COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Serie A នឹង​ជួប​ជាមួយ​រដ្ឋាភិបាល​អ៊ីតាលី​ដើម្បី​សម្រេច​អនាគត​លី​គ​រដូវ​កាល​នេះ​
27, May 2020 , 9:39 pm        
រូបភាព
​ជោគវាសនា​របស់​លី​គ​កីឡាបាល់ទាត់​អ៊ីតាលី​ក្នុងការ​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​តាម​លី​គ​នៅ​អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ នឹងត្រូវ​សម្រេច​ចុងក្រោយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា ក្នុងពេល​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​អ៊ីតាលី​ដែល​នឹង​កំណត់ថា លី​គ​នឹង​បន្ត​ឬ​អត់​។​


​រដ្ឋមន្ត្រី​កីឡា​អ៊ីតាលី​លោក Vincenzo Spadafora នឹង​ប្រាប់​ទៅ​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី (FIGC) និង​ប្រធាន​ក្របខណ្ឌ Serie A ថា ប្រសិនបើ​ស្ថានភាព​សុខភាព​មាន​ភាពល្អប្រសើរ​ជុំវិញ​ជំងឺឆ្លង COVID-19 នោះ​លី​គ​នឹង​វិលត្រឡប់​ទៅកាន់​ការ​ប្រក​យ​ត​វិញ បន្ទាប់ពី​ផ្អាក​ជិត​៣​ខែ​។​
 
​លី​គ​កំពូល​អ៊ីតាលី និង​លី​គ​កម្រិត​ក្រោមៗ​ទៀត​ក្នុង​រដូវ​កាល​នេះ​ត្រូវ​សម្រេច​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​តាំងពី​ថ្ងៃទី​៩ ខែមីនា ដោយសារតែ​ជំងឺ COVID-19 រាតត្បាត​ខ្លាំងខ្លា​ពេក រហូត​សម្លាប់​មនុស្ស​ជាង ៣០០០០ នាក់​នៅក្នុង​ប្រទេស​អ៊ីតាលី​នេះ​។​
 
​យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១៩ ខែឧសភា ក្លិប​នៅ​អ៊ីតាលី Serie A បាន​ត្រឡប់​ទៅកាន់​ការហ្វឹកហាត់​ជា​ក្រុម​វិញ​ហើយ ប៉ុន្តែ​សកម្មភាព​ប្រកួតប្រជែង​នៅតែ​មិនទាន់​អនុញ្ញាត​ឲ្យ​ដំណើរការ​នៅឡើយ រហូតដល់​ពាក់កណ្តាល​ខែមិថុនា​។​
 
​តាម​ការចង្អុលបង្ហាញ​ពី​លោក Spadafora និង​គណៈកម្មាធិការ​ប​ច្ចេកទេស​វិទ្យាសាស្ត្រ​របស់​រដ្ឋាភិបាល​អ៊ីតាលី​នឹង​យល់ព្រម​ឲ្យ​មានការ​ចាប់ផ្តើម​រដូវ​កាល​ឡើងវិញ ប្រសិនបើ​អ្វីៗ​ស្របតាម​គោល​ការ​សុខាភិបាល​។ ក្នុងករណី​ការសម្រេចចិត្ត​មាន​ផល​វិជ្ជមាន​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ ឧសភា​នោះ Serie A នឹង​កំណត់ពេល​ប្រជុំ​មួយលើកទៀត​នៅ​ថ្ងៃ​បន្ទាប់​ដើម្បី​រៀបចំ​តារាង​ការប្រកួត​លី​គ​កំពូល​អ៊ីតាលី និង​ពានរង្វាន់ Italian Cup​។​
 
​ប្រធាន Serie A ចង់​ឲ្យ​ការប្រកួតប្រជែង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៣-១៤ ខែមិថុនា ដោយ​ចាប់ផ្តើម​ការប្រកួត​ចំនួន​៤​គូ​ដំបូង​រវាង​ក្រុម Atalanta-Sassuolo, Verona-Cagliari, Inter Milan-Sampdoria និង Torino-Parma ។​
 
​មកទល់ពេលនេះ លី​គ​កំពូល​អាល្លឺម៉ង់ Bundesliga បានចាប់ផ្តើម​ការប្រកួត​វិញ​ចំនួន​ពីរ​សប្តាហ៍​ហើយ ខណៈ La Liga របស់​អេ​ស្ប៉ា​ញ​ក៏បាន​ប្រកាសថា​ពួកគេ​នឹង​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​នៅ​ថ្ងៃទី​១១ ខែមិថុនា​ផងដែរ​។ ដោយឡែក ក្របខណ្ឌ Premier League កំពុងស្ថិត​ក្នុងការ​ពិភាក្សា​ជុំវិញ​ការវិលត្រឡប់​នៅឡើយ​៕

Tag:
 Serie A
  COVID-19
  FIGC
© រក្សាសិទ្ធិដោយ thmeythmey.com