ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការលក់​សៀវភៅ​តាម​អន​ឡាញ​កើនឡើង ក្នុងសម័យ​កូ​វីដ​-១៩
30, May 2020 , 3:40 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នក​បោះផ្សាយ បណ្ណាគារ និង​អ្នកនិពន្ធ បានកត់សម្គាល់​ឃើញថា ការលក់​សៀវភៅ មាន​កំណើន​ឡើង​បន្តិច ជាពិសេស​ការបញ្ជាទិញ​តាម​អន​ឡាញ នៅក្នុង​អំឡុងពេល​កម្ពុ​ជា ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩​។ កំណើន​នៃ​ការបញ្ជាទិញ​សៀវភៅ ធ្វើ​ឲ្យ​អ្នក​បោះផ្សាយ និង​អ្នកនិពន្ធ  វាយតម្លៃថា ការអាន​នៅ​កម្ពុជា បាន​កើនឡើង នៅក្នុង​សម័យ​កូ​វីដ​-១៩​នេះ​។

​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖

​ពលរដ្ឋ​ជាច្រើន​បាន​ស្នាក់​នៅផ្ទះ ធ្វើការ​ពី​ផ្ទះ ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់​កាលពី​អំឡុង​ខែកុម្ភៈ និង​មីនា​កន្លងទៅ​។ បើទោះជា​ពេលនេះ ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​បន្តិច​ក្តី ពលរដ្ឋ​ខ្លះ​ក៏​នៅ​បន្ត​ស្នាក់​នៅផ្ទះ​ដដែល​។ ក្រៅពី​ធ្វើ​ការងារ ពលរដ្ឋ​មួយចំនួន បាន​ចំណាយពេល​អាន​សៀវភៅ​ច្រើនជាង​មុន​។ 
 
​លោក សេក ប៉ម គ្រូបង្រៀន​ម្នា​ក់នៅ​ខេត្តកំពង់ចាម ដែល​ចូលចិត្ត​អាន​សៀវភៅ​តាំងពីដើម​មក អះអាងថា លោក​នៅតែ​បន្ត​អាន​សៀវភៅ ព្រោះនេះ​ជា​ទម្លាប់​របស់លោក​។ ប៉ុន្តែ​ក្នុងអំឡុងពេល​សាលារៀន​ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន​នេះ លោក​បាន​បង្កើន​ការអាន​ច្រើនជាង​មុន ដោយសារតែ​លោក​ពេលទំនេរ​ច្រើន​។
 
​មាន​សម្បុរ​សណ្តែកបាយ គ្រូបង្រៀន​រូបនេះ បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖​ «​តាំងពីដើម​ក ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​រហូត​ហើយ ប៉ុន្តែ​អំឡុងពេល​ជំងឺ​កូ​វីដ ខ្ញុំ​មាន​ពេលទំនេរ​ច្រើន ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ សៀវភៅ​បែប​ទស្សនវិជ្ជា​...»​។ 
 
​ក្រៅពី​ចូលចិត្ត​អាន​សៀវភៅ គ្រូ​ជំនាញ​សីលធម៌​ពលរដ្ឋ​វិជ្ជា​រូបនេះ បាន​សហការ​ជាមួយ​បណ្ណាគារ ដើម្បី​លក់​សៀវភៅ​តាម​អន​ឡាញ ដើម្បី​ជំរុញ​ឲ្យ​យុវជន​បាន​អាន​សៀវភៅ​កាន់តែច្រើន​។  
​លោក​ប៉ម ថា ការលក់​សៀវភៅ​អន​ឡាញ បាន​កើនឡើង​បើ​ធៀប​មុន​កម្ពុជា មាន​ជំងឺ​កូ​វីដ​-១៩​។ លោក​បន្តថា​៖ «​តាម​អ្វីដែល​លក់​សៀវភៅ​ក្នុងអំឡុងពេល​ហ្នឹង គឺមាន​គេ​ទិញ​សៀវភៅ​យកទៅ​មើល បន្ទាប់ពី​ការងារ​ត្រូវបាន​អាក់ខាន ហើយ​មាន​ពេលទំនេរ​ច្រើន​។ និយាយ​ឲ្យ​ចំ​អ្នក​ដែល​អាន​សៀវភៅ​ជាទូទៅ គាត់​មាន​និស្ស័យ​ចូលចិត្ត​អាន​តាំងពីដើម​ក​ហើយ ដែល​ធ្វើ​ឲ្យ​គាត់​ជំរុញ​ការអាន​ជាង​មុន ស្រប​ពេលដែល​គាត់​មាន​ពេលទំនេរ ដើម្បី​កែ​អផ្សុក គាត់​ក៏​ជាវ​សៀវភៅ​យកទៅ​អាន​បន្ថែម​»​។ 
 
