សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខ​ទីក្រុង​ហុងកុង ធានាថា ច្បាប់​សន្តិសុខ​ថ្មី នឹងមិន​ប៉ះពាល់​សិទ្ធិសេរីភាព​ឡើយ​
26, May 2020 , 2:08 pm        
រូបភាព
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង អ្នកស្រី ការី ឡាំ។ រូបភាព Xinhua
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង អ្នកស្រី ការី ឡាំ។ រូបភាព Xinhua
​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង បង្ក​ការរំជើបរំជួល​យ៉ាងខ្លាំង​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ ប្រទេស​ខ្លះ និង​ក្រុម​សកម្មជន​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង បានបង្ហាញ​ក្ដីបារម្ភ​ពី​ឥទ្ធិពល​របស់​សេចក្ដីព្រាង​ច្បាប់​នេះ​លើ​សិទ្ធិសេរីភាព​របស់​ហុងកុង​។ ប៉ុន្តែ​ប្រមុខ​ទីក្រុង​នេះ អ្នកស្រី ការី ឡាំ បានផ្ដល់​ការធានា​ថា​សេរីភាព និង​សិទ្ធិ​មូលដ្ឋាន​ដទៃទៀត​របស់​ហុងកុង នឹងមិន​រង​ផលប៉ះពាល់​ឡើយ​។

 
​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ការី ឡាំ បាន​ចេញមុខ​និយាយ​ការពារ​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង​ពី​សំណាក់​រដ្ឋាភិបាល​មជ្ឈិម​។ ខណៈ​មាន​សំឡេង​ប្រឆាំង​ការបង្កើត​ច្បាប់​បែបនេះ អ្នកស្រី ឡាំ និយាយថា ហុងកុង​ត្រូវការ​ច្បាប់​បែបនេះ​ដើម្បី​ប្រយោជន៍​ធំធេង​របស់​ប្រជាជន​ក្នុង​ទីក្រុង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP 
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែឧសភា អ្នកស្រី ឡាំ អះអាងថា សេរីភាព​ហុងកុង នឹងត្រូវ​បានការ​ពារ ហើយ​ភាពរស់រវើក​របស់​ហុងកុង​លើ​ផ្នែក​នីតិរដ្ឋ ឯករាជ្យភាព​ប្រព័ន្ធតុលាការ និង​សិទ្ធិសេរីភាព​ច្រើន​ទៀត​របស់​ហុងកុង នឹង​នៅតែ​បន្ត​មាន​ដដែល​។ មេដឹកនាំ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ ក៏​ស្នើ​ឲ្យ​អ្នក​ដែល​បង្ហាញ​ក្ដីបារម្ភ​លើ​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ រង់ចាំ​ដល់ពេល​ឃើញ​ឯកសារ​ច្បាប់​សិន ចាំ​មានប្រតិកម្ម​តាម​ក្រោយ​។​
 
«​ការធានា​នេះ ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​ក្នុង​សេចក្ដីព្រាង ក៏ដូចជា​ការពន្យល់រ​បស់​ថ្នាក់ដឹកនាំ​សភា​ប្រជាជន​ចិន​។ មិនមាន​ការចាំបាច់​អ្វីដែល​យើង​ត្រូវ​បារម្ភ​ឡើយ​។​» នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ឡាំ ដោយ​សំដៅ​កិច្ចប្រជុំសភា​ប្រជាជន​ចិន​ដែល​កំំ​ពុង​ធ្វើ​នៅឯ​ទីក្រុង​ប៉េកាំង​។ ឯ​រឿងក្ដី​បារម្ភ​ទៀតសោត ប្រធាន​ប្រតិបត្តិ​រូបនេះ បកស្រាយ​ថា អ្នក​ដែល​ត្រូវ​បារម្ភ គឺ​មនុស្ស​មួយ​ក្ដាប់​តូច​ដែល​បំពាន​ច្បាប់​ដើម្បី​រៀបចំ និង​ចូលរួម​សកម្មភាព​ភេរវកម្ម​ប្រឆាំង​អំណាច​រដ្ឋ​។ 
 
​ទីក្រុង​ប៉េកាំង ចង់បាន​ច្បាប់​សន្តិសុខ​ជាតិ​នៅពេលនេះ ក្រោយ​អស់​ការអត់ធ្មត់​នឹង​ការតវ៉ា​នៅ​ហុងកុង​កាលពី​ឆ្នាំ​កន្លងទៅ ដែល​ពេលខ្លះ​ប្រែ​ទៅជា​ហិង្សា​ផងដែរ​។ ច្បាប់​ថ្មី នឹង​ហាមឃាត់​ការផ្ដាច់​ខ្លួន វិទ្ធង្សនា ភេរវកម្ម និង​ការ​លូកដៃ​របស់​បរទេស​ក្នុង​ទីក្រុង​នេះ​។ ជា​នីតិវិធី សភា​ប្រជាជន​ចិន នឹង​អនុម័ត​សេចក្ដីសម្រេច​មួយ​ដែល​បើកផ្លូវ​ឲ្យ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​តាក់តែង​សេចក្ដីព្រាង រួច​អនុម័ត​តែម្ដង​។ បន្ទាប់មក ច្បាប់​នេះ​អាចអនុវត្ត​បាន ដោយ​មិនចាំបាច់​ឆ្លង​សភា​ទីក្រុង​នេះឡើយ​។​
 
​គម្រោង​បង្កើត​ច្បាប់​នេះ ក៏​នាំ​ឲ្យ​ការ​ឆ្លើយឆ្លង​ពាក្យសម្តី​រវាង​ប៉េកាំង និង​វ៉ាស៊ីនតោន​រហូត​មានការ​គំរាម​ដាក់ទណ្ឌកម្ម​ទៀត​ផង​។ ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អាមេរិក ព្រមាន​ថា អាមេរិក​នឹង​ដក​ឋានៈ​ពាណិជ្ជកម្ម​ពិសេស​ពី​ហុងកុង បើ​ច្បាប់​នេះ​លេច​ជា​រូបរាង​។ ប៉ុន្តែ​ប៉េកាំង​ឆ្លើយ​វិញ​ថា ខ្លួន​ក៏​មិន​នៅ​ស្ងៀម​ដែរ បើ​ផលប្រយោជន៍​នៅ​ហុងកុង​មាន​បញ្ហា​៕
 

Tag:
 ហុងកុង​
  ចិន​
  អាមេរិក​
 ​ការី ឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com