ជាតិ
កម្ពុជា​ចំណាយ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ លើ​ការ​នាំចូល​បន្លែ ត្រី សាច់ ពី​ក្រៅប្រទេស
27, May 2020 , 8:59 am        
រូបភាព
លោក សុផាន់ណារ៉ា កាន់ក្រដាស និង លោក ស្រ៊ុន ពៅ ពាក់ម៉ាស់ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២០។
លោក សុផាន់ណារ៉ា កាន់ក្រដាស និង លោក ស្រ៊ុន ពៅ ពាក់ម៉ាស់ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២១ ឧសភា ឆ្នាំ២០២០។
​ភ្នំពេញ​៖ កម្ពុជា​ចំណាយ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ លើ​ការ​នាំចូល​បន្លែ ត្រី សាច់ ពី​ក្រៅប្រទេស​។ សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​តម្រូវការ​បន្លែ សាច់ ជាង​២១៩​ម៉ឺន​តោន ក្នុងនោះ​មានការ​នាំចូល​បន្លែ សាច់ ជិត​៤០​ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។


​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម បាន​ថ្លែង​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៦​ឧសភា​នេះ​ថា កម្ពុជា​បាន​ចំណាយ​ថវិកា​៣០០​ទៅ​៤០០​លាន​ដុល្លារ ក្នុងការ​នាំចូល​សាច់សត្វ​ក្នុង​មួយឆ្នាំ​។ លោក ផាន់​ណា​រ៉ា សង្កត់ធ្ងន់ថា មុនពេល​រឹតបន្តឹង​នោះ កម្ពុជា​នាំចូល​ជ្រូក​ជាង​២​ម៉ឺន​ក្បាល​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​ក្រោយ​រឹតបន្តឹង​មក កម្ពុជា​នាំចូល​ជ្រូក​ប្រមាណ​៦​ពាន់​ក្បាល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ សព្វថ្ងៃ កម្ពុ​ជាមាន​តម្រូវការ​ជ្រូក​ប្រមាណ​៤​ពាន់​ក្បាល​ក្នុង​មួយថ្ងៃ​។ 
 
​ក្រៅពី​ជ្រូក កម្ពុជា ក៏មាន​តម្រូវការ​នាំចូល​បន្លែ ត្រី សាច់ ពី​ក្រៅប្រទេស​ផងដែរ​។ កម្ពុជា​បាន​ចំណាយ​ថវិកា​ជាង​១០០០​លាន​ដុល្លារ ចំពោះ​ការនាំ​ចូល​ផលិតផល​កសិកម្ម​ទាំងនេះ​។ នេះ​បើតាម​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ប្រាប់​សារព័ត៌មាន​ថ្មីៗ ។ 
 
​លោក ស្រ៊ុន ពៅ ថ្លែង​ដូច្នេះ​ថា​៖ «​ការ​នាំចូល​ម្ហូបអាហារ មិន​ក្រោម​១​ពាន់​លាន​ដុល្លារ​ទេ ក្នុងនោះ ត្រី សាច់ បន្លែ ពងមាន់ ពង់​ទា​ដើម បើ​ការ​នាំចូល​ជ្រូក​តែមួយ​មុខ គឺមាន​ជាង​៤០០​លាន​ដុល្លារ​»​។​
 
​បើតាម​របាយការណ៍​ក្រសួងកសិកម្ម នៅ​ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​តម្រូវការ​បន្លែ​ជាង​១០៤​ម៉ឺន​តោន ក្នុងនោះ​កម្ពុជា​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​បាន​ជាង​៧១​ម៉ឺន​តោន ស្មើនឹង​៦៨​ភាគរយ​។ ក្នុងនោះ​កម្ពុជា​ត្រូវការ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ជាង​៣២​ម៉ឺន​តោន ស្មើនឹង​៣២​ភាគរយ​។ 
 
​ចំណែក​តម្រូវការ​សាច់​វិញ កម្ពុជា​ត្រូវការ​ប្រមាណ​២៩០​ពាន់​តោន ក្នុងនោះ​មាន​សាច់គោ ក្របី ជ្រូក មាន់​ជាដើម​។ កម្ពុជា​មានលទ្ធភាព​ផលិតកម្ម​សត្វ​ប្រមាណ​២៣៩​ពាន់​តោន ស្មើនឹង​៨២​ភាគរយ ហើយ​ត្រូវការ​នាំចូល​ប្រមាណ​១៨​ភាគរយ​បន្ថែមទៀត​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​
 