​ចំណែក លោក បួ បញ្ញា ដែល​ចូលចិត្ត​អាន​សៀវភៅ​ជាប្រចាំ​ដែរនោះ អះអាងថា ទោះ​មាន​ជំងឺ​កូ​វីដ​១៩ ឬ​គ្មាន​ជំងឺ​នេះ​នៅ​កម្ពុជា​ក៏ដោយ តែ​លោក​នៅតែ​បន្ត​ការអាន​ជានិច្ច​។ ជា​គ្រូបង្រៀន​ភាសា​បារាំង​ក្រៅ​ម៉ោង លោក បួ បញ្ញា និយាយថា​៖ «​ខ្ញុំ​មាន​ផែនការ​ក្នុង​ការអាន​។ មួយអាទិត្យ ខ្ញុំ​អាន​មួយ​ក្បាល ទោះ​កូ​វីដ​ឬ​មិនមាន​កូ​វីដ​ក៏ដោយ គ្រាន់តែ​ថ្ងៃ​ខ្លះ​ឡើងដល់​១០​ថ្ងៃ ដោយសារ​មាន​ការងារ​បន្ទាន់​មក យើង​ពន្យា​ពេល​។ តាម​ការវាយតម្លៃ​រប​ស់​ខ្ញុំ ជាទូទៅ ខ្ញុំ​ធ្វើ​បានល្អ​ស្របតាម​ផែនការ ខ្ញុំ​ធ្វើបាន​ស្ទើរតែ​៩០​ភាគរយ​នៅក្នុង​ឆ្នាំ​២០២០​ហ្នឹង​»​។ 
​ទាក់ទង​នឹង​ចរន្ត​នៃ​ការអាន​សៀវភៅ​នេះដែរ លោក គឹម ចាន់ណា ជា​អ្នកនិពន្ធ និង​ជា​នាយក​បោះពុម្ពផ្សាយ​សៀវភៅ Mind Books បាន​សង្កេតឃើញថា កំណើន​នៃ​ការលក់​សៀវភៅ​នៅ​គ្រឹះស្ថាន​របស់លោក​មាន​កើនឡើង បើ​ទោះ​នៅតាម​បណ្ណាគារ​ហាក់ដូច​មិនមាន​មនុស្ស​ច្រើន ព្រោះ​ភ័យខ្លាច​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ អ្នកអាន​ជាច្រើន បែរមក​ក​ម្ម៉​ង់​តាម​អន​ឡាញ​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​តាមពិតទៅ អ្នក​ដែល​បម្រុង​អាន នៅតែ​អាន​អ៊ីចឹង​! ហើយ​អ្នក​ដែល​មិន​អាន យើង​ក៏​ពិបាក​ស្មាន​ដែរ​។ យ៉ាងហោច សម័យ​កូ​វីដ អ្នក​ដែល​ទំនេរ អាច​បង្កើន​ខ្លួនឯង​មានតែ​តាមរយៈ​ការអាន បើសិនជា​អ្នកអាន​តាំងពីដើម គេ​នឹងមាន​ពេល​អាន​កាន់តែច្រើន ព្រោះ​អី យើង​សង្កេតឃើញថា ការលក់​របស់​យើង​ក្នុងសម័យ​កូ​វីដ​មិន​ចុះថយ​នោះទេ គឺ​ចំនួន​សៀវភៅ​ដែល​យើង​លក់បាន មាន​ចំនួន​ច្រើន​ដូច​មុន​ចឹ​ង​។ ដូច្នេះ បានន័យថា សម័យ​កូ​វីដ​នេះ មនុស្ស​នៅតែ​អាន និង​កាន់តែ​អាន​ច្រើនជាង​ធម្មតា ព្រោះ​គេ​មាន​ពេលទំនេរ​ច្រើន​»​។ 
 
