ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ ត្រៀមកម្លាំងនិងមធ្យោបាយ ជួយពលរដ្ឋ ដែលជួបគ្រោះមហន្តរាយក្នុងរដូវវស្សា
× ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដើម្បីពិភាក្សាពីការត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ ក្នុងរដូវវស្សា។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយនៃក្រសួងការពារជាតិ ដែលដឹកនាំកិច្ចប្រជុំ បានថ្លែងថា អង្គភាពជំនាញទាំងអស់ ត្រូវត្រៀមទាំងកម្លាំង ឧបករណ៍ មធ្យោបាយ រួមទាំងសម្ភារគ្រប់ប្រភេទ ដូចជា ឧទ្ធម្ភាគចក្រ នាវា អូប៊រ រថយន្តដឹកជញ្ជូន និង រថយន្តសង្គ្រោះ ជាដើម ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយ កើតឡើងជាយថាហេតុក្នុងរដូវវស្សាឆ្នាំនេះ។
លើសពីនេះ លោក បានជំរុញឲ្យបណ្តាអង្គភាពពាក់ព័ន្ធ ពិនិត្យឧបករណ៍សម្ភារឲ្យបានត្រឹមត្រូវ ហើយត្រូវបែងចែក និងត្រៀមកម្លាំងប្រចាំការជាអចិន្រៃ្តយ៍ ព្រមទាំងតាមដានការប្រែប្រួលអាកាសធាតុ ក្នុងរដូវវស្សា។
គេហទំព័រក្រសួងការពារជាតិ ចុះផ្សាយថា៖«ឧត្តមសេនីយ៍ ម៉ឹង សំផន សង្ឃឹមថា គ្រប់បណ្តាលអង្គភាពជំនាញរបស់កងយោធពលខេមរភូមិន្ទ ដែលពាក់ពន្ធ័ទាំងអស់ នឹងត្រៀមខ្លួនអនុវត្តភារកិច្ចជួយសង្គ្រោះគ្រោះមហន្តរាយ នៅក្នុងរដូវវស្សាឆ្នាំ ២០២០នេះ ឲ្យសម្រេចបានលទ្ធផលល្អ តាមការណែនាំរបស់រាជរដ្ឋភិបាល»៕
Tag:
គ្រោះហន្តរាយធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com