កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ចង់បាន Coutinho ក្រោយ Bayern មិនហ៊ានតម្លៃ១២៧លានដុល្លារដែល Barca កំណត់
× Arsenal បានបើកកិច្ចចរចាមួយដើម្បីទិញយករបស់ខ្សែបម្រើ Philippe Coutinho ពីក្រុម Barcelona មុនពេលទីផ្សារដោះដូរកីឡាករបើកទ្វារនៅរដូវក្តៅខាងមុខ។ Coutinho បច្ចុប្បន្នកំពុងស្នាក់នៅជាមួយ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើងហើយនឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ។
Coutinho កំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលជាមួយក្លិបយក្សអាល្លឺម៉ង់ ប៉ុន្តែក្រុមនៃក្របខណ្ឌ Bundesliga មួយនេះបានឲ្យដឹងថា ពួកគេនឹងមិនទិញយកខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះជាអចិន្ត្រៃយ៍ឡើយ ក្រោយ Barcelona ដាក់តម្លៃដល់ទៅ១២៧លានដុល្លារអាមេរិក។
នេះមានន័យថា អតីតកីឡាករ Liverpool រូបនេះនឹងវិលត្រឡប់មកកាន់ Barca វិញនៅចុងបញ្ចប់នៃរដូវកាលនេះ ដែលជាកន្លែងរូបគេហាក់មិនពេញចិត្ត ដ្បិតមិនអាចដណ្តើមបានកន្លែងសម្រាប់ជម្រើស១១នាក់ដំបូង។
Coutinho បានផ្លាស់ពីហង្សក្រហមទៅកាន់ក្រុមរហស្សនាមអ្នកមានបុណ្យកាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ ១៧០លានដុល្លារអាមេរិក ប៉ុន្តែរូបគេមិនបានបង្ហាញទម្រង់លេងឲ្យសមនឹងតម្លៃខ្លួននៅឯទឹកដី Nou Camp ឡើយ។ ដោយលេងមិនសមប្រកប និងមិនជាប់ជម្រើស១១នាក់ដំបូងទៀតនោះ រូបគេក៏គ្រោងនឹងចាកចេញពីទឹកដីអេស្ប៉ាញនៅចប់រដូវកាលក្រោយនេះផងដែរ។
យោងតាមគេហទំព័រ Le10sport.com ក្រុម Arsenal បានចាត់ទុកខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះ ជាគោលដៅចម្រងក្នុងការផ្ទេរទៅកាន់ទីក្រុងឡុងដ៍ ដោយបានបើកកិច្ចពិភាក្សាជាមួយភ្នាក់ងាររបស់ Coutinho គឺលោក Kia Joorabchian រួចហើយ។
លោក Mikel Arteta អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ ត្រូវបានគេជឿជាក់ថា មានការពេញចិត្តពេញថ្លើមនឹងរបៀបលេងរបស់ Coutinho ហើយក៏ចង់បានរូបគេទៅលេងក្នុងតួនាទីជាខ្សែបំរើប្រយុទ្ធ ឬតំបន់ប្រយុទ្ធស្លាបខាងឆ្វេង។ ទម្រង់លេងដែល Arteta ចង់បានគឺដូចដែរ Coutinho លេងនៅ Liverpool អ៊ីចឹងដែរ។
Arsenal កំពុងមានបញ្ហាធនធានកីឡាករនាពេលបច្ចុប្បន្ន ស្របពេលកីឡាករឆ្មើមមួយចំនួនហាក់ចង់ចាកចេញថែមទៀត។ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ក៏មានព័ត៌មានលេចលឺថា ត្រូវបានក្រុមយក្សបារាំង Paris St-Germain ទាក់ទងដោយផ្តល់តម្លៃខ្លួន៤១លានដុល្លារទៅឲ្យ Arsenal នៅរដូវកាលក្រោយ។
ប្រសិនបើក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍មួយនេះពិតជាយល់ព្រមឲ្យ Aubameyang ចាកចេញមែននោះ Coutinho អាចនឹងមានភាគរយច្រើនក្នុងការវិលចូលក្រុមក្នុងទឹកដីអង់គ្លេសនេះវិញ៕
Tag:
Arsenal
Philippe Coutinho
© រក្សាសិទ្ធិដោយ thmeythmey.com