លោក ត្រាំ ដកសិទ្ធិ​ពិសេស​មួយចំនួន​ពី​ហុងកុង និង​ហាម​និស្សិត​ចិន​មាន​ទំនាក់ទំនង​ជាមួយ​យោធា ចូល​អាមេរិក​
COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ដកសិទ្ធិ​ពិសេស​មួយចំនួន​ពី​ហុងកុង និង​ហាម​និស្សិត​ចិន​មាន​ទំនាក់ទំនង​ជាមួយ​យោធា ចូល​អាមេរិក​
30, May 2020 , 8:59 pm        
រូបភាព
សហរដ្ឋអាមេរិក បាន​ចាត់វិធានការ​តប​នឹង​ការសម្រេចចិត្ត​របស់​ចិន​ដែល​ចង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​សម្រាប់​អនុវត្ត​នៅ​ទីក្រុង​ហុងកុង​។ នៅ​ថ្ងៃទី​២៩ ខែឧសភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា ទីក្រុង​ហុងកុង នឹង​មិនអាច​ទទួលបាន​សិទ្ធិ​អនុគ្រោះ​ពិសេស​មួយចំនួន​ក្នុងការ​រកស៊ី​ជាមួយ​អាមេរិក​ដូច​មុន​ទៀតឡើយ​។ លើសពីនោះ លោក ត្រាំ បញ្ជា​ឲ្យ​ហាមឃាត់​និស្សិត​ដែល​អាច​បង្ក​ការគំរាមកំហែង ចូល​អាមេរិក​ផងដែរ​។​

 
​ពី​សន្និសីទ​សារព័ត៌​មាម​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​២៩ ខែឧសភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ទីក្រុង​ប៉េកាំង​ចំៗ​ចំពោះ​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​។ សម្រាប់​លោក ត្រាំ សេចក្ដីស្នើច្បាប់​នេះ បាន​បំបាក់​មុខមាត់​ទីក្រុង​ហុងកុង និង​ឋានៈ​ពិសេស​ដែល​គួរ​ឲ្យ​មាន​មោទកភាព​។ យ៉ាងណាមិញ លោក ត្រាំ មិនបាន​រិះគន់​ដោយ​ចំពោះ​លើ​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​លោក​ចាត់ទុកជា​មិត្ត​ឡើយ​។​
 
​ជាការ​ឆ្លើយតប​នឹង​គម្រោង​របស់​ចិន លោក ត្រាំ បាន​បញ្ជា​ឲ្យ​រដ្ឋបាល​របស់លោក​ចាប់ផ្ដើម​ដំណើរការ​លុបចោល​គោលនយោបាយ​ដែល​ផ្ដល់​ឲ្យ​ហុងកុង​សិទ្ធិ និង​ឋានៈ​ពិសេស ដែល​អាមេរិក​មិនមាន​ជាមួយ​ចិន​ឡើយ​។ ប៉ុន្តែ ការអនុគ្រោះ​ខ្លះ​នឹង​ត្រូវបាន​លើកលែង​។ កាលពី​សប្ដាហ​ហ៍​មុន រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ប្រាប់​សភា​អាមេរិក ហុងកុង​ប្រែប្រួល​ហើយ ហើយ​ស្ថានភាព​បច្ចុប្បន្ន មិន​សមស្រប​នឹង​ការបន្ត​ផ្ដល់​ឲ្យ​សិទ្ធិ​ពិសេស​ទៀតឡើយ​។ 
 
«​វា​នឹង​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ជាច្រើន​ចាប់តាំងពី​សន្ធិសញ្ញា​បត្យាប័ន​រហូតដល់​ស​និ្ធ​សញ្ញា​គ្រប់គ្រង​ការនាំចេញ​បច្ចេកវិទ្យា​ប្រើ​ពីរ​គោលដៅ និង​កិច្ចព្រមព្រៀង​ច្រើន​ទៀត ដោយមាន​ការលើកលែង​តិចតួច​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ។​
 
​មិនមែន​តែ​ហុងកុង លោក ត្រាំ ក៏​ប្រកាស​វិធានការ​ច្រើន​ទៀត​សំដៅ​សិស្ស​ចិន​ផងដែរ​។ ជា​ចំណាត់​ការដែល​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ លោក​បាន​បញ្ជា​ឲ្យ​ហាមឃាត់​និស្សិត​ដែល​ចង់​បន្ត​ការសិក្សា ចូល​ទឹកដី​អាមេរិក​។ មិនមែន​សិស្ស​ចិន​ទាំងអស់​ត្រូវ​ហាម​ឡើយ គឺ​រាប់បញ្ចូល​តែ​និស្សិត​ថ្នាក់​បញ្ចប់​ការសិក្សា​ដែលមាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​ប៉ុណ្ណោះ​។ អាមេរិក​បារម្ភ​ថា និស្សិត​ទាំងនោះ អាច​ក្លាយជា​ឧបករណ៍​ប្រមូល​ព័ត៌មាន​សម្ងាត់​ឲ្យ​កងទ័ព​។​
 
​បើតាម​លោក ត្រាំ រដ្ឋាភិបាល​ចិន​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ហើយ​ក្នុងការ​លួច​ព័ត៌មាន​ពី​អាមេរិក ពិសេស​ការសម្ងាត់​ទាក់ទង​វិ​ស័​ហ​ឧស្សាហកម្ម តាម​មរយៈ​ជនជាតិ​ខ្លួន​។ យ៉ាងណាមិញ បណ្ដា​សាកលវិទ្យាល័យ​អាមេរិក នឹងមិន​គាំទ្រ​វិធានការ​នេះឡើយ ព្រោះ​ធ្វើ​ឲ្យ​បាត់​ប្រភព​ចំណូល​ដ៏​ធំ ចំពេល​ជំងឺ COVID-19 រាលដាល​ផង​នោះ​។ មួយ​ទសវត្សរ៍​ចុងក្រោយ សិស្ស​ចិន​១០​ម៉ឺន​នាក់ រៀន​នៅ​អាមេរិក​៕
 
 
 
 

Tag:
 អាមេរិក​
  ចិន​
  ហុងកុង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម