ជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការចិញ្ចឹមកូននាងស្រាវយកសូត្រនៅកម្ពុជា មានភាពទំនើបទាន់សម័យ រូបភាពពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ដើម្បីធ្វើឲ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា រដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្ត្រសូត្រជាតិ ២០១៦-២០២០។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្តថា យុទ្ធសាស្ត្រសូត្រជាតិនេះ នឹងធ្វើឲ្យការចិញ្ចឹមកូននាងស្រាវយកសូត្រមានភាពទំនើបទាន់សម័យ និងប្រកបដោយចីរភាព។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិ លើកឡើងបែបនេះ នាពិធីចុះអនុស្សរណៈរវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងក្រុមហ៊ុនឯកជន ស្តីពីការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ឧសភា។
បើតាមលោក ប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃសូត្រ ដើម្បីដោះស្រាយកង្វល់ និងពង្រីកវិស័យសូត្រ សម្រាប់សេដ្ឋកិច្ចជាតិ ដោយផ្អែកលើតម្រូវការផលិតផលសូត្រក្នុង និងក្រៅស្រុក។
ទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម បន្តថា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ជាចំណុចចាប់ផ្ដើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈលើអាជីវកម្មសូត្រឈានមុខ ក្នុងការបង្កើតកសិកម្មតាមកិច្ចសន្យា ដើម្បីផលិតសូត្រឆៅ។
ក្នុងពិធីចុះអនុស្សរណៈនោះ លោករដ្ឋមន្ត្រី បានជំរុញដល់ភាគីហត្ថលេខីទាំងពីរ សហការគ្នារួមចំណែកអភិវឌ្ឍវិស័យសូត្រខ្មែរឲ្យកាន់តែរីកចម្រើន ដែលជួយបង្កើតការងារ កាត់បន្ថយការចំណាកស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករក្រុមផលិតសូត្រ។ លោកក៏បានសំណូមពរដល់ក្រុមហ៊ុន ដែលវិនិយោគលើវិស័យសូត្រខ្មែរទាំងអស់ ផ្តោតការយកចិត្តទុកដាក់លើគុណភាពផលិតផល ដែលមានតួនាទីសំខាន់សម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររយៈពេលវែង៕
© រក្សាសិទ្ធិដោយ thmeythmey.com