សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឺង (ស.ជ.ណ) ក្នុងនាមរដ្ឋាភិបាល ជូនទៅគ្រប់ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីឲ្យចុះទៅជួយជំរុញសកម្មភាពកំណត់អត្តសញ្ញាណនៃគ្រួសារក្រីក្រនិងខ្វះខាតនៅទូទាំងប្រទេស។ គ្រួសារក្រីក្រនិងខ្វះខាត ដែលត្រូវស្រង់ឈ្មោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។
សម្តេច ស ខេង លើកឡើងថា រដ្ឋាភិបាល សម្រេចឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ (បណ្ណក្រីក្រ) រួចហើយ និង គ្រួសារក្រីក្រ ដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ (មិនទាន់ចុះក្នុងបញ្ជីភាពក្រីក្រ) រួមទាំងគ្រួសារខ្លះទៀត ដែលទើបរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយបាត់បង់ចំណូល រហូតធ្លាក់ខ្លួនក្រីក្រ។
សម្តេចរដ្ឋមន្ត្រី បន្ថែមថា រដ្ឋាភិបាល បានបង្កើតក្រុមការងាររៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយក្នុងនោះ មានភារកិច្ចដ៏សំខាន់មួយ គឺការកំណត់អត្តសញ្ញាណនៃគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និង ក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងទៀត។ សម្តេច សង្កត់ធ្ងន់ថា៖«កិច្ចការគាំទ្រនេះ នឹងត្រូវធ្វើឲ្យបានចប់សព្វគ្រប់នៅដំណាច់ខែឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០»។
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឲ្យប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាឲ្យបាននូវភាពច្បាស់លាស់និងបំបាត់ភាពមិនប្រក្រតី នៅពេលអាជ្ញាធរភូមិ ឃុំ សង្កាត់ សម្រេចជ្រើសរើសបញ្ចូលក្នុងទិន្នន័យគ្រួសារក្រីក្រ និងទទួលបានបណ្ណសមធម៌ សម្រាប់ទទួលបានប្រាក់ឧបតម្ថម្ភ ដែលគ្រោងអនុវត្ត «នាពេលខាងមុខឆាប់ៗនេះ»។
តាមរយៈស.ជ.ណ ដែលធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីមហាផ្ទៃ សរសេរទៅកាន់ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត យ៉ាងដូច្នេះថា៖««ដំណើរការរលូននិងផលទ្ធផលនៃការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការផ្តល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សំដៅចូលរួមសម្រាលការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម»។
លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែឧសភា ថា មកដល់ពេលនេះ រដ្ឋាភិបាល មិនទាន់កំណត់ជាផ្លូវការនោះទេថា គ្រួសារក្រីក្រនីមួយៗ នឹងទទួលបានប្រាក់ឧបត្ថម្ភប៉ុន្មាន។ ម្យ៉ាងទៀត លោក ក៏មិនទាន់អាចបញ្ជាក់បានដែរថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅពេលណា។
លោក គ្រាន់តែអះអាងថា ក្រសួងសេដ្ឋកិច្ច ក៏ចង់ចាប់ផ្តើមអនុវត្តផែនការផ្តល់ប្រាក់ឧបត្ថម្ភនេះ ឲ្យបានឆាប់ដែរៗ។ លោក មានប្រសាសន៍ថា៖«ឆាប់កាលណា ល្អកាលនុ៎ង»។
យ៉ាងណា ការផ្តល់ប្រាក់ឧបន្ថម្ភនេះ ទំនងជាចាប់ផ្តើមអនុវត្ត នៅក្រោយការស្រង់ស្ថិតិពលរដ្ឋក្រីក្រនិងខ្វះខាត ដែលរដ្ឋាភិបាល កំណត់ថា នឹងស្រង់ឲ្យបានរួចរាល់អស់ នៅមុនខែមិថុនា ឆ្នាំ២០២០។
បច្ចុប្បន្ននេះ ក្រសួងផែនការ កំពុងចុះទៅស្រង់ស្ថិតិប្រជាជនក្រីក្រនិងខ្វះខាត។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ប្រជាជនក្រីក្រនិងខ្វះខាត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែឧសភា។
លោក តូច ចាន់នី អ្នកនាំពាក្យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៥ ខែឧសភាថា បច្ចុប្បន្ន អត្រាអ្នកក្រីក្រនៅកម្ពុជា នៅសល់ប្រមាណ១០ភាគរយ ដែលស្មើនឹងប្រមាណកន្លះលាននាក់។ តែលោក សន្និដ្ឋានថា អ្នកក្រីក្រជាក់ស្តែង អាចមានចំនួនច្រើនជាងនេះ ព្រោះអ្នកក្រីក្រខ្លះ មិនមានបណ្ណក្រីក្រឡើយ។
កន្លងមក ប្រមុខរដ្ឋាភិបាល បានបង្កើតយុទ្ធនាការមួយ គឺឲ្យមន្ត្រី ដើរចេញស្បៀង ដូចជា អង្ករនិងត្រីខ ជាដើម ដល់ប្រជាជនក្រីក្រនិងខ្វះខាត។
រដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា៨រយលានដុល្លារ ដល់២ពាន់លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាផ្សេងៗទៀត ដែលកើតឡើង ដោយសារវិវបត្តិកូវីដ១៩៕