COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូជម្រើសជាតិបារាំង រិះគន់ថា La Liga និង EPL ចង់បន្តការប្រកួតដោយសារលុយប៉ុណ្ណោះ
× លោក Didier Deschamps គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបារាំងគាំទ្រការសម្រេចចិត្តលើការរំសាយលីគកំពូលបារាំង Ligue 1 ត្រឹមពាក់កណ្តាលផ្លូវដោយសារវិបត្តិ COVID-19។ លោកនិយាយបែបរិះគន់ថា លីគដែលចង់បន្ត គឺដោយសារតែហេតុផលហិរញ្ញវត្ថុតែមួយគត់។
អំឡុងពេលរីករាលដាលខ្លាំងនៃជំងឺរាតត្បាតសកល នៅថ្ងៃទី២៨ ខែមេសា លីគកីឡាបាល់ទាត់បារាំង Ligue 1 និង Ligue 2 បានសម្រេចលុបចោលតែម្តង បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe ហាមឃាត់រាល់ព្រឹត្តិការណ៍កីឡាទាំងអស់ក្នុងប្រទេសរហូតដល់ខែកញ្ញា។
Ligue 1 ជាលីគតែមួយគត់ក្នុងចំណោមលីគធំៗទាំង៥ នៅអឺរ៉ុបដែលបានបញ្ចប់រដូវកាលរបស់ខ្លួន ខណៈលីគកំពូលអាល្លឺម៉ង់បានបន្តវិញ ហើយអេស្ប៉ាញ អ៊ីតាលី រួមទាំងអង់គ្លេសសង្ឃឹមថា នឹងត្រឡប់ចូលវិញក្នុងខែមិថុនា។
មិនត្រឹមតែប៉ុណ្ណោះទេ ការរំសាយ Ligue 1 បានធ្វើឲ្យក្រុមមួយចំនួនបង្ហាញការខកចិត្ត ដ្បិតត្រូវកាត់ចោល និងខ្លះមិនបានលេងក្របខណ្ឌអឺរ៉ុប ដោយក្នុងនោះក៏មានក្រុម Lyon, Amiens និង Toulouse ផងដែរ។ Lyon ឈរចំណាត់ថ្នាក់ទី៧ ក្នុងតារាង Ligue 1 រដូវកាលនេះ ដែលជាចំណាត់ថ្នាក់មិនអាចលេងក្របខណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយ ខណៈ Amiens និង Toulouse ត្រូវកាត់ចោលទៅលីគបន្ទាប់។ ពួកគេថែមទាំងគំរាមចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។
ជុំវិញបញ្ហាខាងលើលោក Deschamps យល់ឃើញថា អាជ្ញាធរបារាំងបានសម្រេចចិត្តត្រឹមត្រូវលើការរំសាយលីគរដូវកាល ២០១៩-២០នេះ។ គ្រូបង្វឹកដែលជួយបារាំងលើកពាន World Cup ឆ្នាំ២០១៨ ពន្យល់ថា ភាពមិនស៊ីសង្វាក់គ្នា និងក្តីបារម្ភផ្នែកហិរញ្ញវត្ថុទើបធ្វើឲ្យលីគនៅអាល្លឺម៉ង់សម្រេចបន្តឡើងវិញទាំង COVID-19 នៅរាលដាលនៅឡើយ ហើយ La Liga របស់អេស្ប៉ាញ និងអង់គ្លេស Premier League ដែលគ្រោងចាប់ផ្តើមវិញក៏ដូចគ្នា។
គ្រូសញ្ជាតិបារាំង វ័យ៥១ឆ្នាំរូបនេះបានប្រាប់កាសែត Le Parisien ថា៖« ខ្ញុំមិនចង់វិនិច្ឆ័យ ថ្កោលទោស និងស្តីបន្ទោសអ្វីឡើយ។ លក្ខខណ្ឌក្នុងការទប់ទល់នឹងអ្វីមួយ គឺមិនដូចគ្នាទេ។ ខ្ញុំបានមើលការប្រកួតនៅ Bundesliga តាំងពីការចាប់ផ្តើមការប្រកួតឡើងវិញ។ ខ្ញុំមិននិយាយពីល្បឿន ឬកម្រិតនៃកាលេងទេ ប៉ុន្តែរូបភាពមួយចំនួនហាក់ដូចជាមិនសមនឹងភ្នែកខ្ញុំសោះ»។
Deschamps បន្ថែមថា សូមអ្នកទាំងអស់គ្នាមើលលើការសម្រេចចិត្តដែលបានធ្វើនៅអេស្បាញ និងអង់គ្លេស។ លីគបាល់ទាត់ធំទាំងពីរកំពុងរៀបចំផែនការបន្ត La Liga និងលី Premier League ប៉ុន្តែពួកគេមិនបន្តការប្រកួតសម្រាប់ក្របខណ្ឌនារីដែលបង្កើតបានប្រាក់ចំណូលតិចនោះឡើយ៕
Tag:
Didier Deschamps
COVID-19
Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com