COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីសុខាភិបាល៖ គ្រប់អ្នកដំណើរ ដែលមកដល់កម្ពុជា ត្រូវនៅដោយឡែក១៤ថ្ងៃ
26, May 2020 , 1:30 pm        
រូបភាព
រូបពី AFP
រូបពី AFP
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញវិធានការបន្ថែមថា អ្នកដំណើរទាំងអស់ ដែលមកដល់កម្ពុជា ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃសិន (ចត្តាឡីស័ក) ទោះធ្វើតេស្តរកមិនឃើញជំងឺកូវីដ១៩ក៏ដោយ។ លោក ប្រកាសពីវិធានការនេះ ពេលលោក ចុះពិនិត្យមើលសុខភាពរបស់អ្នកដំណើរ ដែលមកដល់កម្ពុជា តាមជើងហោះហើរពីកូរ៉េខាងត្បូង កាលពីយប់ថ្ងៃទី២៤ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។



Fresh News បានស្រង់សម្តីរបស់លោក ម៉ម ប៊ុហេង ដែលថ្លែងទៅកាន់អ្នកកាសែត យ៉ាងដូច្នេះថា៖«មិនថាសម្រាប់តែជើងហោះហើរពីកូរ៉េនោះទេ គឺរាល់អ្នកដំណើរទាំងអស់ត្រឡប់មកកម្ពុជា គឺត្រូវតែធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងធ្វើតេស្តកូវីដ១៩ ដើម្បីចៀសផុតពីហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ១៩ចូលមកកម្ពុជាយើង។ ទោះលទ្ធផល ចេញមកអវិជ្ជមានក៏ដោយ ក៏តម្រូវឲ្យអ្នកដំណើរនោះ បន្ដទៅធ្វើចត្ដាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន១៤ថ្ងៃទៀតបន្ថែមផងដែរ»។

លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៦ ខែឧសភាថា មកដល់ពេលនេះ ជើងហោះហើរកម្ពុជា នៅតែខ្សត់ភ្ញៀវដដែល ទោះបីជារដ្ឋាភិបាល បើកឲ្យភ្ញៀវពីប្រទេសទាំង៦ គឺ អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង អ៊ីរ៉ង់ ចូលមកវិញក៏ដោយ។ លោក បញ្ជាក់ថា៖«នៅដដែលទេ អត់មាន [ភ្ញៀវទេ] តិចតួចណាស់»។

យ៉ាងណា អ្នកនាំពាក្យរូបនេះ អះអាងថា ភ្ញៀវ ដែលធ្វើដំណើរតាមជើងហោះហើរ ចូលមកកម្ពុជា មានការកើនឡើងគ្រាន់បើជាមុនបន្តិច។ លោក បន្តថា ថ្ងៃខ្លះ មានអ្នកដំណើរតាមជើងហោះហើរ២០នាក់ ហើយថ្ងៃខ្លះ ក៏កើនឡើងដល់៤០នាក់។

លោក បន្ថែមថា យូរៗ ទើបមានអ្នកដំណើរច្រើនម្តង ជាក់ស្តែង នៅថ្ងៃម្សិលមិញ (យប់ថ្ងៃ២៥ឧសភា) មានអ្នកដំណើរប្រមាណ១០០នាក់ មកពីកូរ៉េខាងត្បូង។ លោក លើកឡើងថា  បច្ចុប្បន្ន អ្នកដំណើរតាមជើងហោះហើរភាគច្រើន ដែលចូលមកកម្ពុជា គឺមកពីកូរ៉េខាងត្បូងនិងចិន។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានថា កម្ពុជា សម្រេចទទួលភ្ញៀវមកពីប្រទេសទាំង៦ខាងលើឡើងវិញ។ លោក បានកំណត់ឲ្យអ្នកដំណើរទាំងជនជាតិខ្មែរនិងជនបរទេស ដែលចូលមកកម្ពុជា ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ១៩។

លើសពីនេះ អ្នកដំណើរជាជនបរទេស ត្រូវមានឯកសារធានារ៉ាប់រងសុខភាព ដែលមានទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងស្នាក់នៅក្នុងប្រទេសកម្ពុជា លើកលែងតែ មន្រ្តីនៃតំណាងប្រទេសឬអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងប្រភេទ B ឡើយ។ ពេលមកដល់កម្ពុជា ទាំងអ្នកដំណើរជាជនជាតិខ្មែរនិងជនបរទេស នឹងត្រូវបញ្ជូនទៅធ្វើតេស្តរកមេរោគកូវីដ១៩។

គិតត្រឹមថ្ងៃទី២៦ ខែឧសភា កម្ពុជា រកឃើញមនុស្ស១២៤នាក់ ដែលមានជំងឺកូវីដ១៩ ហើយភាគច្រើនជាការនាំចូលពីក្រៅប្រទេស។ ក្នុងចំណោមអ្នកជំងឺ១២៤នាក់នោះ បានជាសះស្បើយ១២២នាក់ហើយ ខណៈ២នាក់ កំពុងសម្រាកព្យាបាល។

ទោះស្ថានភាពនៅកម្ពុជា ធូរស្រាលក្តី តែក្រសួងសុខាភិបាល នៅតែរម្លឹកប្រជាជន ឲ្យប្រុងប្រយ័ត្ននឹងរលកទីពីរនៃជំងឺកូវីដ១៩៕

Tag:
 COVID-19
  អ្នកដំណើរពីបរទេស
  ចត្តាឡីស័ក
© រក្សាសិទ្ធិដោយ thmeythmey.com