កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានសហព័ន្ធបាល់ទាត់ហៃទីត្រូវផ្អាកតួនាទី៩០ថ្ងៃ ជុំវិញការបង្ខំកីឡាការិនីឲ្យរួមភេទ
× ប្រធានសហព័ន្ធកីឡាបាល់ទាត់ហៃទី (HFF) លោក Yves Jean-Bart ត្រូវបានបញ្ឈប់ពីតំណែងរបស់លោកបណ្តោះអាសន្នរយៈពេល៩០ថ្ងៃ ក្រោយមានការចោទប្រកាន់ថាលោកបានបង្ខំកីឡាការិនីវ័យក្មេងឲ្យរួមភេទជាមួយខ្លួន។
ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក (FIFA) ជាអ្នកចាត់វិធានការនេះដោយផ្ទាល់បន្ទាប់ពីមានការចោទប្រកាន់ខាងលើ។ លោក Jean-Bart ត្រូវបានចោទថាបានគំរាមក្មេងស្រីៗដោយបន្លាចថាពួកគេនឹងត្រូវបាត់បង់កន្លែងនៅមជ្ឈមណ្ឌលហ្វឹកហាត់ជាតិ ប្រសិនបើមិនស្របតាម។
យ៉ាងណាក៏ដោយ លោក Jean-Bart បានបដិសេធការការចោទប្រកាន់នេះ ខណៈប៉ូលីសហៃទី កំពុងស៊ើបអង្កេតជុំវិញករណីនេះផងដែរ។
ជុំវិញបញ្ហានេះ FIFA បានអះអាងថាការព្យួរនេះនឹងចូលជាធរមានភ្លាមៗ និងអនុវត្តចំពោះរាល់សកម្មភាពដែលទាក់ទងនឹងកីឡាបាល់ទាត់ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។
លោក Jean-Bart វ័យ៧៣ឆ្នាំបានទទួលបន្ទុកដឹកនាំ HFF អស់រយៈពេលជាងពីរ ទសវត្សមកហើយ។ ករណីបង្ខំឲ្យមានការរួមភេទដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនេះ ត្រូវបានចោទប្រកាន់ថាបានកើតឡើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
នេះមិនមែនជាលើកទីមួយឡើយ ដែលមន្ត្រីជាន់ខ្ពស់របស់ FIFA មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភផ្លូវភេទ។ កាលពីខែមិថុនា ឆ្នាំ ២០១៩ អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្វហ្គានីស្ថានលោក Keramuudin Karim ក៏ជាប់បម្រាមមួយជីវិតផងដែរ បន្ទាប់ពីមានការចោទប្រកាន់ថាលោកបានរំលោភបំពានផ្លូវភេទលើកីឡាការិនី ដែលជាសមាជិកក្រុមកីឡាបាល់ទាត់នារីអាហ្វហ្គានីស្ថាន៕
Tag:
Yves Jean-Bart
FIFA
HFF
© រក្សាសិទ្ធិដោយ thmeythmey.com