​លោក​បន្តថា​៖ «​ប្រទេស​យើង ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​មនុស្សម្នា​ក់ៗ មាន​ស្ថាន​ភាពលំបាក​ច្រើន ដូច្នេះ អ្នកអាន​ច្រើន​ផ្តោតលើ​សៀវភៅ​ដែល​អាច​អភិវឌ្ឍន៍​ខ្លួន សៀវភៅ​ថា ធ្វើ​ម៉េច​ឲ្យ​អាច​រកចំណូលបាន​។ សៀវភៅ​ប្រភេទ​ហ្នឹង មាន​សន្ទុះ​លក់​ច្រើនជាង​សៀវភៅ​ធម្មតា ច្រើនជាង​សៀវភៅ​បែប​ទស្សនវិជ្ជា ចិត្ត​វិទ្យា លក់​មិនបាន​ច្រើន​ដូច​សៀវភៅ​ស្តីពី​ការអភិវឌ្ឍន៍​ខ្លួន និង​សៀវភៅ​រក​ចំណូល​ផ្នែក​ហិរញ្ញវត្ថុ​នោះទេ​»​។ 
 
​ចំណែក លោក ហុក សុទ្ធិ ប្រធាន​អង្គការ​ស៊ី​ប៉ា ក៏​លើកឡើង​មិន​ខុសពី​លោក គឹម ចាន់ណា​នោះទេ​។ លោក ហុក សុទ្ធិ ដែល​ធ្វើ​ការងារ​លើ​ការអាន​នៅ​កម្ពុជា បាន​អះអាងថា លោក​សង្កេតឃើញ អំឡុងពេល​កូ​វីដ​១៩​នេះ ការអាន​សៀវភៅ​នៅ​កម្ពុជា​មានការ​កើនឡើង​។ 
 
​លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​សៀវភៅ​យើង ក្រៅពី​ចែកចាយ​ទៅគ្រប់​បណ្ណាល័យ​ជាង​៤០០​កន្លែង យើង​ដាក់លក់​ដល់ដៃ​គូ​អង្គការ​មួយចំនួន​។ យើង​ដាក់លក់​នៅ​បណ្ណាគារ​ធំៗ​ស្ទើរតែ​ទាំងអស់​នៅ​ភ្នំពេញ ឯ​នៅ​បាត់ដំបង និង​សៀមរាប​មាន​ខ្លះ​ដែរ​។ ហើយ​រយៈពេល​កូ​វីដ​ហ្នឹង មាន​អង្គការ​ដៃគូ​យើង​គាត់​បញ្ជា​ទិញ​មក​ច្រើន​ដែរ សម្រាប់​បម្រើ​លើ​កម្មវិធី​របស់គាត់​។ ខ្ញុំ​និយាយ​នេះ ខ្ញុំ​និយាយ​ពី​ការ Order តាមរយៈ​អង្គការ​ផ្សេងៗ​ដែល​ធ្វើការ​ក្នុង​វិស័យ​ការអប់រំ​ជាមួយ​ក្រសួង​អប់រំ​ដែល​ជួយ​ដល់​កុមារ​ជាពិសេស​។ ចំណែក ការទិញ​ពី​ប្រជាជន​ទូទៅ មិនសូវមាន​ទៅវិញ ដោយសារ​គាត់​មិនសូវ​ដើរ គាត់​មិនសូវ​ហ៊ាន​ចេញពីផ្ទះ​។ ស៊ី​ប៉ា​មិន​លក់​តាម​អន​ឡាញ​ទេ តែមាន​ដៃគូ​មួយចំនួន ដែល​ផ្សាយ​សៀវភៅ​ស៊ី​ប៉ា​តាម​អន​ឡាញ គាត់​order ពី​យើង​បន្ត​ហ្នឹង​ច្រើនជាង​ពីមុន​»​។ 
 
​អំឡុងពេល​កូ​វីដ​១៩​នេះ ទាំង​លោក ហុក សុទ្ធិ និង លោក គឹម ចាន់ណា បានស្នើ​ឲ្យ សិ​ស្សា​នុ សិស្ស និង​សាធារណជន ចំណាយ​ពេលវេលា​ទំនេរ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ព្រោះ​ការអាន​សៀវភៅ ក្រៅពី​ទទួលបាន​ចំណេះដឹង វា​ជា​ផ្នែក​មួយ​ជួយ​មនុស្ស​ឲ្យ​បំបាត់​ការ​ធុញថប់ ជំនួយ​ខួរក្បាល និង​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ទៀតផង​៕









Tag:
 អាន​សៀវភៅ​
 ​ កូ​វីដ​១៩
© រក្សាសិទ្ធិដោយ thmeythmey.com