ធនាគារជាតិ បកស្រាយ​រឿង​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បកស្រាយ​រឿង​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ​
28, May 2020 , 5:56 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា បកស្រាយ​រឿង​ក្រដាសប្រាក់​ប្រភេទ​១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ នៅតែ​អាច​បន្ត​ចរាចរណ៍​នៅលើ​ទីផ្សារ​បាន​ធម្មតា​នាពេល​បច្ចុប្បន្ន ។ ប៉ុន្តែ​ក្រដាស​ប្រភេទ​នេះ នឹង​អាច​លុបបំបាត់​នៅពេល​ខាងមុខ​។​

 
​ដើម្បី​ពង្រឹង​ឯករាជ្យ​នៃ​គោលនយោបាយ​រូបិយវត្ថុ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​នោះ កម្ពុជា​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្ដើម​ពី​ការចាយវាយ​លើ​ប្រតិបត្តិការ​ទំហំ​តូច​ទៅ​។ ដូច្នេះ​ការទុកឱ្យ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​នេះ គឺជា​ឧបសគ្គ​មួយ​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។ នេះ​ជាការ​បញ្ជាក់​របស់​ធនា​គារ​ជាតិ​។​
 
​ធនាគារជាតិ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ប្រាក់រៀល​ក៏ដូចជា​រូបិយប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ​គួរឱ្យកត់សម្គាល់​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ចំពោះ​ប្រទេស​ក្នុង​តំបន់​តម្លៃ​រូប​បិ​យ​ប័ណ្ណ​របស់គេ​ធ្លាក់​ថ្លៃ ដោយសារ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​និង​លំហូរ​ចេញ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការធ្លាក់ចុះ​នៃ​ថ្លៃ​ប្រាក់រៀល​គឺ​ដោយសារ​តម្រូវ​ការប្រាក់​រៀល​ធ្លាក់ចុះ (​ដែលជា​ចម្បង​បណ្ដាលមកពី​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ​) ការធ្លាក់​ថ្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​នេះ មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ​ដែលមាន​ចំណូល​ជា​ប្រាក់រៀល​។ ដូច្នេះ​ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាពិសេស​សម្រាប់​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ ត្រូវ​ជំនួស​ដោយ​ប្រាក់រៀល​វិញ​»​។​
 
​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្តល់​ពេលវេលា​ចំនួន​៣​ខែ ពោលគឺ​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​នាំយក​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ មក​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស ដោយ​ឥត​គិត​កម្រៃ​សេវា​។​
 
«​បន្ទាប់ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​ផ្ទេរ​ការចំណាយ​ដឹកជញ្ជូន​ចេញទៅ​ក្រៅប្រទេស​លើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ ឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ជា​អ្នករ៉ាប់រង​វិញ​។ ចំពោះ​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ ១០​ដុល្លារ ឡើងទៅ គឺ​មិនមាន​កម្រៃ​សេវា​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ធនា​គារ​ជាតិ​។​
 
​ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ។​

Tag:
 សេដ្ឋកិច្ច​
  ក្រដាសប្រាក់​ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com