​តំណាង​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ក្រុមហ៊ុន​ម៉ុង រិទ្ធី លោក លី ឡា​វី​ល បាន​លើកឡើងថា រដ្ឋាភិបាល​គួរ​ចេញ​វិធាន​ការបញ្ឈប់​ការនាំ​ចូល​ផលិតផល​កសិកម្ម ដែល​កម្ពុជា​បាន​ខាតបង់​ប្រមាណ​១​ពាន់​លាន​ដុល្លារ លើ​ការ​នាំចូល​បន្លែ ត្រី សាច់​ជាដើម​។ ជាក់ស្ដែង​ដូច​ការ​នាំចូល​ជ្រូក ដែល​ខាតបង់​ប្រមាណ​៤០០​លាន​ដុល្លារ​។ លោក លី ឡា​វី​ល បាន​សង្កត់ធ្ងន់ថា កម្ពុជា​អាច​បិទ​ការ​នាំចូល​បាន ដោយ​អាស្រ័យ​លើ​ក្រសួងកសិកម្ម​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​កម្ពុជា​អាចមាន​លទ្ធ​ច្រើន ក្នុងការ​ចិញ្ចឹម​ជ្រូក​ដោយ​មិន​ពិបាក​ផ្គត់ផ្គង់​ឡើយ​។​
 
​ពាក់ព័ន្ធ​ការនាំ​ចូល​ជ្រូក​នេះ លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​មិនទាន់​អាច​បញ្ឈប់​ការនាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស​ភ្លាមៗ​ឡើយ ព្រោះ​ស្ថានភាព​ចិញ្ចឹម​ជ្រូក​របស់​ពលរដ្ឋ​កាលពី​មុន​ធ្លាក់ចុះ​ខ្លាំង ហើយ​ទើបតែ​មានលទ្ធភាព​ចិញ្ចឹម​ច្រើន​ឡើងវិញ ក្រោយ​រដ្ឋាភិបាល ចាប់ផ្ដើម​រឹតបន្តឹង​ការនាំ​ចូល​នេះ​។​
 
​រយៈពេល ២​ទៅ​៣​ឆ្នាំ​ខាងមុខ​ទៀត ប្រសិនបើ​គ្មាន​ជំងឺ​រាតត្បាត​លើ​ការចិញ្ចឹម​ជ្រូក កម្ពុជា​នឹង​លែង​ពឹង​ផ្អែកលើ​ការនាំ​ចូល​ហើយ​។ ជាក់ស្ដែង​ខេត្ត​ព្រះសីហនុ បាន​បិទ​ការ​នាំចូល​ជ្រូក ដើម្បី​ឲ្យ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ទីនោះ មាន​លទ្ធ​ផ្គត់ផ្គង់​ក្នុង​ខេត្ត​បាន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក តាន់ ផាន់​ណា​រ៉ា ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការ​រឹតបន្តឹង​ជ្រូក កាលពី​ថ្ងៃទី​២១ ឧសភា ឆ្នាំ​២០២០​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មិន​មានការ​នាំចូល​ជ្រូក​ពី​វៀតណាម​ឡើយ ពោលគឺ​នាំចូល​តែ​ពី​ប្រទេស​ថៃ​ប៉ុណ្ណោះ ដោយសារ​ជ្រូក​នៅ​ប្រទេស​វៀតណាម​តម្លៃ​ខ្ពស់ជាង​នៅ​កម្ពុជា​។ សម្រាប់​វិធានការ​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក បន្លែ ផ្លែឈើ គឺ​ចាប់ផ្ដើម​អនុវត្ត កាលពី​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​២០២០​។ នេះ​បើតាម​លោក ស្រ៊ុន ពៅ​៕
 
 

Tag:
 កសិកម្ម​
  ការនាំ​ចូល​
© រក្សាសិទ្ធិដោយ thmeythmey.com