Serie A អាច​ត្រឡប់​ចូល​ប្រកួត​វិញ​ថ្ងៃទី​២០​មិថុនា​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Serie A អាច​ត្រឡប់​ចូល​ប្រកួត​វិញ​ថ្ងៃទី​២០​មិថុនា​
29, May 2020 , 8:39 pm        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​កីឡា​អ៊ីតាលី​លោក Vincenzo Spadafora នៅ​ថ្ងៃទី​២៨ ខែឧសភា បាន​អះអាងថា Serie A អាច​នឹង​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី​២០ ខែមិថុនា បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជិត​៣​ខែ បើ​ទោះ​ប្រទេស​នេះ​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ដោយសារ​ជំងឺឆ្លង COVID-19 ក្តី​។​


​បន្ទាប់ពី​បានធ្វើ​សន្និសីទ​តាមរយៈ​វីដេអូ​ជាមួយ​ប្រធាន​កីឡាបាល់ទាត់​អ៊ីតាលី (FIGC) រួចមក លោក Spadafora និយាយថា គណៈកម្មាធិការ​បច្ចេក​ទេស និង​វិទ្យាសាស្ត្រ​បាន​ព្រមព្រៀង​លើ​ពិធីសារ​ដើម្បី​ត្រឡប់​ទៅកាន់​ការប្រកួត​លី​គ​វិញ ហើយ​សហព័ន្ធ​បាន​ធានា​ជូន​លោក​ថា ពួកគេ​មាន​ផែនការ B និង​ផែនការ C ផងដែរ​។ ដោយ​ពិចារណា​លើ​ផែនការ​ទាំងពីរ​នេះ លី​គ​កំពូល​អ៊ីតាលី​អាច​នឹង​បន្ត​វិញ​នៅ​ថ្ងៃទី​២០ ខែមិថុនា​។​
 
​លោក Gabriele Gravina ប្រធាន FIGC បាន​ធានា​ដល់​លោក​រដ្ឋមន្ត្រីក្រសួង​កីឡា​អ៊ីតាលី​ជុំវិញ​ការចាប់ផ្ដើម​លី​គនេះ​ថា នឹងមាន​ប្រព័ន្ធ​លេង​ជម្រុះ (play-off) មួយទៀត ប្រសិនបើ​ការប្រកួត​ទទួល​ការរំខាន​ជា​លើក​ទី​ពី​ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ​។​
 
​ក្រោយ​កិច្ចប្រជុំ​លោក Spadafora លើកឡើងថា​៖« យើង​មានការ​ប្រជុំ​ដែលមាន​ផ្លែផ្កា​។ ចាប់តាំងពី​ដំបូង​ខ្ញុំ​បាន​និយាយថា បាល់ទាត់​អាច​ចាប់ផ្តើម​ឡើងវិញ​នៅពេល​លក្ខខណ្ឌ​សន្តិសុខ​ទាំងអស់​មានការ​ឆ្លើយតប​ត្រឹមត្រូវ ហើយ​ថែមទាំង​មានការ​ព្រមព្រៀង​ពី​គណៈកម្មាធិការ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​ផ្សេងៗ​ផង​»​។​
 
​ការប្រកាស​ពី​ការបន្ត​លី​គ​កំពូល​អ៊ីតាលី Serie A នេះ កើតឡើង​ភ្លាមៗ​ក្រោយពេល Premier League បាន​បញ្ជាក់ថា លី​គ​កំពូល​អង់គ្លេស​មួយ​នេះ​នឹង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​។​
 
​ក្នុងចំណោម​លី​គ​បាល់ទាត់​កំពូល​ទាំង​៥​នៅ​អឺរ៉ុប មានតែ Ligue 1 បារាំង​ប៉ុណ្ណោះ​ដែល​រំសាយ​លី​គ​ចោល​តែម្តង ស្របពេល Bundesliga បាន​វិល​ទៅរក​ការប្រកួត​វិញ​បាន​២​សប្តាហ៍​ទៅហើយ​។ La Liga របស់​អេ​ស្ប៉ា​ញ​នឹង​វិល​ចូល​ទីលាន​វិញ​នៅ​ថ្ងៃទី​១១ មិថុនា​ផងដែរ​៕
 
 

Tag:
 Serie A
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com