COVID-19
អន្តរជាតិ
ថៃ អនុម័ត​កញ្ចប់​ថវិកា​ជិត ៦០​ពាន់​លាន​ដុល្លារ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ពី COVID-19
01, Jun 2020 , 10:04 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​សភា​ថៃ នា​ថ្ងៃទី​៣១ ខែឧសភា បានអនុម័ត​កញ្ចប់​ថ​វិកា​ដ៏​ច្រើន​សម្បើម ដើម្បី​គាំទ្រ​សេដ្ឋកិច្ច ដែល​រងគ្រោះ​ដោយសារតែ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ កញ្ចប់​ថវិកា ដែល​អមដោយ​អនុក្រឹត្យ​ចំនួន​បី​នេះ មាន​ចំនួន​ទឹកប្រាក់​ជិត ៦០​ពាន់​លាន​ដុល្លារ​។



​ជា​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ថៃ​ត្រូវបាន​អ្នកជំនាញ​ប៉ាន់ប្រមាណ​ថា នឹង​បាត់បង់​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​៦ ទៅ​៧​ភាគរយ នៅក្នុង​ឆ្នាំ​២០២០​។

ទាក់ទិន​បញ្ហា​នេះ រដ្ឋសភា​ថៃ បានសម្រេច​អនុម័ត​ថវិកា ៥៩,៧​ពាន់​លាន​ដុល្លារ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ចជាតិ ដែល​រងគ្រោះ ដោយសារតែ​កូ​រ៉ូ​ណាវី​រុស និង​ការបិទ​ប្រទេស​។ ការអនុម័ត​នេះ នឹង​បើកផ្លូវ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ ខ្ចីលុយ​ពី​បរទេស​ដើម្បី​មក​ទ្រទ្រង់​កញ្ចប់​ថវិកា​មួយ​នេះ​។​

 
​ក្នុង​កញ្ចប់​ថវិកា​គាំទ្រ​សេដ្ឋកិច្ច​នេះ ថៃ​នឹង​ប្រើប្រាស់​ថវិកា​ជាង ៣១​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​សេដ្ឋកិច្ច និង​ការស្តារ​សង្គម​ឡើងវិញ បន្ទាប់ពី​ការវាយប្រហារ​របស់ COVID-19​។ ចំណែក​កញ្ចប់​ថវិកា​ជាង ១៥​ពាន់​លាន​ដុល្លារ នឹង​ជួយសង្គ្រោះ​សហគ្រាស​ខ្នាតតូច និង​មធ្យម និង​ទឹកប្រាក់​ប្រមាណ ១២​ពាន់​លាន​ដុល្លារ​ទៀត នឹង​ប្រើ​ដើម្បី​ទ្រទ្រង់​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ថៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កា​សែង​បាំង​កក​ប៉ុស្តិ៍​។ 
 
​ពាក់ព័ន្ធ​នឹង​ការអនុម័ត​កញ្ចប់​ថវិកា​ដ៏​ធំ​សម្បើម​នេះ បក្សប្រឆាំង​ថៃ បាន​រិះគន់ថា ខ្វះ​តម្លាភាព​ក្នុងការ​បែក​ចែក​ថវិកា​។ លោក Pijan Chaopattanapong សមាជិក​សភាព​មកពី​បក្ស​ឈានមុខ និយាយថា កញ្ចប់​ថវិការ​ដ៏​ច្រើន​សម្បើម​បែបនេះ នឹង​នាំ​ឲ្យ​មាន​អំពើពុករលួយ ហើយ​អាច​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​មួយក្រុម​តូច ជាជាង​ប្រជាជន​ថៃ​ជាច្រើន​នាក់​។​
 
​ជាការ​ឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ទាត់​ចោលការ​រិះគន់ថា កញ្ចប់​ថវិកា​ខ្វះ​តម្លាភាព​។ បើតាម​លោក​ប្រា​យុទ្ធ កញ្ចប់​ថវិកា ដែល​ប្រើប្រាស់​សម្រាប់​ស្តារ​សេដ្ឋកិច្ច​នេះ គឺ​បើកចំហរ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​សាធារណៈ ហើយ​ទីភ្នាក់ងារ​ជាច្រើន​ក៏​អាច​ស៊ើបអង្កេត​ពី​បញ្ហា​ពុករលួយ​ទាក់ទង​នឹង​កញ្ចប់​ថវិកា​នេះដែរ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃនេះ ថៃ​មាន​ករណី COVID-19 សរុប​ចំនួន ៣០៨១​ករណី អ្នកស្លាប់​ចំនួន ៥៧​នាក់ និង​អ្នកជា​សះស្បើយ ២៩៦៣​នាក់​។ ដោយ​បារម្ភ​ពី​រលក​ឆ្លង​ទី​២ នៃ​COVID-19 ថៃ​បាន​ពន្យារពេល​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រហូតដល់​ចុងខែ​មិថុនា​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ថៃ ក៏បាន​បន្ធូរបន្ថយ​ស​កម្ម​ភាព​មួយចំនួន​ផងដែរ ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​របស់ខ្លួន​៕ 

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com