លោក កឹម សុខា​៖ «​ខ្ញុំ​អរគុណ​ពលរដ្ឋ ឥស្សរជន និង​អង្គទូត ដែល​ស្គាល់​គុណ​តម្លៃ​របស់ខ្ញុំ​»
ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​៖ «​ខ្ញុំ​អរគុណ​ពលរដ្ឋ ឥស្សរជន និង​អង្គទូត ដែល​ស្គាល់​គុណ​តម្លៃ​របស់ខ្ញុំ​»
26, May 2020 , 10:02 am        
រូបភាព
ភ្នំពេញ​៖ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ជួប​បណ្ដា​អង្គទូត​ប្រចាំ​កម្ពុជា​ចំនួន​៧​រូប​ហើយ បើ​គិតពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០​មក​។ តាមរយៈ​ជំនួប​នេះ ធ្វើឱ្យ​លោក កឹម សុខា យល់ឃើញថា ខ្លួន​នៅតែមាន​«​គុណ​តម្លៃ​» បើទោះបីជា​លោក កំពុងស្ថិត​នៅក្នុង​ដំណើការ​ជំនុំជម្រះ​រឿងក្តី​ក្នុង​តុលាការ ពាក់ព័ន្ធ​នឹង​បទ​«​គប់គិត​ជាមួយ​បរទេស​»​ក៏ដោយ​។​

 
«​តម្លៃ​ដែល​គ្មាន​គុណ​តម្លៃ មិនមែនជា​តម្លៃពិត​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា ដែល​ចង់​សំដៅថា លោក​នៅតែ​ទទួលបាន​ការឱ្យ​តម្លៃ​ខ្ពស់​ពី​បរទេស​។​
 
​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​អម​ជាមួយ​វីដេអូ​សកម្មភាព​ជួប​បណ្ដា​អង្គទូត​នានា​នៅ​កម្ពុជា​កន្លងមក ដូច្នេះ​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ឥស្សរជន ក៏ដូចជា​អង្គទូតតំណាង​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​នានា ដែល​បានទទួល​ស្គាល់​នូវ ”​គុណ​តម្លៃ​” របស់ខ្ញុំ ដោយ​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ ទទួល​ស្វាគមន៍ជួប​សួរសុខទុក្ខ សន្ទនា​គ្នា ប្រកបដោយ​កិត្តិយស ទោះបី​ខ្ញុំ​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ណាក៏ដោយ​»​។​
 
​បើតាម​លោក កឹម សុខា «​គុណ​តម្លៃ​»​មនុស្ស​ម្នាក់ មិនមែន​ស្ថិតនៅលើ​មុខតំណែង​ឬ​តួនាទី​ឡើយ​។​«​ជាទូទៅ​ប្រទេស ឬ​អ្នក​ទាំងឡាយណា ដែល​ស្គាល់​នូវ​តម្លៃពិត​របស់​មនុស្ស គេ​ធ្វើការ​វាយតម្លៃ​ដោយ​ផ្អែកលើ ”​គុណ​តម្លៃ​” ដែល​មិន​អាស្រ័យទៅលើតែ​មុខដំណែង គោ​រម្យ​ងារ ឬ​ទ្រព្យសម្បត្តិ ដែលជា​សម្បក​ក្រៅ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា​។​
 
​ថ្លែង​បែបនេះហើយ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ស្នើឱ្យ​ប្រទេស​ជា​មិត្ត​កម្ពុជា បន្ត​ជួយ​កម្ពុជា​លើ​វិស័យ​នានា ជាពិសេស​បញ្ហា​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាលដាល​ក្នុង​ពិភពលោក រួមទាំងផលវិបាក​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​នៅពេល​អនាគត ។​«​ខ្ញុំ​សូម​អរគុណ​ដល់​ប្រទេស​ជា​មិត្ត ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ដោយ​សុទ្ធចិត្តកន្លងមក​និង​បច្ចុប្បន្ន ស្របតាម​គុណ​តម្លៃ​នៃ​មនុស្សជាតិ​»​។ នេះ​ជាការ​បន្ថែម​របស់លោក កឹម សុខា​។​
 
​គិត​ចាប់ពី​ថ្ងៃទី​១១ ឧសភា​មក លោក កឹម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​បណ្ដា​អង្គទូត​ប្រចាំ​កម្ពុជា ចំនួន​៧​រូប រួមមាន​ជប៉ុន អាមេរិក ស៊ុយអែត អូស្ត្រាលី បារាំង អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​។ ក្នុងជំនួប​នោះ​បណ្ដា​អង្គទូត​សុទ្ធ​តែមាន​ក្តី​រំពឹងថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នឹងមាន​ភាពប្រសើរឡើង ក្រោយពី​លោក កឹម សុខា បាន​ជួប​ជជែក និង​រំលែក​ទុក្ខ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​បុណ្យសព​ម្ដាយក្មេក​សម្ដេច កាលពី​ថ្ងៃទី​៥ ឧសភា​កន្លងមក​។​
 
​បច្ចុប្បន្ន​លោក កឹម សុខា កំ​ពុង​ស្ថិតនៅក្នុង​ដំណើរការ​ជំនុំជម្រះ​ក្តី​នៅ​តុលាការ ជុំវិញ​បទ​ចោទ​«​សុទិដ្ឋិនិយម​ជាមួយ​បរទេស​» ដែល​ត្រូវ​ប្រើ​ពេលវេលា​កាត់ក្តី​រយៈពេល​៣​ខែ​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​រាតត្បាត​នោះ មេធាវី​លោក កឹម សុខា បានស្នើ​សុំឱ្យ​តុលាការ​ពន្យា​ពេល​កាត់ក្តី​សំណុំ​រឿងនេះ​។ បើ​គិត​មកដល់ពេលនេះ សំណុំរឿង​លោក កឹម សុខា បានអូសបន្លាយ​ពេល​ជិត​៣​ឆ្នាំ​ហើយ បើ​រាប់​ចាប់ពី​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១៧​មក​៕ 
 
 

Tag:
 កឹម សុខា​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com