CDC ព្រមឱ្យ​ក្រុមហ៊ុន​២​បង្កើត​កសិដ្ឋាន​ដាំដូង​ប្រេង កៅស៊ូ ល្ហុង និង​រោងចក្រ​កែច្នៃ​ផ្លែឈើ ដើម្បី​នាំចេញ​
ជាតិ
សេដ្ឋកិច្ច
CDC ព្រមឱ្យ​ក្រុមហ៊ុន​២​បង្កើត​កសិដ្ឋាន​ដាំដូង​ប្រេង កៅស៊ូ ល្ហុង និង​រោងចក្រ​កែច្នៃ​ផ្លែឈើ ដើម្បី​នាំចេញ​
31, May 2020 , 10:00 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​ពីរ ដែលមាន​ទុន​វិយោគ​សរុប ២៧,២​លាន​ដុល្លារ បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ឧស្សាហកម្ម និង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដើម្បី​នាំចេញ​ទៅ​បរទេស​។ CDC បាន​អះអាងថា ក្រុមហ៊ុន​ទាំងពីរ​នេះ​ដែល​ធ្វើ​ការងារ​លើ​វិស័យ​កសិកម្ម នឹង​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​រហូត​ជាង​៣,២០០​កន្លែង​។

 
​បើតាម​ការចុះផ្សាយ​រប​ស់​CDC​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រុមហ៊ុន​ទាំងពីរ​នោះ ឈ្មោះ VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD ដែល​គ្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដូងប្រេង កៅស៊ូ និង​ល្ហុង​ប្រេង​) ក្នុង​ទំហំ​វិនិយោគ ២១, ៧​លាន​ដុល្លារ​អាមេរិក​។  CDC បាន​បញ្ជាក់ថា គម្រោង​វិនិយោគ​ដាំ​ដំណាំ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​នេះ គឺ​ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដី​ដោយ​ចីរភាព​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​«​បូកគោ​» ក្នុងស្រុក​ជុំ​គី​រី និង​ស្រុក​ទឹកឈូ ខេត្តកំពត​។ 
 
​រីឯ ក្រុមហ៊ុន​មួយទៀត​ដែល​វិនិយោគ​ប្រមាណ​៥,៥​លាន​ដុល្លារ លើ​ការបង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​នោះ ឈ្មោះ CAM M J AGRICULTURAL CO., LTD​។ គម្រោង​វិនិយោគ​នេះ​មាន​ទីតាំងនៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​
 
​កាល​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ជិត​៣០​ម៉ឺន​តោន​។ ដោយឡែក​ក្នុង​រយៈពេល​៤​ខែ​នៃ​ដើមឆ្នាំ​២០២០​នេះ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ បាន​ជាង​៧​ម៉ឺន​តោន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប​៤០៥,៩១៦​ហិកតា ក្នុងនោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន​២៥០,៤៣៤​ហិកតា ស្មើនឹង​៦២​ភាគរយ​៕ 
 
 



Tag:
 កសិកម្ម​
  រោងចក្រ​
  កំពង់ស្ពឺ​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com