ជាតិ
សង្គមជាតិ
ទោះ​រឹតបន្តឹង​ខ្លាំង​និង​ពិន័យ​ធ្ងន់ធ្ងរ តែ​អត្រា​អ្នក​មិន​ពាក់មួក​សុវត្ថិភាព នៅតែមាន​ច្រើន​
01, Jun 2020 , 9:39 pm        
រូបភាព
ទិដ្ឋភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក
ទិដ្ឋភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​ រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក
ដោយ:
ភ្នំពេញ​៖ ការ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​ចំនួន​អ្នកស្លាប់​និង​អ្នករបួស បាន​ថយចុះ​។ តែ តួលេខ បង្ហាញថា អ្នកបើក​ម៉ូតូ ដែល​ត្រូវ​សមត្ថកិច្ច ចាប់​ផាកពិន័យ ភាគច្រើន​គឺ​មិន​ពាក់មួក​សុវត្ថិភាព ហើយ​ជនរងគ្រោះ ក្នុង​គ្រោះថ្នាក់​ចរណ៍ ភាគច្រើន​ក៏​មិន​ពាក់មួក​សុវត្ថិភាព​ដែរ​។ 

 
​ក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ក្នុង​ក្រប់ខណ្ឌ​ទូទាំងប្រទេស បាន​ថ្លែង​ដូច្នេះ​ថា​៖«​បញ្ហា​គួរ​ឲ្យ​បារម្ភ គឺ​អ្នក​ដែល​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​មាន​គ្រោះថ្នាក់​។ ហើយ​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ដែល​រងគ្រោះ​នោះ គឺមាន​ច្រើន​...»​។​
 
​ម្យ៉ាងទៀត លោក អះអាងថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅពេល​យប់ នៅតែមាន​ច្រើនជាង​ពេល​ថ្ងៃ​។ លោក បន្តថា ក្នុង​ខែឧសភា​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​យប់ មាន​៥២​ភាគរយ​។​
 
​រយៈពេល​១​ខែ នៃ​ខែឧសភា ឆ្នាំ​២០២០ ក្នុងការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​២១៨​ករណី ថយចុះ​១៣០​ករណី អ្នកស្លាប់​១១៣​នាក់ ថយចុះ​៤២​នាក់ និង អ្នករបួស​៣៤២​នាក់ ថយចុះ​១៦២​នាក់  បើ​ប្រៀបធៀប​ទៅនឹង​ខែឧសភា​ឆ្នាំ​២០១៩ ដែល​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ៣៤៨​ករណី អ្នកស្លាប់​១៥៥​នាក់ និង អ្នករបួស​៥០៤​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១ ខែមិថុនា​។ 
 
​របាយការណ៍ បង្ហាញ​ទៀតថា បើ​ប្រៀបធៀប​នឹង​ខែមេសា ឆ្នាំ​២០២០ ដែល​មិនទាន់​រឹតបន្តឹង​ច្បាប់​ចរាចរណ៍  គ្រោះថ្នាក់​ចរាចរណ៍ ក៏មាន​ការថយចុះ​ដែរ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែមេសា មាន​២៦៨​ករណី  អ្នក​ស្លាប់មាន ១២៧​នាក់ និង អ្នករងរបួស​៣៦៨​នាក់​។  
 
​បើតាម​របាយការណ៍​ដ​ដែល ក្នុង​ខែឧសភា សមត្ថកិច្ច ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង​៤,៤​ម៉ឺន​ករណី ដោយ​ក្នុងនោះ មាន​ទោចក្រយានយន្ត និង​ត្រីចក្រយានយន្ត​ជាង​៣,២​ម៉ឺន​ករណី ស្មើនឹង​៧៣​ភាគរយ និង​រថយន្ត​គ្រប់​ប្រភេទ​ជាង​១,២​ម៉ឺន​ករណី ស្មើនឹង​២៧​ភាគរយ​។​
 
 
​អ្នកបើកបរ​ទោចក្រយានយន្ត​និង​ត្រីចក្រយានយន្ត​ជាង​៣,២​ម៉ឺន​ករណី ដែល​ត្រូវ​ពិន័យ គឺ​មិន​ពាក់មួក​សុវត្ថិភាព «៧៩​ភាគរយ​» ល្មើស​សញ្ញា​ចរាចរណ៍​១០​ភាគរយ គ្មាន​ផ្លាកលេខ​៨​ភាគរយ បើកបរ​ក្នុងស្ថានភាព​ស្រវឹង​១​ភាគរយ ដឹក​លើស​ចំណុះ​១​ភាគរយ និង ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​១​ភាគរយ ។​ល​។ ចំណែក អ្នកបើកបរ​យានយន្ត​ជាង​១,២​ម៉ឺន​ករណី ដែល​ត្រូវ​ពិន័យ គឺ​មិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​៤៣​ភាគរយ បើក​លើស​ល្បឿន​២៩​ភាគរយ ល្មើស​សញ្ញា​ចរាចរណ៍​៩​ភាគរយ ប្រើ​ទូរស័ព្ទ​ពេល​បើកបរ​៩​ភាគរយ ដឹក​លើស​ចំណុះ​៤​ភាគរយ គ្មាន​បណ្ណ​បើកបរ​៣​ភាគរយ គ្មាន​ផ្លាកលេខ​១​ភាគរយ និង បើកបរ​ក្នុងស្ថានភាព​ស្រវឹង​១​ភាគរយ​។​ល​។​
 
​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក កត់សម្គាល់ថា គ្រោះថ្នាក់​ចរាចរណ៍ ថយចុះ គឺ​ដោយសារតែ​ពលរដ្ឋ​ច្រើន​លើសលប់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ដោយមាន​ការយោគយល់​គ្នា​ទៅវិញទៅមក​។​
 
​ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ស្វាគមន៍​នូវ​មតិ​រិះគន់ និង​ទទួលយក​សំណូមពរ ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត ទាក់ទង​នឹង​ការអនុវត្ត​និង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​។ ចំពោះ​កំហុសឆ្គង ដែល​សមត្ថកិច្ច​ប្រ​ព្រឹ​តិ្ត​មិនបាន​ល្អប្រសើរ​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការងារ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អះអាងថា បាន​ណែនាំ​ហើយ​។ សម្រាប់​ជន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត​នៃ​ចំណាត់ការ​រ​បស់​សមត្ថកិច្ច គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​ដោះស្រាយ​រួច​ផងដែរ​។  
 
​ដើម្បី​ឲ្យ​ចលនា​នៃ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ បន្តទៅ​មុខ​ដោយ​ប្រសិទ្ធភាព គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ស្នើ​ឲ្យ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​រាជធានី ខេត្ត បន្ត​ការ​រឹតបន្តឹង និង​ផ្សព្វផ្សាយ​អប់រំ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​ប្រកាន់​ភ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ និង​មាន​ក្រុម​សីលធម៌​វិជ្ជាជីវៈ​បន្តទៀត និង​ស្នើ​ឲ្យ​ពលរដ្ឋ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក អះអាងថា អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​អ្នកជិះ​ម៉ូតូ​នៅតែ​បន្ត​កើតមាន​ទៀត​៕
 
 

Tag:
 ច្បាប់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com