលដាល​បានកើត​ឡើង​ក្នុង​ខែមករា​មក​។ អ្នកជំងឺ​សរុប ២៩២១​នាក់ បានជា​សះស្បើយ ខណៈ​មនុស្ស​៦៣​នាក់​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​៕ 
 
 
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com