ជាតិ
សង្គមជាតិ
លោក ម៉ៅ ហាវ​ណ្ណា​ល់​៖ យន្តហោះ មិនត្រូវ​ដឹក​ភ្ញៀវ​មក​កម្ពុជា​ដាច់ខាត បើ​មិន​បង្ហាញ​លិខិតបញ្ជាក់​ពី​ការ​គ្មាន​កូ​វីដ
26, May 2020 , 9:59 pm        
រូបភាព
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រូបពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រូបពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី)
​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល បានចេញ​សេចក្តីណែនាំ​មួយ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ ជូនទៅ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍ ស្តីពី​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក្នុង​ការដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​។


​លោក ម៉ៅ ហាវ​ណ្ណា​ល់ ប្រាប់​ទៅ​ក្រុម​អាកាសចរណ៍​ថា ចំណុច​ទីមួយ រាល់​អ្នកដំណើរ​តាមផ្លូវ​អាកាស​ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​បរទេស ត្រូវ​បង្ហាញ​ឯកសារ​ពីរ​សំខាន់ៗ ដល់​មន្ត្រី​បម្រើ​សេវាកម្ម​ចុះ​ឈោះ​ឡើង​ជិះ​យន្តហោះ (Check-in) គឺ​វិញ្ញាបនបត្រ​សុខភាព ដែល​បញ្ជាក់​គ្មាន​ជំងឺ​កូ​វីដ​១៩ និង ឯកសារ​ធានារ៉ាប់រង​សុខភាព ដែលមាន​ទឹកប្រាក់​យ៉ាងតិច​៥​ម៉ឺន​ដុល្លារ (​សម្រាប់តែ​ជនបរទេស​)​។​
 
​លោក​រដ្ឋមន្ត្រី បន្តថា ចំណុច​ទី​ពីរ រាល់​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព និង​ឯកសារ​ធានារ៉ាប់រង​សុខភាព ត្រូវតែ​ចេញ​ដោយ​មន្ទីរពេទ្យ វិទ្យាស្ថាន​សុខាភិបាល ស្ថាប័ន ភ្នាក់ងារ ឬ ក្រុមហ៊ុន ដែល​អាច​ជឿ​ទុកចិត្តបាន និង​អាចទាក់ទង​បាន​គ្រប់ពេលវេលា​។  
 
​តាមរយៈ​សេចក្តីណែនាំ​របស់ខ្លួន លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន​អាកាសចរណ៍ ពុំ​អាច​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស មកកាន់​ប្រទេស​កម្ពុជា​ជាដាច់ខាត ប្រសិនបើ​ចំណុច​ទីមួយ​និង​ទី​ពីរ ពុំបាន​បំពេញ​»​។ 
 
​ពេល​ចុះទៅ​ពិនិត្យមើល​សុខភាព​របស់​អ្នកដំណើរ ដែល​មកដល់​កម្ពុជា តាម​ជើងហោះហើរ កាលពី​យប់​ថ្ងៃទី​២៤ ឈានចូល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានលើកឡើង​ពី​វិធានការ​បន្ថែមថា អ្នកដំណើរ​ទាំងអស់ ដែល​មកដល់​កម្ពុជា ត្រូវ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន (​ច​ត្តា​ឡី​ស័ក​) ទោះ​ធ្វើតេស្ត​រក​មិនឃើញ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។   
 
​លោក ជា អូន អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​ថា មកដល់ពេលនេះ ជើងហោះហើរ​កម្ពុជា នៅតែ​ខ្សត់​ភ្ញៀវ​ដដែល​។ លោក បញ្ជាក់ថា​៖«​នៅ​ដដែល​ទេ អត់​មាន [​ភ្ញៀវ​ទេ​] តិចតួច​ណាស់​»​។​
 
​យ៉ាងណា អ្នកនាំពាក្យ​រូបនេះ អះអាងថា ភ្ញៀវ ដែល​ធ្វើដំណើរ​តាម​ជើងហោះហើរ ចូលមក​កម្ពុជា មានការ​កើនឡើង​គ្រាន់បើ​ជាមុន​បន្តិច​។ លោក បន្តថា ថ្ងៃ​ខ្លះ មាន​អ្នកដំណើរ​តាម​ជើងហោះហើរ​២០​នាក់ ហើយ​ថ្ងៃ​ខ្លះ ក៏​កើន​ឡើងដល់​៤០​នាក់​។ 
 
​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការអនុញ្ញាត​ឲ្យ​ភ្ញៀវ​មកពី​ប្រទេស​ទាំង​៦ គឺ អាមេរិក អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង អ៊ីរ៉ង់ ចូលមក​កម្ពុជា​វិញ​។ 
 
​ក្រៅពី​តម្រូវ​ឲ្យ​អ្នកដំណើរ​ទាំង​ជនជាតិខ្មែរ​ទាំង​ជនជាតិ​បរទេស ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព និង តម្រូវ​ឲ្យ​ជនជាតិ​បរទេស ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព រដ្ឋមន្ត្រី​សុខាភិបាល នៅ​ទាមទារ​ឲ្យ​អ្នកដំណើរ​ទាំងអស់ ត្រូវធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ពេលមកដល់​កម្ពុជា ហើយ​ទោះបីជា​លទ្ធផល​អវិជ្ជមាន ក៏​ពួកគេ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដែរ​៕ 
 

Tag:
 COVID-19
  វិស័យ​អាកាសចរណ៍​
  លិខិតបញ្ជាក់​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com