COVID-19
អន្តរជាតិ
ប្រធានាធិបតីចិន ប្រាប់កងទ័ពត្រៀមខ្លួន និងពង្រឹងសមត្ថភាពឲ្យរួចរាល់ដើម្បីតទល់បញ្ហាប្រឈម ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅក្នុងកិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ រូបភាព៖ Xinhua
× កងទ័ពរំដោះប្រជាជនចិន ត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការប្រឈមមុខយោធា និងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីអាចទទួលបន្ទុកការងារបន្ថែម។ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី២៦ ខែឧសភា ចំពេលដែលចិន កំពុងរងគ្រោះដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) និងមានភាពតានតឹងជាមួយអាមេរិកលើបញ្ហាក្ដៅៗដូចជាតៃវ៉ាន់ និងហុងកុង។
ថ្លែងនៅចំពោះមុខជាមួយមន្ត្រីយោធាចិនជាច្រើននាក់នៅក្រៅកិច្ចប្រជុំសភាប្រជាជនចិន លោក ស៊ី ជិនភីង ប្រធានាធិបតីចិន និងជាប្រធានគណៈកម្មការមជ្ឈិមយោធា បានសាទរចំពោះកិច្ចការយោធាចិនកន្លងមកក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 ក៏ដូចជាការការពារប្រជាជន។ ប្រមុខរដ្ឋចិនរូបនេះ ក៏បានបញ្ជាឲ្យកងទ័ពចិន ផ្លាស់ប្តូររបៀបហ្វឹកហាត់ ក្នុងអំឡុងពេលជំងឺរាតត្បាតសកលនេះផងដែរ ដើម្បីប្រឈមនឹងបញ្ហាថ្មីៗ ដោះស្រាយជាមួយស្ថានភាពលំបាកៗ ជាពិសេស គឺការពារដែនអធិបតេយ្យជាតិ សន្តិសុខ និងផលប្រយោជន៍របស់ប្រទេសចិន។
កងទ័ព ត្រូវតែហ្វឹកហាត់ខ្លាំងជាងមុន និងត្រៀមខ្លួនក្នុងការប្រយុទ្ធជាមួយសង្គ្រាមជំងឺឆ្លងសកល និងត្រូវបត់បែនតាមកាលៈទេសៈ។ នេះបើតាមការស្រង់សម្តីរបស់លោកស៊ី ពីសំណាក់ទីភ្នាក់ងារព័ត៌មានចិន Xinhua ដែលបន្តថា វាសំខាន់ណាស់សម្រាប់កងទ័ពចិន ក្នុងការស្រាវជ្រាវរកវិធីហ្វឹកហាត់ថ្មីក្នុងកាលៈទេសៈ COVID-19 ហើយការហ្វឹកហាត់បែបនេះ ក៏ជាកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺនេះ និងពង្រឹងសមត្ថភាពកងទ័ព ក្នុងការប្រឈមជាមួយបេសកកម្មយោធាដ៏លំបាកៗ។
ការលើកឡើងរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តចិនឲ្យយោធាត្រៀមខ្លួនបែបនេះ ធ្វើឡើងបន្ទាប់ពីចិនដំឡើងថវិកាយោធា និងកំពុងមានភាពតានតឹងថ្មីនៅក្នុងតំបន់។ តាមរយៈកិច្ចប្រជុំសភាប្រជាជនចិនពេញអង្គលើកទី៣ នៃនីតិកាលទី១៣ ចិនបានសម្រេចដំឡើងថវិកាការពារជាតិ ៦,៦ភាគរយ ដែលស្មើនឹងទឹកប្រាក់ប្រមាណ ១៧៨ពាន់លានដុល្លារ។
ការពង្រឹងសាច់នេះ ចំពេលមានភាពតានតឹងថ្មីជាមួយអាមេរិកជុំវិញការគ្រប់គ្រង និងដើមកំណើត COVID-19 កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ បញ្ហាកោះតៃវ៉ាន់ និងច្បាប់សន្តិសុខជាតិហុងកុងជាដើម។ ចិនមិនសប្បាយចិត្តឡើយ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានបើកផ្លូវលក់មីស៊ីលបំពាក់លើនាវាប្រមាណជា ១៨០លានដុល្លារឲ្យតៃវ៉ាន់។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលទីក្រុងប៉េកាំង ធ្លាប់បានព្រមានជាញយៗថា នឹងបើកប្រតិបត្តិយោធា ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕
© រក្សាសិទ្ធិដោយ thmeythmey.com