ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ឧស្សាហ៍​ញ៊ាំ​សាច់​កែច្នៃ ប្រយ័ត្ន​ជួប​បញ្ហា​សុខភាព​ទាំងនេះ​
29, May 2020 , 8:59 pm        
រូបភាព
​សាច់​កែច្នៃ​រួមមាន​សាច់ក្រក ហ​ត​ដក និង​សាច់​ដែល​គេ​កែច្នៃ​ទុកឱ្យ​បានយូរ​ត្រូវបាន​បន្ថែម​សារធាតុ​គីមី​ផ្សេងៗ​រួម​នឹង​អំបិល​ជាដើម​។ សាច់​ប្រភេទ​នេះ​អាចមាន​រសជាតិ​ឆ្ងាញ់​និង​ងាយ​រក​ទិញ​បាន ប៉ុន្តែ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​និង​សម្រស់​។ ថា​តើ​សាច់​កែច្នៃ​អាច​ជះ​ផលប៉ះពាល់​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការទទួល​ទាន​សាច់​កែច្នៃ ៖

 
១. ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ក្រៅពី​មាន​ផ្ទុក​សារធាតុ nitrates ដែល​បង្កបញ្ហា​នៃ​ជំងឺមហារីក​ហើយ​នោះ​សាច់​កែច្នៃ​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​មិនល្អ​និង​ជាតិ​ប្រៃ​ខ្ពស់​ដែល​មិនល្អ​ចំពោះ​សុខភាព​បេះដូង​។​
 
២. ឆាប់​ចាស់​ជាង​វ័យ​
 
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាពបត់បែន​ក្នុង​ស្បែក​ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។​
 
៣. ហានិភ័យ​នៃ​ជំងឺមហារីក​
 
​សាច់​កែច្នៃ​ច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល ខ្លាញ់​មិនល្អ និង​សារធាតុ​រក្សាទុក​បានយូ​រ​ដែល​សុទ្ធសឹងតែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក ក៏ដូចជា​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​គួរឱ្យ​បារម្ភ​។​
 
៤. ខ្សោយ​ខួរក្បាល​
 
​ពិតណាស់​ជាតិ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​កោសិកា​ខួរក្បាល ប៉ុន្តែ​មិនល្អ​សោះឡើយ​ប្រសិនបើ​វា​មាន​ប្រភព​ចេញពី​អាហារ ឬ​សាច់​កែច្នៃ​។ អាហារ​កែច្នៃ​ច្រើន​តែមាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​អាច​បង្ក​ការ​រលាក និង​បំផ្លាញ​ដល់​កោសិកា​ខួរក្បាល​។​
 
៥. លើស​សម្ពាធ​ឈាម​
 
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ឬ​អំបិល​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លើស​សម្ពាធ​ឈាម​នៅពេល​ទទួលទាន​ច្រើន ហើយ​ជាប្រចាំ​។ អ្នកជំងឺ​លើស​សម្ពាធ​ឈាម​មិនគួរ​ទទួលទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​លើសពី ១៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ ប្រសិនបើ​មិន​ចង់ឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​អាក្រក់​ឡើង​។​
 
៦. ធាត់​ជ្រុល​
 
​ការទទួល​ទាន​សាច់​កែច្នៃ​អាច​បណ្ដាលឱ្យ​អ្នក​កើន​ទម្ងន់​ដោយសារ​មូលហេតុ​ចម្បង​ពីរ​។ ទី​១​នោះ​គឺ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ saturated fat​។ ទី​២​នោះ​គឺ​សារធាតុ​គីមី​ក្នុង​សាច់​កែច្នៃ​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com